គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 6:28-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. កាល​ពួក​មនុស្ស​នៅ​ទី​ក្រុង បាន​ក្រោក​ឡើង​ពី​ព្រលឹម ឃើញ​អាសនា​នៃ​ព្រះ​បាល​បាន​រលំ​ហើយ ឯ​អ្នក‌តា​ក៏​បាន​កាប់​ចោល​ផង ហើយ​គោ​ទី​២​បាន​ថ្វាយ​នៅ​លើ​អាសនា​ដែល​បាន​ស្អាង​ឡើង

29. នោះ​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​អ្នក​ណា​បាន​ធ្វើ​នេះ គេ​ក៏​ស៊ើប​សួរ​រក រួច​មាន​គេ​ប្រាប់​ថា គឺ​គេឌាន ជា​កូន​យ៉ូអាស បាន​ធ្វើ​ការ​នោះ

30. ដូច្នេះ​ពួក​មនុស្ស​នៅ​ទី​ក្រុង គេ​ប្រាប់​ទៅ​យ៉ូអាស​ថា ចូរ​នាំ​កូន​អ្នក​ចេញ​មក​ឲ្យ​វា​ស្លាប់​ទៅ ដ្បិត​វា​បាន​រំលំ​អាសនា​នៃ​ព្រះ‌បាល ហើយ​កាប់​បំផ្លាញ​រូប​អ្នក‌តា​ដែល​នៅ​ក្បែរ​ទី​នោះ​ផង

31. យ៉ូអាស​ក៏​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​មក​ទាស់​នឹង​គាត់​ថា តើ​អ្នក​រាល់​គ្នា​ចង់​តវ៉ា​ជំនួស ហើយ​គិត​ជួយ​សង្គ្រោះ​ព្រះ‌បាល​ឬ​អី ឯ​អ្នក​ណា​ដែល​ចង់​តវ៉ា​ជំនួស​ព្រះ‌បាល ឲ្យ​អ្នក​នោះ​ត្រូវ​ស្លាប់​វិញ​ឥឡូវ មុន​ដែល​ថ្ងៃ​រះ​ផង បើ​នេះ​ជា​ព្រះ​ពិត នោះ​ចូរ​ឲ្យ​វា​តវ៉ា​ដោយ​ខ្លួន​វា​ចុះ ដោយ​ព្រោះ​គេ​បាន​រំលំ​អាសនា​ហើយ

32. ហេតុ​នោះ​បាន​ជា​នៅ​ថ្ងៃ​នោះ​ឯង គេ​ហៅ​គេឌាន​ថា យេរូ-បាល ដោយ​ព្រោះ​ពាក្យ​ដែល​ថា ចូរ​ឲ្យ​ព្រះ‌បាល​តវ៉ា​ដោយ​ខ្លួន​ឯង​ចុះ គឺ​ពី​ព្រោះ​បាន​រំលំ​អាសនា​គេ​ហើយ។

33. គ្រា​នោះ​ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន និង​ពួក​អាម៉ា‌លេក ព្រម​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ក៏​មូល​គ្នា​ឆ្លង​ទន្លេ មក​បោះ​ទ័ព​នៅ​ត្រង់​វាល​ច្រក​ភ្នំ​យេស‌រាល

34. នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​យាង​មក​សណ្ឋិត​លើ​គេឌាន លោក​ក៏​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​អ័បៀ‌ស៊ើរ​ក៏​មូល​គ្នា​មក​តាម​លោក

35. រួច​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ម៉ាន៉ាសេ គេ​ក៏​មូល​គ្នា​មក​តាម​លោក​ដែរ រួច​គាត់​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ពួក​អេស៊ើរ ពួក​សាប់‌យូល៉ូន និង​ពួក​ណែប‌ថាលី​ទៀត គេ​ក៏​មូល​មក​ឯ​លោក​ទាំង​អស់​គ្នា។

36. ស្រេច​ហើយ គេឌាន​ទូល​ដល់​ព្រះ​ថា បើ​សិន​ជា​ព្រះ‌អង្គ ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រា‌អែល ដោយ‌សារ​ដៃ​របស់​ទូល‌បង្គំ​ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ

37. នោះ​មើល ទូល‌បង្គំ​ដាក់​រោម​ចៀម​នេះ​នៅ​ទី​លាន​ស្រូវ ដូច្នេះ បើ​ឃើញ​សន្សើម​មាន​នៅ​តែ​នឹង​រោម​ចៀម​ប៉ុណ្ណោះ ហើយ​ដី​ទាំង​អស់​ស្ងួត​វិញ នោះ​ទូល‌បង្គំ​នឹង​ដឹង​ថា ទ្រង់​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រា‌អែល​ដោយ‌សារ​ដៃ​ទូល‌បង្គំ​ពិត​មែន ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ

38. នោះ​ក៏​កើត​មាន​ដូច្នោះ លុះ​ថ្ងៃ​ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម​ទៅ​ច្របាច់​ពូត​រោម​ចៀម​នោះ បាន​ទឹក​សន្សើម​ពេញ​១​ចាន

39. រួច​គេឌាន​ទូល​ទៅ​ព្រះ​ថា សូម​ទ្រង់​កុំ​ខ្ញាល់​នឹង​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​នឹង​ទូល​តែ​ម្តង​ណេះ​ទេ គឺ​សូម​ឲ្យ​ទូល‌បង្គំ​សាក​ដោយ​រោម​ចៀម​នេះ​ម្តង​ទៀត សូម​ឲ្យ​តែ​រោម​ចៀម​នេះ​បាន​ស្ងួត​ទៅ ហើយ​ឲ្យ​ដី​មាន​ទឹក​សន្សើម​វិញ

40. ព្រះ​ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​យប់​នោះ គឺ​រោម​ចៀម​ទៅ​ជា​ស្ងួត តែ​នៅ​ពេញ​លើ​ដី មាន​សុទ្ធ​តែ​ទឹក​សន្សើម​វិញ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 6