គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 20:24-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ចូល​ទៅ​ជិត​ទី​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​នៅ​ថ្ងៃ​ទី​២

25. ហើយ​នៅ​ថ្ងៃ​នោះ​ឯង ពួក​បេន‌យ៉ា‌មីន បាន​ចេញ​ពី​គីបៀរ​មក​ត​តាំង​គ្នា គេ​បំផ្លាញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អស់​ចំនួន​១​ម៉ឺន​៨​ពាន់​នាក់ ឲ្យ​នៅ​ចង្គ្រាង​លើ​ដី ពួក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​កាន់​ដាវ

26. នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​បណ្តា​ទ័ព​ទាំង​អស់ ក៏​ឡើង​ទៅ​ឯ​បេត-អែល អង្គុយ​យំ​នៅ​ទី​នោះ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​ក្នុង​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច គេ​ក៏​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ

27. រួច​គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា (ដ្បិត​ក្នុង​គ្រា​នោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ក៏​នៅ​ទី​នោះ

28. ហើយ​ភីនេ‌ហាស​ជា​កូន​អេលាសារ ជា​ពូជ​អើរ៉ុន លោក​ឈរ​នៅ​មុខ​ហឹប​នៅ​ជាន់​នោះ​ដែរ) គឺ​គេ​សួរ​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ជា​បង​ប្អូន​ទូល‌បង្គំ​ម្តង​ទៀត​ឬ​ត្រូវ​ឈប់​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ។

29. ពួក​អ៊ីស្រា‌អែល​គេ​បង្កប់​ទ័ព នៅ​ព័ទ្ធ​ជុំវិញ​គីបៀរ

30. រួច​ឡើង​ទៅ​ទាស់​នឹង​ពួក​បេន‌យ៉ា‌មីន នៅ​ថ្ងៃ​ទី​៣​ទៀត គេ​ដំរៀប​ទ័ព​ទាស់​នឹង​គីបៀរ​ដូច​កាល​ជាន់​មុន

31. ឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​ក៏​ចេញ​មក​ត​តាំង​គ្នា ហើយ​ត្រូវ​ប្រទាញ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង គេ​ចាប់​តាំង​សំឡាប់​ពួក​អ៊ីស្រា‌អែល ដូច​ជា​សព្វ​១​ដង ទាំង​អស់​ចំនួន​ប្រហែល​ជា​៣០​នាក់ គឺ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​បេត-អែល​១ និង​ផ្លូវ​ដែល​ទៅ​ឯ​គីបៀរ​១ ព្រម​ទាំង​នៅ​វាល​ផង

32. ដូច្នេះ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​និយាយ​គ្នា​ថា យើង​វាយ​សំឡាប់​គេ​បាន​ដូច​ជាន់​មុន​ទៀត តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​និយាយ​ប្រាប់​គ្នា​ថា ចូរ​យើង​រត់​នាំ​ប្រទាញ​គេ​មក​ក្នុង​ផ្លូវ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ទៅ

33. នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ងើប​ពី​កន្លែង​រៀង​ខ្លួន​ទៅ​ដំរៀប​ទ័ព​នៅ​ត្រង់​បាល-តាម៉ារ ឯ​ពួក​ទ័ព​បង្កប់​របស់​ពួក​អ៊ីស្រា‌អែល ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ នៅ​ត្រង់​វាល​ស្មៅ​គីបៀរ​ដែរ

34. មាន​ពួក​មនុស្ស​ជ្រើស‌រើស​ពី​សាសន៍​អ៊ីស្រា‌អែល ទាំង​អស់​ចំនួន​១​ម៉ឺន​នាក់ ចូល​ទៅ​ទាស់​នឹង​គីបៀរ ហើយ​ចំបាំង​នោះ​ក៏​ជា​សំបើម​ខ្លាំង​ណាស់ តែ​ពួក​បេន‌យ៉ា‌មីន ឥត​ដឹង​ខ្លួន ជា​មាន​សេចក្ដី​អន្តរាយ​ជិត​ដល់​គេ​ទេ

35. ព្រះ‌យេហូវ៉ា​ក៏​ប្រហារ​ពួក​បេន‌យ៉ា‌មីន​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ថ្ងៃ​នោះ​ឯង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បំផ្លាញ​ពួក​បេន‌យ៉ា‌មីន​អស់​ចំនួន​២​ម៉ឺន​៥​ពាន់​១​រយ​នាក់ សុទ្ធ​តែ​ជា​អ្នក​ដែល​កាន់​ដាវ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 20