គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 4:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​អេហ៊ុឌ​បាន​ស្លាប់​ទៅ​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត

2. ទ្រង់​ក៏​លក់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ​រាជ្យ​នៅ​ហាសោរ ស្តេច​នោះ​មាន​មេ‌ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​នៅ​ហារ៉ូ‌សែត-កូយីម

3. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​នាំ​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​៩០០ ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ជា​ខ្លាំង អស់​រវាង​២០​ឆ្នាំ។

4. រីឯ​នៅ​វេលា​នោះ មាន​ស្ត្រី ជា​ហោរា​ម្នាក់ ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​ឡាពិ‌ដូត នាង​បាន​ជំនុំ‌ជំរះ​រឿង‌រ៉ាវ​របស់​សាសន៍​អ៊ីស្រា‌អែល

5. នាង​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​នៅ​ជា​កណ្តាល​រ៉ាម៉ា និង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ទៅ​ឯ​នាង​ឲ្យ​បាន​ជំនុំ‌ជំរះ​រឿង​គេ

6. នាង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថាលី​មក ហើយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​យក​មនុស្ស​១​ម៉ឺន​នាក់ ពី​ពួក​កូន​ចៅ​ណែប‌ថាលី និង​សាប់‌យូល៉ូន ចូល​ទៅ​ឯ​ភ្នំ​តាបោរ​ទៅ

7. នោះ​អញ​នឹង​ទាញ​នាំ​ស៊ីសេរ៉ា ជា​មេ‌ទ័ព​របស់​ស្តេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ និង​ពួក​ពល​ទាំង​ប៉ុន្មាន​របស់​គេ មក​ឯ​ឯង នៅ​ត្រង់​ស្ទឹង​គីសុន ហើយ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ឯង

8. បារ៉ាក​ឆ្លើយ​តប​ថា បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង នោះ​ទើប​ខ្ញុំ​ទៅ តែ​បើ​លោក​មិន​អញ្ជើញ​ទៅ​ជា​មួយ​ទេ នោះ​ខ្ញុំ​ក៏​មិន​ទៅ​ដែរ

9. នាង​ឆ្លើយ​ថា ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ប៉ុន្តែ អ្នក​នឹង​គ្មាន​ឈ្មោះ​ដោយ​ដំណើរ​ដែល​អ្នក​ទៅ​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លក់​ស៊ីសេរ៉ា ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្ត្រី​វិញ រួច​ដេបូរ៉ា​ក៏​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​បារ៉ាក ដល់​កេដេស

10. នោះ​បារ៉ាក​ក៏​ហៅ​ប្រជុំ​ពួក​សាប់‌យូល៉ូន និង​ពួក​ណែប‌ថាលី​ទាំង​ប៉ុន្មាន​នៅ​ត្រង់​កេដេស ពេល​នោះ មាន​មនុស្ស​ចំនួន​១​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។

11. រីឯ​ហេប៊ើរ ជា​សាសន៍​កែន ដែល​ជា​ពួក​កូន​ចៅ​ហូបាប់ ជា​ឪពុក​ក្មេក​ម៉ូសេ គេ​បាន​ឃ្លាត​ចេញ​ពី​ពួក​សាសន៍​កែន មក​ដំឡើង​ត្រសាល​នៅ​ត្រឹម​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម ដែល​នៅ​ជិត​កេដេស។

12. ខណៈ​នោះ​មាន​គេ​ទៅ​ជំរាប​ស៊ីសេ‌រ៉ាថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម​បាន​លើក​ទ័ព ឡើង​ទៅ​ឯ​ភ្នំ​តាបោរ​ហើយ

13. នោះ​ស៊ីសេរ៉ា​ក៏​ប្រមូល​អស់​ទាំង​រទេះ​របស់​លោក គឺ​ជា​រទេះ​ដែក​៩០០ ព្រម​ទាំង​បណ្តា​ទ័ព ដែល​នៅ​ក្នុង​អំណាច​ខ្លួន ចាប់​តាំង​ពី​ហារ៉ូ‌សែត-កូយីម ទៅ​ដល់​ស្ទឹង​គីសុន

14. ឯ​ដេបូរ៉ា​នាង​ប្រាប់​ដល់​បារ៉ាក​ថា ចូរ​ក្រោក​ឡើង នេះ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​ប្រគល់​ស៊ីសេរ៉ា​មក​ក្នុង​កណ្តាប់​ដៃ​អ្នក ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​នាំ​មុខ​អ្នក​ទៅ​ហើយ ដូច្នេះ​បារ៉ាក​ក៏​ចុះ​ពី​ភ្នំ​តាបោរ​នាំ​មនុស្ស​ទាំង​១​ម៉ឺន​នាក់​ទៅ

15. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បំបាក់​ទ័ព​ស៊ីសេរ៉ា និង​អស់​ទាំង​រទេះ​របស់​លោក ព្រម​ទាំង​ពួក​ពល​ទាំង​អស់​ដោយ​មុខ​ដាវ​នៅ​ចំពោះ​បារ៉ាក ឯ​ស៊ីសេរ៉ា​ក៏​ចុះ​ពី​រទេះ​ខ្លួន​រត់​រួច​ទៅ

សូមអានជំពូកពេញលេញ ចៅហ្វាយ 4