12. ខណៈនោះមានគេទៅជំរាបស៊ីសេរ៉ាថា បារ៉ាកជាកូនអ័ប៊ីណោមបានលើកទ័ព ឡើងទៅឯភ្នំតាបោរហើយ
13. នោះស៊ីសេរ៉ាក៏ប្រមូលអស់ទាំងរទេះរបស់លោក គឺជារទេះដែក៩០០ ព្រមទាំងបណ្តាទ័ព ដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម ទៅដល់ស្ទឹងគីសុន
14. ឯដេបូរ៉ានាងប្រាប់ដល់បារ៉ាកថា ចូរក្រោកឡើង នេះហើយជាថ្ងៃដែលព្រះយេហូវ៉ា ទ្រង់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្តាប់ដៃអ្នក ព្រះយេហូវ៉ាទ្រង់បានចេញនាំមុខអ្នកទៅហើយ ដូច្នេះបារ៉ាកក៏ចុះពីភ្នំតាបោរនាំមនុស្សទាំង១ម៉ឺននាក់ទៅ
15. ព្រះយេហូវ៉ាទ្រង់ក៏បំបាក់ទ័ពស៊ីសេរ៉ា និងអស់ទាំងរទេះរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក ឯស៊ីសេរ៉ាក៏ចុះពីរទេះខ្លួនរត់រួចទៅ
16. តែបារ៉ាកចេះតែដេញតាមរទេះ និងពួកពលគេទៅរហូតដល់ហារ៉ូសែត-កូយីម នោះពួកពលទាំងប៉ុន្មានរបស់ស៊ីសេរ៉ាក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ដល់ម្នាក់ឡើយ។
17. រីឯស៊ីសេរ៉ា លោកបានរត់ទៅដល់ត្រសាលរបស់យ៉ាអែល ជាប្រពន្ធហេប៊ើរសាសន៍កែននោះ ដ្បិតយ៉ាប៊ីន ជាស្តេចហាសោរ និងពួកគ្រួហេប៊ើរ ជាសាសន៍កែន បានមេត្រីនឹងគ្នា
18. យ៉ាអែលក៏ចេញមកទទួលស៊ីសេរ៉ា ដោយពាក្យថា អញ្ជើញចូល លោកម្ចាស់អើយ សូមអញ្ជើញចូលក្នុងផ្ទះខ្ញុំមក កុំខ្លាចអ្វីឡើយ លោកក៏ចូលទៅក្នុងត្រសាល ជាមួយនឹងនាង ហើយនាងយកផួយមកគ្របឲ្យ
19. លោកសូមដល់នាងថា សូមឲ្យទឹកមកខ្ញុំផឹកបន្តិចផង ដ្បិតខ្ញុំស្រេកណាស់ នោះនាងក៏បើកថង់ស្បែកដាក់ទឹកដោះឲ្យលោកផឹក រួចគ្របលោកទៅវិញ