គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 3:19-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. រួច​លោក​ឲ្យ​ពួក​អ្នក​ដែល​កាន់​នាំ​សួយ‌អាករ​មក ត្រឡប់​ទៅ​ស្រុក​វិញ តែ​ឯ​ខ្លួន​លោកៗ​វិល​ចូល​មក​ឯ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​មាន​ការ​យ៉ាង​សំងាត់​នឹង​ទូល​ដល់​ទ្រង់ ដូច្នេះ​ស្តេច​ទ្រង់​ក៏​បង្គាប់​ថា ចូរ​ស្ងៀម​សិន រួច​អស់​អ្នក​ដែល​ឈរ​ជិត​ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់​ទៅ

20. ឯ​ស្តេច​ទ្រង់​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សំរាប់​លំហើយ​អង្គ លំដាប់​នោះ​អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ទ្រង់​ទូល​ថា ទូល‌បង្គំ​មាន​ព្រះ‌បន្ទូល​នៃ​ព្រះ សំរាប់​នឹង​ទូល​ដល់​ទ្រង់ ស្តេច​ក៏​ក្រោក​ចាក​ពី​ព្រះ‌ទែន​ឡើង

21. នោះ​អេហ៊ុឌ​ក៏​លូក​ដៃ​ឆ្វេង​ទៅ ដក​យក​កាំបិត​ពី​ចង្កេះ​ខាង​ស្តាំ ចាក់​ត្រង់​ពោះ​នៃ​ស្តេច

22. ឯ​ដង​កាំបិត​ក៏​មុត​កប់​ចូល​ទៅ​តាម​ផ្លែ​ធ្លុះ​ចេញ​ទៅ​ខាង​ក្រោយ រួច​ខ្លាញ់​បិទ​ភ្ជិត​ទាំង​អស់​ទៅ លោក​ឥត​បាន​ដក​កាំបិត​ចេញ​ពី​ពោះ​ស្តេច​ឡើយ

23. ស្រេច​ហើយ​ក៏​ចេញ​មក​ឯ​រាន​ខាង​មុខ រួច​បិទ​ទ្វារ​បន្ទប់​ខាង​លើ​នោះ​ចាក់​សោ​ភ្ជិត​ទៅ។

24. កាល​លោក​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​ពួក​គាល់​ហ្វៅ​របស់​ស្តេច​មក​ឃើញ​ទ្វារ​ចាក់​សោ​ជិត​ដូច្នោះ ក៏​គិត​ថា ប្រាកដ​ជា​ទ្រង់​ផ្ទំ​នៅ​ក្នុង​បន្ទប់​នោះ​ហើយ

25. រួច​គេ​នៅ​ចាំ​ទាល់​តែ​មាន​សេចក្ដី​អៀន‌ខ្មាស​ដល់​ខ្លួន តែ​ទ្រង់​មិន​បាន​បើក​ទ្វារ​បន្ទប់​នោះ​សោះ គេ​ក៏​យក​កូន​សោ​ទៅ​ចាក់​បើក​ទ្វារ នោះ​ឃើញ​ម្ចាស់​របស់​គេ ទ្រង់​សុគត​នៅ​លើ​ឥដ្ឋ​ហើយ។

26. ឯ​អេហ៊ុឌ លោក​បាន​រត់​រួច​ទៅ កំពុង​ដែល​អ្នក​ទាំង​នោះ​នៅ​រារង់​បង្អង់​ចាំ ក៏​បាន​ទៅ​ហួស​ពី​កន្លែង​ដាប់​ថ្ម​នោះ ចូល​ទៅ​ដល់​សៃរ៉ា

27. លុះ​ដល់​ហើយ នោះ​លោក​ផ្លុំ​ត្រែ​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចុះ​ពី​ស្រុក​ភ្នំ​ទៅ​ជា​មួយ មាន​លោក​ជា​អ្នក​នាំ​មុខ​គេ

28. លោក​បង្គាប់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​ម៉ូអាប់​ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ គេ​ក៏​ចុះ​តាម​លោក​ទៅ ចាប់​យក​ទី​ឆ្លង​ទន្លេ​យ័រដាន់​ពី​សាសន៍​ម៉ូអាប់ ឥត​បើក​ឲ្យ​អ្នក​ណា​មួយ​ឆ្លង​សោះ​ឡើយ

29. នៅ​វេលា​នោះ​គេ​ប្រហារ​ជីវិត​សាសន៍​ម៉ូអាប់ អស់​ប្រហែល​ជា​១​ម៉ឺន​នាក់​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន​ហើយ​ស្ទាត់​ជំនាញ​គ្រប់​គ្នា គ្មាន​អ្នក​ណា​មួយ​រួច​ឡើយ

30. ដូច្នេះ សាសន៍​ម៉ូអាប់​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​អំណាច​នៃ​ពួក​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ​ឯង​វិញ នោះ​ស្រុក​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​៨០​ឆ្នាំ។

31. ក្រោយ​ពី​លោក​មក មាន​ឈ្មោះ​សាំកើរ ជា​កូន​អ័ណាត ដែល​យក​ជន្លួញ​គោ វាយ​សំឡាប់​ពួក​ភីលីស្ទីន​អស់​៦០០​នាក់ អ្នក​នោះ​ក៏​ជួយ​សង្គ្រោះ​អ៊ីស្រា‌អែល​ដែរ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 3