គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 20:34-45 ព្រះគម្ពីរបរិសុទ្ធ (KHOV)

34. មាន​ពួក​មនុស្ស​ជ្រើស‌រើស​ពី​សាសន៍​អ៊ីស្រា‌អែល ទាំង​អស់​ចំនួន​១​ម៉ឺន​នាក់ ចូល​ទៅ​ទាស់​នឹង​គីបៀរ ហើយ​ចំបាំង​នោះ​ក៏​ជា​សំបើម​ខ្លាំង​ណាស់ តែ​ពួក​បេន‌យ៉ា‌មីន ឥត​ដឹង​ខ្លួន ជា​មាន​សេចក្ដី​អន្តរាយ​ជិត​ដល់​គេ​ទេ

35. ព្រះ‌យេហូវ៉ា​ក៏​ប្រហារ​ពួក​បេន‌យ៉ា‌មីន​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ថ្ងៃ​នោះ​ឯង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បំផ្លាញ​ពួក​បេន‌យ៉ា‌មីន​អស់​ចំនួន​២​ម៉ឺន​៥​ពាន់​១​រយ​នាក់ សុទ្ធ​តែ​ជា​អ្នក​ដែល​កាន់​ដាវ។

36. ដូច្នេះ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ក៏​ឃើញ​ថា ខ្លួន​គេ​ចាញ់​ហើយ ពី​ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​ថយ​ចេញ​ពី​ពួក​បេន‌យ៉ា‌មីន ដោយ​ទុក​ចិត្ត​នឹង​ពួក​ទ័ព​បង្កប់ ដែល​គេ​បាន​ដាក់​ឲ្យ​ទាស់​នឹង​ក្រុង​គីបៀរ

37. ពួក​ទ័ព​បង្កប់​ក៏​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រុង​គីបៀរ​ជា​ប្រញាប់ គេ​ដំរង់​ទៅ​មុខ វាយ​សំឡាប់​ពួក​ក្រុង​នោះ​ទាំង​អស់​ដោយ​មុខ​ដាវ

38. ឯ​បណ្តា​ពួក​ទ័ព និង​ទ័ព​បង្កប់ គេ​បាន​សន្យា​គ្នា​នឹង​ទី​សំគាល់​នេះ គឺ​ត្រូវ​ឲ្យ​ដុត​ភ្លើង​ធ្វើ​ផ្សែង​ឲ្យ​ហុយ​ឡើង​យ៉ាង​ក្រាស់ ចេញ​ពី​ទី​ក្រុង

39. ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​បែរ​មុខ​ចេញ​ពី​ចំបាំង ហើយ​ពួក​បេន‌យ៉ា‌មីន​ចាប់​តាំង​កាប់​សំឡាប់​ពួក​គេ អស់​ប្រហែល​ជា​៣០​នាក់ ដោយ​ស្មាន​ថា វាយ​សំឡាប់​បាន​ដូច​ជា​ក្នុង​ចំបាំង​ជាន់​មុន

40. តែ​លុះ​កាល​ភ្លើង​ឆេះ​ហុយ​ផ្សែង​ចេញ​ពី​ទី​ក្រុង​ឡើង នោះ​ពួក​បេន‌យ៉ា‌មីន គេ​បែរ​មើល​ទៅ​ក្រោយ ឃើញ​ទី​ក្រុង​ទាំង​មូល​ហុយ​សុទ្ធ​តែ​ផ្សែង​ទៅ​លើ​មេឃ

41. នោះ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​បែរ​មក​វិញ ហើយ​ពួក​បេន‌យ៉ា‌មីន​ក៏​ភាំង​ស្លុត ដោយ​ឃើញ​ថា សេចក្ដី​អន្តរាយ​មក​ដល់​គេ​ហើយ

42. ដូច្នេះ គេ​ក៏​បែរ​ខ្នង​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ប្រាស​រត់​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ទៅ តែ​ពួក​ដែល​វាយ​គេ​ចេះ​តែ​ដេញ​តាម​យ៉ាង​ប្រកិត ហើយ​ពួក​ទ័ព​ដែល​ចេញ​ពី​ទី​ក្រុង ក៏​បំផ្លាញ​គេ នៅ​ត្រង់​កណ្តាល

43. គេ​ព័ទ្ធ​ពួក​បេន‌យ៉ា‌មីន​ជុំវិញ ព្រម​ទាំង​ដេញ​តាម​ហើយ​ជាន់​គេ នៅ​ក្រោម​ជើង​ដោយ​ងាយ រហូត​ដល់​ទល់​មុខ​នឹង​គីបៀរ​ទិស​ខាង​កើត

44. នោះ​មាន​ពួក​បេន‌យ៉ា‌មីន​១​ម៉ឺន​៨​ពាន់​នាក់​បាន​ដួល​ស្លាប់ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន

45. រួច​គេ​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​ឈ្មោះ​រីម៉ូន ហើយ​ពួក​ម្ខាង​ក៏​វាយ​សំឡាប់​ម្នាក់ៗ រៀង​តាម​ផ្លូវ អស់​៥​ពាន់​នាក់​ទៀត ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សំឡាប់​បាន​២​ពាន់​នាក់​ថែម​ទៀត

សូមអានជំពូកពេញលេញ ចៅហ្វាយ 20