គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 6:16-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ឯង​នឹង​វាយ​សាសន៍​ម៉ាឌាន​ដូច​ជា​វាយ​ដល់​មនុស្ស​តែ​ម្នាក់

17. លោក​ទូល​ថា បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​សូម​ទ្រង់​សំដែង​ទី​សំគាល់​ឲ្យ​ទូល‌បង្គំ​បាន​ដឹង​ផង ថា​គឺ​ទ្រង់​ហើយ​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ​ពិត​មែន

18. សូម​ទ្រង់​កុំ​ថយ​ចេញ​ពី​ទី​នេះ​ឡើយ ដរាប​ដល់​ទូល‌បង្គំ​ទៅ​នាំ​យក​ដង្វាយ​របស់​ទូល‌បង្គំ មក​ថ្វាយ​នៅ​ចំពោះ​ទ្រង់​សិន ទ្រង់​ក៏​ទទួល​ថា អញ​នឹង​ចាំ​ទាល់​តែ​ឯង​មក​វិញ។

19. ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ចាត់‌ចែង​រៀប‌ចំ​កូន​ពពែ​១ និង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​១​ថាំង ដាក់​សាច់​ក្នុង​កញ្ច្រែង ហើយ​ក៏​ដាក់​ទឹក​សំឡ​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ទ្រង់ នៅ​ត្រង់​ដើម​ម៉ៃសាក់​នោះ

20. នោះ​ទេវតា​នៃ​ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​យក​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សំឡ​ពី​លើ​ទៅ លោក​ក៏​ធ្វើ​តាម​ដូច្នោះ

21. រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​រលីង​ទៅ លុះ​ស្រេច​ហើយ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​យាង​ចេញ​ពី​មុខ​បាត់​ទៅ

22. គេឌាន​ក៏​បាន​ដឹង​ថា ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​លោក​ទូល​ថា វរ‌ហើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ដ្បិត​ទូល‌បង្គំ​បាន​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​ប្រទល់​មុខ

23. ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌បន្ទូល​តប​មក​ថា ចូរ​ឲ្យ​មាន​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ភ័យ​អី ឯង​មិន​ត្រូវ​ស្លាប់​ទេ

24. នោះ​គេឌាន​ក៏​ស្អាង​អាស‌នា​១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-សាឡិម» អាសនា​នោះ​ក៏​នៅ​ត្រង់​អូប្រា​របស់​ផង​ពួក​អ័បៀ‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

25. នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​លោក​ថា ចូរ​នាំ​យក​គោ​ឈ្មោល​របស់​ឪពុក​ឯង គឺ​ជា​គោ​ទី​២​អាយុ​៧​ខួប​ទៅ​ជា​មួយ ត្រូវ​ឲ្យ​ឯង​រំលំ​អាសនា​នៃ​ព្រះ‌បាល​របស់​ឪពុក​ឯង​ចេញ​ទៅ ព្រម​ទាំង​កាប់​បំផ្លាញ​អ្នក‌តា​ដែល​នៅ​ក្បែរ​ទី​នោះ​ផង

26. រួច​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង តាម​របៀប​នៅ​លើ​ថ្មដា​នោះ ហើយ​ត្រូវ​យក​គោ​ទី​២​ថ្វាយ​ជា​ដង្វាយ​ដុត ដោយ​ដុត​នឹង​ឈើ​ជា​រូប​អ្នក‌តា ដែល​ឯង​បាន​កាប់​នោះ

27. ដូច្នេះ គេឌាន​ក៏​នាំ​យក​អ្នក​បំរើ​របស់​ខ្លួន​១០​នាក់ ទៅ​ធ្វើ​តាម​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់ តែ​លោក​ធ្វើ​នៅ​ពេល​ថ្ងៃ​មិន​បាន ដោយ​ព្រោះ​ខ្លាច​ពួក​អ្នក​ផ្ទះ​របស់​ឪពុក​ខ្លួន និង​ពួក​មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​ជា​ធ្វើ​នៅ​ពេល​យប់​វិញ។

28. កាល​ពួក​មនុស្ស​នៅ​ទី​ក្រុង បាន​ក្រោក​ឡើង​ពី​ព្រលឹម ឃើញ​អាសនា​នៃ​ព្រះ​បាល​បាន​រលំ​ហើយ ឯ​អ្នក‌តា​ក៏​បាន​កាប់​ចោល​ផង ហើយ​គោ​ទី​២​បាន​ថ្វាយ​នៅ​លើ​អាសនា​ដែល​បាន​ស្អាង​ឡើង

29. នោះ​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​អ្នក​ណា​បាន​ធ្វើ​នេះ គេ​ក៏​ស៊ើប​សួរ​រក រួច​មាន​គេ​ប្រាប់​ថា គឺ​គេឌាន ជា​កូន​យ៉ូអាស បាន​ធ្វើ​ការ​នោះ

30. ដូច្នេះ​ពួក​មនុស្ស​នៅ​ទី​ក្រុង គេ​ប្រាប់​ទៅ​យ៉ូអាស​ថា ចូរ​នាំ​កូន​អ្នក​ចេញ​មក​ឲ្យ​វា​ស្លាប់​ទៅ ដ្បិត​វា​បាន​រំលំ​អាសនា​នៃ​ព្រះ‌បាល ហើយ​កាប់​បំផ្លាញ​រូប​អ្នក‌តា​ដែល​នៅ​ក្បែរ​ទី​នោះ​ផង

31. យ៉ូអាស​ក៏​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​មក​ទាស់​នឹង​គាត់​ថា តើ​អ្នក​រាល់​គ្នា​ចង់​តវ៉ា​ជំនួស ហើយ​គិត​ជួយ​សង្គ្រោះ​ព្រះ‌បាល​ឬ​អី ឯ​អ្នក​ណា​ដែល​ចង់​តវ៉ា​ជំនួស​ព្រះ‌បាល ឲ្យ​អ្នក​នោះ​ត្រូវ​ស្លាប់​វិញ​ឥឡូវ មុន​ដែល​ថ្ងៃ​រះ​ផង បើ​នេះ​ជា​ព្រះ​ពិត នោះ​ចូរ​ឲ្យ​វា​តវ៉ា​ដោយ​ខ្លួន​វា​ចុះ ដោយ​ព្រោះ​គេ​បាន​រំលំ​អាសនា​ហើយ

32. ហេតុ​នោះ​បាន​ជា​នៅ​ថ្ងៃ​នោះ​ឯង គេ​ហៅ​គេឌាន​ថា យេរូ-បាល ដោយ​ព្រោះ​ពាក្យ​ដែល​ថា ចូរ​ឲ្យ​ព្រះ‌បាល​តវ៉ា​ដោយ​ខ្លួន​ឯង​ចុះ គឺ​ពី​ព្រោះ​បាន​រំលំ​អាសនា​គេ​ហើយ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 6