គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 20:38-48 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. ឯ​បណ្តា​ពួក​ទ័ព និង​ទ័ព​បង្កប់ គេ​បាន​សន្យា​គ្នា​នឹង​ទី​សំគាល់​នេះ គឺ​ត្រូវ​ឲ្យ​ដុត​ភ្លើង​ធ្វើ​ផ្សែង​ឲ្យ​ហុយ​ឡើង​យ៉ាង​ក្រាស់ ចេញ​ពី​ទី​ក្រុង

39. ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​បែរ​មុខ​ចេញ​ពី​ចំបាំង ហើយ​ពួក​បេន‌យ៉ា‌មីន​ចាប់​តាំង​កាប់​សំឡាប់​ពួក​គេ អស់​ប្រហែល​ជា​៣០​នាក់ ដោយ​ស្មាន​ថា វាយ​សំឡាប់​បាន​ដូច​ជា​ក្នុង​ចំបាំង​ជាន់​មុន

40. តែ​លុះ​កាល​ភ្លើង​ឆេះ​ហុយ​ផ្សែង​ចេញ​ពី​ទី​ក្រុង​ឡើង នោះ​ពួក​បេន‌យ៉ា‌មីន គេ​បែរ​មើល​ទៅ​ក្រោយ ឃើញ​ទី​ក្រុង​ទាំង​មូល​ហុយ​សុទ្ធ​តែ​ផ្សែង​ទៅ​លើ​មេឃ

41. នោះ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​បែរ​មក​វិញ ហើយ​ពួក​បេន‌យ៉ា‌មីន​ក៏​ភាំង​ស្លុត ដោយ​ឃើញ​ថា សេចក្ដី​អន្តរាយ​មក​ដល់​គេ​ហើយ

42. ដូច្នេះ គេ​ក៏​បែរ​ខ្នង​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ប្រាស​រត់​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ទៅ តែ​ពួក​ដែល​វាយ​គេ​ចេះ​តែ​ដេញ​តាម​យ៉ាង​ប្រកិត ហើយ​ពួក​ទ័ព​ដែល​ចេញ​ពី​ទី​ក្រុង ក៏​បំផ្លាញ​គេ នៅ​ត្រង់​កណ្តាល

43. គេ​ព័ទ្ធ​ពួក​បេន‌យ៉ា‌មីន​ជុំវិញ ព្រម​ទាំង​ដេញ​តាម​ហើយ​ជាន់​គេ នៅ​ក្រោម​ជើង​ដោយ​ងាយ រហូត​ដល់​ទល់​មុខ​នឹង​គីបៀរ​ទិស​ខាង​កើត

44. នោះ​មាន​ពួក​បេន‌យ៉ា‌មីន​១​ម៉ឺន​៨​ពាន់​នាក់​បាន​ដួល​ស្លាប់ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន

45. រួច​គេ​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​ឈ្មោះ​រីម៉ូន ហើយ​ពួក​ម្ខាង​ក៏​វាយ​សំឡាប់​ម្នាក់ៗ រៀង​តាម​ផ្លូវ អស់​៥​ពាន់​នាក់​ទៀត ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សំឡាប់​បាន​២​ពាន់​នាក់​ថែម​ទៀត

46. បាន​ជា​ពួក​បេន‌យ៉ា‌មីន​ដែល​ដួល​ស្លាប់​ថ្ងៃ​នោះ រួម​ទាំង​អស់​មាន​២​ម៉ឺន​៥​ពាន់​នាក់ សុទ្ធ​តែ​ជា​អ្នក​ក្លាហាន​ដែល​កាន់​ដាវ​គ្រប់​គ្នា

47. ប៉ុន្តែ មាន​៦០០​នាក់ បាន​ងាក​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​រីម៉ូន ក៏​ជ្រក​នៅ​ក្នុង​ថ្មដា​នោះ អស់​៤​ខែ

48. រួច​ពួក​អ៊ីស្រា‌អែល​គេ​វិល​ត្រឡប់​ទៅ​ក្រោយ សំឡាប់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​ដោយ​មុខ​ដាវ គឺ​សំឡាប់​ទាំង​ពួក​អ្នក​នៅ​ទី​ក្រុង​ទាំង​អស់ និង​ពួក​សត្វ ហើយ​នឹង​របស់​អ្វីៗ​ដែល​ប្រទះ​ឃើញ​ទាំង​អស់​ផង រួច​គេ​ដុត​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រទះ​ឃើញ​ដែរ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 20