គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 5:11-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. នៅ​ទី​ឆ្ងាយ​ពី​សូរ​អឺង‌អាប់​នៃ​ពួក​ប្រមាញ់​ធ្នូ នោះ​គេ​នឹង​ប្រជុំ​ត្រង់​កន្លែង​ដង​ទឹក ថ្លែង​ប្រាប់​ពី​អំពើ​សុចរិត​របស់​ព្រះ‌យេហូវ៉ា គឺ​ពី​អស់​ទាំង​អំពើ​សុចរិត​ដែល​ទ្រង់​ប្រោស ក្នុង​គ្រា​ដែល​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្នុង​គ្រា​នោះ​ពួក​រាស្ត្រ​ផង​ព្រះ‌យេហូវ៉ា​បាន​ចុះ​មក​ដល់​អស់​ទាំង​ទ្វារ​ក្រុង។

12. ចូរ​ភ្ញាក់ ចូរ​ភ្ញាក់​ឡើង​ចុះ ដេបូរ៉ា​អើយ ចូរ​ភ្ញាក់ ចូរ​ភ្ញាក់​ឡើង​ច្រៀង​ជា​ទំនុក​ទៅ ចូរ​ក្រោក​ឡើង​បារ៉ាក​អើយ ឱ​កូន​អ័ប៊ី‌ណោម​អើយ ចូរ​នាំ​ពួក​ឈ្លើយ​របស់​អ្នក​ទៅ​ចុះ

13. គ្រា​នោះ ពួក​សំណល់​នៃ​បណ្តា‌ជន បាន​ឈ្នះ​ពួក​ខ្លាំង​ពូកែ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​ចុះ​មក​ច្បាំង​ជំនួស​ខ្ញុំ ទាស់​នឹង​ពួក​ស្ទាត់​ជំនាញ

14. មាន​ពួក​អ្នក​ចុះ​ពី​ស្រុក​អេប្រា‌អិម​មក ដែល​មាន​ជាប់​កំណើត​ក្នុង​សាសន៍​អាម៉ា‌លេក គេ​មក​តាម​ឯង ឱ​បេន‌យ៉ា‌មីន​អើយ គឺ​នៅ​ជា​កណ្តាល​នៃ​ពួក​ជន​របស់​ឯង​ផង មាន​ពួក​ចៅ‌ហ្វាយ​ចុះ​មក​ពី​ពួក​ម៉ាគារ ហើយ​ពី​ពួក​សាប់‌យូល៉ូន នោះ​មាន​អ្នក​ដែល​ធ្វើ​ជា​មេ​ធំ​បំផុត​ចេញ​មក

15. ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​អ៊ីសាខារ ក៏​នៅ​ជា​មួយ​នឹង​ដេបូរ៉ា ហើយ​ពួក​អ៊ីសាខារ​បាន​តាម​បារ៉ាក​ដែរ គេ​បាន​ទទួល​បង្គាប់​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​តាម‌ដាន​ជើង​លោក រីឯ​ពួក​រូបេន នៅ​ត្រង់​ជ្រោះ​ទឹក នោះ​មាន​ចិត្ត​នឹក​សំរេច​ការ​យ៉ាង​ធំ

16. ហេតុ​អ្វី​បាន​ជា​ឯង​នៅ​តែ​ក្នុង​ក្រោល​ចៀម និង​ស្តាប់​សូរ​ហ្វូង​សត្វ​យំ​ដូច្នេះ នៅ​ត្រង់​ជ្រោះ​ទឹក​របស់​ពួក​រូបេន នោះ​គេ​មាន​សេចក្ដី​នឹក​ពិចារណា​ក្នុង​ចិត្ត​យ៉ាង​ធំ

