គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 6:11-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​យាង​មក​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​ត្រង់​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​គ្រួ​អ័បៀ‌ស៊ើរ រីឯ​គេឌាន ជា​កូន គាត់​កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន

12. ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង

13. តែ​គេឌាន​ឆ្លើយ​ឡើង​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បើ​សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ពួក​ទូល‌បង្គំ​ពិត នោះ​ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​ពួក​ទូល‌បង្គំ​ដូច្នេះ ឯ​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ដែល​ពួក​អយ្យកោ​បាន​ថ្លែង​ប្រាប់​ត​មក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក តើ​ការ​ទាំង​នោះ​នៅ​ឯ​ណា ដ្បិត​ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ពួក​ទូល‌បង្គំ ព្រម​ទាំង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ហើយ

14. នោះ​ព្រះ‌យេហូវ៉ាទ្រង់​ទត​មើល​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​ទៅ​ដោយ‌សារ​កំឡាំង​ឯង​នេះ ហើយ​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ចុះ អញ​បាន​ចាត់​ឯង​ឲ្យ​ទៅ​ហើយ

15. រួច​លោក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល‌បង្គំ​ជួយ​សង្គ្រោះ ដល់​សាសន៍​អ៊ីស្រា‌អែល​បាន មើល ទូល‌បង្គំ​ជា​គ្រួ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូល‌បង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូល‌បង្គំ​ផង

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ឯង​នឹង​វាយ​សាសន៍​ម៉ាឌាន​ដូច​ជា​វាយ​ដល់​មនុស្ស​តែ​ម្នាក់

17. លោក​ទូល​ថា បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​សូម​ទ្រង់​សំដែង​ទី​សំគាល់​ឲ្យ​ទូល‌បង្គំ​បាន​ដឹង​ផង ថា​គឺ​ទ្រង់​ហើយ​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ​ពិត​មែន

18. សូម​ទ្រង់​កុំ​ថយ​ចេញ​ពី​ទី​នេះ​ឡើយ ដរាប​ដល់​ទូល‌បង្គំ​ទៅ​នាំ​យក​ដង្វាយ​របស់​ទូល‌បង្គំ មក​ថ្វាយ​នៅ​ចំពោះ​ទ្រង់​សិន ទ្រង់​ក៏​ទទួល​ថា អញ​នឹង​ចាំ​ទាល់​តែ​ឯង​មក​វិញ។

19. ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ចាត់‌ចែង​រៀប‌ចំ​កូន​ពពែ​១ និង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​១​ថាំង ដាក់​សាច់​ក្នុង​កញ្ច្រែង ហើយ​ក៏​ដាក់​ទឹក​សំឡ​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ទ្រង់ នៅ​ត្រង់​ដើម​ម៉ៃសាក់​នោះ

20. នោះ​ទេវតា​នៃ​ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​យក​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សំឡ​ពី​លើ​ទៅ លោក​ក៏​ធ្វើ​តាម​ដូច្នោះ

21. រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​រលីង​ទៅ លុះ​ស្រេច​ហើយ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​យាង​ចេញ​ពី​មុខ​បាត់​ទៅ

22. គេឌាន​ក៏​បាន​ដឹង​ថា ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​លោក​ទូល​ថា វរ‌ហើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ដ្បិត​ទូល‌បង្គំ​បាន​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​ប្រទល់​មុខ

23. ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌បន្ទូល​តប​មក​ថា ចូរ​ឲ្យ​មាន​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ភ័យ​អី ឯង​មិន​ត្រូវ​ស្លាប់​ទេ

24. នោះ​គេឌាន​ក៏​ស្អាង​អាស‌នា​១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-សាឡិម» អាសនា​នោះ​ក៏​នៅ​ត្រង់​អូប្រា​របស់​ផង​ពួក​អ័បៀ‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 6