គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 7:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ យេរូ-បាល គឺ​ជា​គេឌាន និង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ​ទ័ព​នៅ​ជិត​ក្បាល​ទឹក​ហារ៉ុឌ ឯ​ពួក​ម៉ាឌាន​បាន​បោះ​ទ័ព​នៅ​ពី​ខាង​ជើង​គេ ជិត​ភ្នំ​ម៉ូរេ​ត្រង់​វាល​ច្រក​ភ្នំ​នោះ

2. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ថា ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​ឯង មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក ក្នុង​កណ្តាប់​ដៃ​គេ មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រា‌អែល​អួត​ខ្លួន ទាស់​នឹង​អញ​វិញ ដោយ​ថា អញ​បាន​ជួយ​សង្គ្រោះ​ខ្លួន​អញ​ទេ

3. ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ដល់​ត្រចៀក​បណ្តា‌ជន​ថា អ្នក​ណា​ដែល​មាន​សេចក្ដី​ភ័យ​ញ័រ ចូរ​ឲ្យ​អ្នក​នោះ​វិល​ពី​ភ្នំ​កាឡាត​ត្រឡប់​ទៅ​វិញ​ចុះ នោះ​មាន​មនុស្ស​ចំនួន​២​ម៉ឺន​២​ពាន់​នាក់​បាន​ត្រឡប់​វិល​ទៅ​វិញ នៅ​សល់​តែ​១​ម៉ឺន​នាក់​ប៉ុណ្ណោះ

4. រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ទៀត​ថា បណ្តា​មនុស្ស​នៅ​តែ​ច្រើន​ពេក​នៅ​ឡើយ ដូច្នេះ ចូរ​នាំ​គេ​ចុះ​ទៅ​ឯ​ទឹក​ទៅ អញ​នឹង​ល្បង​ល​គេ​ឲ្យ​ឯង អ្នក​ណា​ខ្លះ​ដែល​អញ​ប្រាប់​ឯង​ថា នេះ​ត្រូវ​ទៅ​ជា​មួយ​នឹង​ឯង គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទៅ ឯ​អ្នក​ណា​ដែល​អញ​ប្រាប់​ឯង​ថា នេះ​មិន​ត្រូវ​ទៅ​ជា​មួយ​ទេ អ្នក​នោះ​ឯង​ត្រូវ​នៅ​វិញ

5. ដូច្នេះ លោក​ក៏​នាំ​គេ​ចុះ​ទៅ​ឯ​ទឹក រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា បណ្តា​អស់​អ្នក​ណា​ដែល​លិទ្ធ​ទឹក​នឹង​អណ្តាត​ដូច​ជា​ឆ្កែ នោះ​ត្រូវ​ដាក់​ទុក​នៅ​ដោយ​ខ្លួន ហើយ​អស់​អ្នក​ណា​ដែល​លុត​ជង្គង់​ផឹក​ទឹក នោះ​ក៏​ត្រូវ​ដាក់​ដោយ​ខ្លួន​ដែរ

6. ឯ​ពួក​មនុស្ស​ដែល​លិទ្ធ​ទឹក​ដោយ​ក្បង់​នឹង​ដៃ នោះ​មាន​ចំនួន​ជា​៣០០​នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​អ្នក​លុត​ជង្គង់​ផឹក​ទាំង​អស់

7. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​គេឌាន​ថា អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយ‌សារ​មនុស្ស​៣០០​នាក់ ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត នោះ​ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​គេ​វិញ​ទៅ

8. ដូច្នេះ គេឌាន​ក៏​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន បាន​ទុក​នៅ​តែ​ពួក​៣០០​នាក់​នោះ​ប៉ុណ្ណោះ ពួក​នោះ​គេ​ក៏​យក​ស្បៀង​អាហារ​នឹង​ត្រែ​របស់​គេ​ទៅ ឯ​ពួក​ម៉ាឌាន​គេ​បាន​បោះ​ទ័ព នៅ​កន្លែង​ខាង​ក្រោម​លោក ក្នុង​វាល​ច្រក​ភ្នំ។

9. នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​គេ​ទៅ ដ្បិត​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ

10. តែ​បើ​ឯង​ខ្លាច​នឹង​ទៅ នោះ​ឲ្យ​នាំ​ពូរ៉ា ជា​អ្នក​បំរើ​របស់​ឯង ចុះ​ទៅ​ជា​មួយ​ផង​ចុះ

11. ឯង​នឹង​បាន​ឮ​សេចក្ដី​ដែល​គេ​ថា ហើយ​លំដាប់​នោះ​ឯង​នឹង​មាន​កំឡាំង​ដៃ​ខ្លាំង​ឡើង អាច​ចុះ​ទៅ​ទាស់​នឹង​គេ​បាន ដូច្នេះ​លោក និង​ពូរ៉ា ជា​អ្នក​បំរើ ក៏​ចុះ​ទៅ​ដល់​ជិត​កន្លែង​ក្រៅ​បំផុត​នៃ​ពួក​ពល​ដែល​បោះ​ទ័ព​នៅ

12. រីឯ​ពួក​ម៉ាឌាន និង​ពួក​អាម៉ា‌លេក ហើយ​នឹង​ពួក​មនុស្ស​ពី​ស្រុក​ខាង​កើត គេ​នៅ​រាយ​ដេរ‌ដាស​ក្នុង​វាល​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ណាស់​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ជា​ពន្លឹក​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ

13. កាល​គេឌាន​មក​ដល់​ហើយ នោះ​មាន​មនុស្ស​ម្នាក់​កំពុង​តែ​និយាយ​សប្តិ​ប្រាប់​ដល់​គូ‌កន​ខ្លួន​ថា មើល​អញ​យល់​សប្តិ​ឃើញ មាន​នំបុ័ង​ម្សៅ​ឱក​១​ដុំ រមៀល​ចុះ​មក​ក្នុង​ទី​បោះ​ទ័ព នៃ​ពួក​ម៉ាឌាន​យើង​នេះ ក៏​មក​ទង្គិច​នឹង​ត្រសាល​ធ្វើ​ឲ្យ​រលំ​ផ្ងារ​ឡើង​រាប​ទៅ​នឹង​ដី

14. គូ‌កន​គេ​ក៏​ឆ្លើយ​ឡើង​ថា នោះ​មិន​គឺ​ជា​អ្វី​ទេ គឺ​ជា​ដាវ​របស់​គេឌាន​ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​យើង​ទាំង​អស់ ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ។

15. នោះ​ក៏​កើត​ដូច្នោះ​មែន កាល​គេឌាន​បាន​ឮ​រឿង​នៃ​សប្តិ​នោះ និង​សេចក្ដី​សំរាយ​ដូច្នេះ នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​ត្រឡប់​មក​ឯ​ទី​បោះ​ទ័ព​ខាង​ពួក​អ៊ីស្រា‌អែល​ប្រាប់​ថា ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ

16. លោក​ក៏​ចែក​ពួក​៣០០​នាក់​ចេញ​ជា​៣​ពួក ប្រគល់​ត្រែ​ឲ្យ​កាន់​គ្រប់ៗ​គ្នា ព្រម​ទាំង​ក្អម មាន​ចន្លុះ​នៅ​ខាង​ក្នុង​ផង

សូមអានជំពូកពេញលេញ ចៅហ្វាយ 7