17. ឯ​ពួក​កាឡាត​គេ​បាន​នៅ​តែ​ខាង​នាយ​ទន្លេ​យ័រដាន់ ហើយ​ដាន់ ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​ក្នុង​នាវា​ដូច្នេះ ពួក​អេស៊ើរ​ក៏​បាន​អង្គុយ​នៅ​តែ​នឹង​មាត់​សមុទ្រ ហើយ​តាម​ស្ទឹង​របស់​គេ​ផង

18. គឺ​មាន​តែ​ពួក​សាប់‌យូល៉ូន​ទេ ដែល​ប្រថុយ​ជីវិត​ដល់​ស្លាប់ និង​ពួក​ណែប‌ថាលី​ដែរ គេ​បាន​ចូល​ទៅ​ច្បាំង​នៅ​ទី​វាល​ខ្ពស់។

19. ពួក​ស្តេច​បាន​មក​ច្បាំង គឺ​ពួក​ស្តេច​ស្រុក​កាណាន​គេ​មក​ច្បាំង​នៅ​ត្អាណាក ជិត​ទឹក​មេគី‌ដោ តែ​គេ​មិន​បាន​យក​របឹប​ដ៏​មាន​ដំឡៃ​អ្វី​សោះ

20. ផ្ទៃ​មេឃ​ក៏​បាន​ជួយ​ច្បាំង ផ្កាយ​ទាំង​ប៉ុន្មាន​បាន​ច្បាំង​នឹង​ស៊ីសេរ៉ា​ពី​ទី​គោចរ

21. ស្ទឹង​គីសុន​បាន​ហូរ​នាំ​យក​គេ​ទៅ​បាត់ គឺ​ស្ទឹង​គីសុន ជា​ស្ទឹង​ពី​ចាស់​បុរាណ​នោះ ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ជាន់​គេ​ដោយ​មាន​កំឡាំង​ដ៏​ខ្លាំង

22. គ្រា​នោះ​ឮ​សូរ​សន្ធឹក​ជើង​សេះ​ដែល​កំពុង​តែ​រត់ គឺ​ដែល​ពួក​ខ្លាំង​ពូកែ​រត់​ទៅ

23. ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​ថា ចូរ​ដាក់​បណ្តាសា​ដល់​មេរ៉ូស ចូរ​ដាក់​បណ្តាសា​ដល់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ ជា​យ៉ាង​ធ្ងន់ ពី​ព្រោះ​គេ​មិន​បាន​មក​ជួយ​ការ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជួយ​ទាស់​នឹង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ទេ

24. យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី នាង​នឹង​មាន​ពរ​លើស​ជាង​គ្រប់​អស់​ទាំង​ស្ត្រី ដែល​នៅ​ក្នុង​ត្រសាល​ផង

25. លោក​បាន​សូម​ទឹក​ផឹក តែ​នាង​បាន​ឲ្យ​ទឹក​ដោះ​វិញ គឺ​នាង​បាន​យក​ខ្លាញ់​ទឹក​ដោះ​ដាក់​ក្នុង​ចាន​លំអ​មក​ជូន​លោក

26. នាង​បាន​លូក​ដៃ​ទៅ​ចាប់​យក​ចំរ៉ឹង ហើយ​ដៃ​ស្តាំ​ចាប់​យក​ញញួរ​របស់​ពួក​ជាង រួច​បាន​វាយ​ស៊ីសេរ៉ា​នឹង​ញញួរ​នោះ គឺ​បាន​វាយ​ធ្លុះ​ក្បាល​លោក នាង​វាយ​ទំលុះ​ត្រង់​តើក

27. លោក​ក៏​ឱន ក៏​ដួល ក៏​ដេក នៅ​ទៀប​ជើង​នាង គឺ​នៅ​ទៀប​ជើង​នាង​ដែល​លោក​ឱន​ដួល​ចុះ ហើយ​នៅ​កន្លែង​ដែល​លោក​ឱន​នោះ លោក​ក៏​ដួល​ស្លាប់​នៅ​ទី​នោះ​ឯង។

សូមអានជំពូកពេញលេញ ចៅហ្វាយ 5