16. ហេតុអ្វីបានជាឯងនៅតែក្នុងក្រោលចៀម និងស្តាប់សូរហ្វូងសត្វយំដូច្នេះ នៅត្រង់ជ្រោះទឹករបស់ពួករូបេន នោះគេមានសេចក្ដីនឹកពិចារណាក្នុងចិត្តយ៉ាងធំ
17. ឯពួកកាឡាតគេបាននៅតែខាងនាយទន្លេយ័រដាន់ ហើយដាន់ ហេតុអ្វីបានជាគេនៅតែក្នុងនាវាដូច្នេះ ពួកអេស៊ើរក៏បានអង្គុយនៅតែនឹងមាត់សមុទ្រ ហើយតាមស្ទឹងរបស់គេផង
18. គឺមានតែពួកសាប់យូល៉ូនទេ ដែលប្រថុយជីវិតដល់ស្លាប់ និងពួកណែបថាលីដែរ គេបានចូលទៅច្បាំងនៅទីវាលខ្ពស់។
19. ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណានគេមកច្បាំងនៅត្អាណាក ជិតទឹកមេគីដោ តែគេមិនបានយករបឹបដ៏មានដំឡៃអ្វីសោះ
20. ផ្ទៃមេឃក៏បានជួយច្បាំង ផ្កាយទាំងប៉ុន្មានបានច្បាំងនឹងស៊ីសេរ៉ាពីទីគោចរ
21. ស្ទឹងគីសុនបានហូរនាំយកគេទៅបាត់ គឺស្ទឹងគីសុន ជាស្ទឹងពីចាស់បុរាណនោះ ឱព្រលឹងអញអើយ ឯងបានជាន់គេដោយមានកំឡាំងដ៏ខ្លាំង
22. គ្រានោះឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែរត់ទៅ
23. ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្តាសាដល់មេរ៉ូស ចូរដាក់បណ្តាសាដល់ពួកអ្នកដែលនៅស្រុកនោះ ជាយ៉ាងធ្ងន់ ពីព្រោះគេមិនបានមកជួយការនៃព្រះយេហូវ៉ា គឺជួយទាស់នឹងមនុស្សខ្លាំងពូកែនោះទេ
24. យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី នាងនឹងមានពរលើសជាងគ្រប់អស់ទាំងស្ត្រី ដែលនៅក្នុងត្រសាលផង
25. លោកបានសូមទឹកផឹក តែនាងបានឲ្យទឹកដោះវិញ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានលំអមកជូនលោក