គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 4:15-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បំបាក់​ទ័ព​ស៊ីសេរ៉ា និង​អស់​ទាំង​រទេះ​របស់​លោក ព្រម​ទាំង​ពួក​ពល​ទាំង​អស់​ដោយ​មុខ​ដាវ​នៅ​ចំពោះ​បារ៉ាក ឯ​ស៊ីសេរ៉ា​ក៏​ចុះ​ពី​រទេះ​ខ្លួន​រត់​រួច​ទៅ

16. តែ​បារ៉ាក​ចេះ​តែ​ដេញ​តាម​រទេះ និង​ពួក​ពល​គេ​ទៅ​រហូត​ដល់​ហារ៉ូ‌សែត-កូយីម នោះ​ពួក​ពល​ទាំង​ប៉ុន្មាន​របស់​ស៊ីសេរ៉ា​ក៏​ស្លាប់​ដោយ​មុខ​ដាវ​អស់ គ្មាន​សល់​ដល់​ម្នាក់​ឡើយ។

17. រីឯ​ស៊ីសេរ៉ា លោក​បាន​រត់​ទៅ​ដល់​ត្រសាល​របស់​យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ​សាសន៍​កែន​នោះ ដ្បិត​យ៉ាប៊ីន ជា​ស្តេច​ហាសោរ និង​ពួក​គ្រួ​ហេប៊ើរ ជា​សាសន៍​កែន បាន​មេត្រី​នឹង​គ្នា

18. យ៉ាអែល​ក៏​ចេញ​មក​ទទួល​ស៊ីសេរ៉ា ដោយ​ពាក្យ​ថា អញ្ជើញ​ចូល លោក​ម្ចាស់​អើយ សូម​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​មក កុំ​ខ្លាច​អ្វី​ឡើយ លោក​ក៏​ចូល​ទៅ​ក្នុង​ត្រសាល ជា​មួយ​នឹង​នាង ហើយ​នាង​យក​ផួយ​មក​គ្រប​ឲ្យ

19. លោក​សូម​ដល់​នាង​ថា សូម​ឲ្យ​ទឹក​មក​ខ្ញុំ​ផឹក​បន្តិច​ផង ដ្បិត​ខ្ញុំ​ស្រេក​ណាស់ នោះ​នាង​ក៏​បើក​ថង់​ស្បែក​ដាក់​ទឹក​ដោះ​ឲ្យ​លោក​ផឹក រួច​គ្រប​លោក​ទៅ​វិញ

20. លោក​អង្វរ​ដល់​នាង​ថា សូម​នាង​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល បើ​មាន​អ្នក​ណា​មក​សួរ​រក​ថា មាន​អ្នក​ណា​នៅ​ទី​នេះ​ឬ​ទេ នោះ​សូម​ឆ្លើយ​ថា គ្មាន​ទេ រួច​លោក​ក៏​ដេក​លក់​ស៊ប់​ទៅ

21. ឯ​យ៉ាអែល​ជា​ប្រពន្ធ​ហេប៊ើរ នាង​ក៏​យក​ចំរ៉ឹង​ត្រសាល​១ និង​ញញួរ​កាន់​នៅ​ដៃ ដើរ​ថ្នមៗ ចូល​ទៅ​ឯ​លោក បោះ​ចំរ៉ឹង​នោះ​នៅ​ត្រង់​តើក ធ្លុះ​ទៅ​ដល់​ដី​ស្លាប់​ទៅ

22. រួច​មក កាល​បារ៉ាក​ដេញ​តាម​ស៊ីសេរ៉ា មក​ដល់​ហើយ នោះ​យ៉ាអែល នាង​ចេញ​ទៅ​ទទួល ដោយ​ពាក្យ​ថា សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស​ដែល​លោក​រក​នោះ លោក​ក៏​ចូល​ទៅ​ជា​មួយ​នឹង​នាង ឃើញ​ស៊ីសេរ៉ា​ដេក​ស្លាប់ នៅ​មាន​ទាំង​ចំរ៉ឹង​នៅ​នា​តើក​ផង។

23. ដូច្នេះ ព្រះ​ទ្រង់​បាន​បង្ក្រាប​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ​ឯង

សូមអានជំពូកពេញលេញ ចៅហ្វាយ 4