គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 3:11-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដូច្នេះ ស្រុក​ក៏​បាន​សុខ​សាន្ត‌ត្រាណ​អស់​៤០​ឆ្នាំ រួច​មក​អូធ្នាល​ជា​កូន​កេណាស​បាន​ស្លាប់​ទៅ។

12. លុះ​ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចំរើន​កំឡាំង​ដល់​អេក្លុន ជា​ស្តេច​ស្រុក​ម៉ូអាប់​ឲ្យ​ទាស់​នឹង​អ៊ីស្រា‌អែល ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់

13. ស្តេច​នោះ​ក៏​ប្រមូល​ពួក​កូន​ចៅ​អាំម៉ូន និង​ពួក​អាម៉ា‌លេក​មក រួច​ចូល​ទៅ​វាយ​ពួក​អ៊ីស្រា‌អែល ហើយ​ចាប់​យក​បាន​ទី​ក្រុង​ដើម​លម៉ើ​របស់​គេ

14. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ជា​ចំណុះ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់​នោះ​អស់​១៨​ឆ្នាំ

15. តែ​កាល​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​តាំង​ឲ្យ​មាន​អ្នក​១ ជា​អ្នក​ជួយ​សង្គ្រោះ​ដល់​គេ គឺ​អេហ៊ុឌ ជា​កូន​កេរ៉ា​ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ដែល​ជា​អ្នក​ប្រើ​ការ​ខាង​ដៃ​ឆ្វេង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ផ្ញើ​សួយ‌អាករ​ទៅ​ថ្វាយ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់​នោះ ដោយ‌សារ​លោក

16. ឯ​អេហ៊ុឌ លោក​ធ្វើ​កាំបិត​១ មាន​មុខ​ពីរ ប្រវែង​១​ហត្ថ​សំរាប់​ខ្លួន ហើយ​សៀត​ភ្ជាប់​នៅ​ចង្កេះ​ខាង​ស្តាំ​ត្រង់​ក្រោម​អាវ

17. លោក​ក៏​ចូល​ទៅ​ថ្វាយ​សួយ‌អាករ​ដល់​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ (រីឯ​អេក្លុន នោះ​ជា​មនុស្ស​ធាត់​ខ្លាំង​ណាស់)

18. កាល​បាន​ថ្វាយ​សួយ‌អាករ​ជា​ស្រេច នោះ​ក៏​នាំ​គ្នា​ទៅ​ដល់​ត្រឹម​កន្លែង​ដាប់​ថ្ម ដែល​នៅ​ជិត​គីល‌កាល

19. រួច​លោក​ឲ្យ​ពួក​អ្នក​ដែល​កាន់​នាំ​សួយ‌អាករ​មក ត្រឡប់​ទៅ​ស្រុក​វិញ តែ​ឯ​ខ្លួន​លោកៗ​វិល​ចូល​មក​ឯ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​មាន​ការ​យ៉ាង​សំងាត់​នឹង​ទូល​ដល់​ទ្រង់ ដូច្នេះ​ស្តេច​ទ្រង់​ក៏​បង្គាប់​ថា ចូរ​ស្ងៀម​សិន រួច​អស់​អ្នក​ដែល​ឈរ​ជិត​ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់​ទៅ

20. ឯ​ស្តេច​ទ្រង់​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សំរាប់​លំហើយ​អង្គ លំដាប់​នោះ​អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ទ្រង់​ទូល​ថា ទូល‌បង្គំ​មាន​ព្រះ‌បន្ទូល​នៃ​ព្រះ សំរាប់​នឹង​ទូល​ដល់​ទ្រង់ ស្តេច​ក៏​ក្រោក​ចាក​ពី​ព្រះ‌ទែន​ឡើង

21. នោះ​អេហ៊ុឌ​ក៏​លូក​ដៃ​ឆ្វេង​ទៅ ដក​យក​កាំបិត​ពី​ចង្កេះ​ខាង​ស្តាំ ចាក់​ត្រង់​ពោះ​នៃ​ស្តេច

22. ឯ​ដង​កាំបិត​ក៏​មុត​កប់​ចូល​ទៅ​តាម​ផ្លែ​ធ្លុះ​ចេញ​ទៅ​ខាង​ក្រោយ រួច​ខ្លាញ់​បិទ​ភ្ជិត​ទាំង​អស់​ទៅ លោក​ឥត​បាន​ដក​កាំបិត​ចេញ​ពី​ពោះ​ស្តេច​ឡើយ

23. ស្រេច​ហើយ​ក៏​ចេញ​មក​ឯ​រាន​ខាង​មុខ រួច​បិទ​ទ្វារ​បន្ទប់​ខាង​លើ​នោះ​ចាក់​សោ​ភ្ជិត​ទៅ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 3