20. គេចេញទៅច្បាំងនឹងពួកបេនយ៉ាមីន ក៏ដំរៀបទ័ពទាស់នឹងគេនៅមុខទីក្រុង
21. ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញពីគីបៀរ មកបំផ្លាញពួកអ៊ីស្រាអែល អស់២ម៉ឺន២ពាន់នាក់ ឲ្យស្លាប់ចង្គ្រាងនៅលើដីក្នុងថ្ងៃនោះឯង
22. តែបណ្តាទ័ពខាងពួកអ៊ីស្រាអែល គេតាំងចិត្តឡើងទៅដំរៀបទ័ពម្តងទៀតនៅកន្លែងដដែលដូចថ្ងៃមុន
23. ឯពួកកូនចៅអ៊ីស្រាអែល ក៏ឡើងទៅយំនៅចំពោះព្រះយេហូវ៉ា រហូតដល់ល្ងាច ទាំងទូលសួរទ្រង់ថា តើត្រូវឲ្យទូលបង្គំចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនជាបងប្អូនទូលបង្គំម្តងទៀតឬទេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅច្បាំងនឹងគេចុះ។
24. ពួកកូនចៅអ៊ីស្រាអែល ក៏ចូលទៅជិតទីពួកកូនចៅបេនយ៉ាមីននៅថ្ងៃទី២
25. ហើយនៅថ្ងៃនោះឯង ពួកបេនយ៉ាមីន បានចេញពីគីបៀរមកតតាំងគ្នា គេបំផ្លាញពួកកូនចៅអ៊ីស្រាអែល អស់ចំនួន១ម៉ឺន៨ពាន់នាក់ ឲ្យនៅចង្គ្រាងលើដី ពួកទាំងនោះសុទ្ធតែជាអ្នកកាន់ដាវ
26. នោះពួកកូនចៅអ៊ីស្រាអែល និងបណ្តាទ័ពទាំងអស់ ក៏ឡើងទៅឯបេត-អែល អង្គុយយំនៅទីនោះចំពោះព្រះយេហូវ៉ា ព្រមទាំងតមក្នុងថ្ងៃនោះរហូតដល់ល្ងាច គេក៏ថ្វាយដង្វាយដុត និងដង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ាដែរ