គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 6:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​មក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​សាសន៍​ម៉ាឌាន​អស់​៧​ឆ្នាំ

2. ពួក​សាសន៍​ម៉ាឌាន​ក៏​មាន​កំឡាំង​ឡើង ឈ្នះ​ពួក​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​តែ​សាសន៍​ម៉ាឌាន​នោះ​ហើយ បាន​ជា​ពួក​កូន​ចៅ​គេ​ធ្វើ​រូង​នៅ​ក្នុង​ភ្នំ និង​រអាង ហើយ​នឹង​ទី​មាំ‌មួន​សំរាប់​ខ្លួន

3. រីឯ​កាល​ពួក​អ៊ីស្រា‌អែល​បាន​សាប‌ព្រោះ នោះ​ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌លេក និង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត គេ​ឡើង​មក​ទាស់

4. គេ​មក​បោះ​ទ័ព​ទាស់​នឹង​អ៊ីស្រា‌អែល ក៏​បំផ្លាញ​អស់​ទាំង​ផល​កើត​ពី​ដី រហូត​ដល់​ក្រុង​កាសា ឥត​មាន​ទុក​ស្បៀង​អាហារ​ណា ឲ្យ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ទោះ​ទាំង​ចៀម គោ ឬ​លា​ក្តី

5. ដ្បិត​គេ​ឡើង​មក​ទាំង​ដឹក​ហ្វូង​សត្វ និង​ត្រសាល​របស់​គេ​មក​ដែរ គឺ​ចូល​មក​មាន​គ្នា​សន្ធឹក​ដូច​ជា​កណ្តូប ឯ​ខ្លួន​គេ និង​សត្វ​អូដ្ឋ​របស់​គេ នោះ​រាប់​មិន​អស់​ឡើយ គេ​មក​ប្រយោជន៍​តែ​នឹង​បំផ្លាញ​ស្រុក​ប៉ុណ្ណោះ

6. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ទុគ៌ត​ទៅ ដោយ​ព្រោះ​សាសន៍​ម៉ាឌាន ដូច្នេះ គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា។

7. កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សាសន៍​ម៉ាឌាន

8. នោះ​ទ្រង់​ក៏​ចាត់​ហោរា​ម្នាក់​មក​ឯ​គេ ប្រាប់​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​មក

9. អញ​បាន​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ និង​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ឯង ក៏​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទៅ ហើយ​បាន​ឲ្យ​ស្រុក​របស់​គេ​មក​ឯង​រាល់​គ្នា​វិញ

10. អញ​បាន​ប្រាប់​ឯង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឯង​ខ្លាច​ដល់​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី ដែល​ឯង​នៅ​ស្រុក​គេ​នោះ​ឡើយ តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​អញ​សោះ។

11. គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​យាង​មក​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​ត្រង់​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​គ្រួ​អ័បៀ‌ស៊ើរ រីឯ​គេឌាន ជា​កូន គាត់​កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន

12. ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង

13. តែ​គេឌាន​ឆ្លើយ​ឡើង​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បើ​សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ពួក​ទូល‌បង្គំ​ពិត នោះ​ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​ពួក​ទូល‌បង្គំ​ដូច្នេះ ឯ​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ដែល​ពួក​អយ្យកោ​បាន​ថ្លែង​ប្រាប់​ត​មក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក តើ​ការ​ទាំង​នោះ​នៅ​ឯ​ណា ដ្បិត​ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ពួក​ទូល‌បង្គំ ព្រម​ទាំង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ហើយ

សូមអានជំពូកពេញលេញ ចៅហ្វាយ 6