គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 20:2-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ឯ​ពួក​មេ‌ទ័ព​ក្នុង​បណ្តា‌ជន​ទាំង​ប៉ុន្មាន គឺ​ជា​មេ‌ទ័ព​នៃ​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ គេ​ក៏​ចេញ​មុខ​ឡើង ក្នុង​ជំនុំ​ពួក​បណ្តា‌ជន​នៃ​ព្រះ មាន​ពល​ថ្មើរ​ជើង ដែល​កាន់​ដាវ​៤​សែន​នាក់

3. (រីឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​មក​ដល់​មីសប៉ា​ដែរ) ពួក​កូន​ចៅ​អ៊ីស្រា‌អែល​សួរ​ថា សូម​ប្រាប់​ឲ្យ​យើង​ដឹង ជា​អំពើ​ដ៏​លាមក​នេះ​បាន​កើត​មក​ជា​យ៉ាង​ណា

4. នោះ​ពួក​លេវី​ជា​ប្ដី​នាង ដែល​គេ​បាន​សំឡាប់​នោះ គាត់​ឆ្លើយ​ថា ខ្ញុំ​នឹង​ប្រពន្ធ​ចុង​របស់​ខ្ញុំ បាន​ចូល​ទៅ​ក្នុង​គីបៀរ ជា​ទី​ក្រុង​របស់​ពួក​បេន‌យ៉ា‌មីន ដើម្បី​នឹង​ស្នាក់​នៅ

5. ស្រាប់​តែ​ពួក​មនុស្ស​នៅ​គីបៀរ គេ​លើក​គ្នា​ទាំង​យប់ មក​ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​នៅ ទាស់​នឹង​ខ្ញុំ គេ​គិត​សំឡាប់​ខ្ញុំ ក៏​បាន​ចាប់​បង្ខំ​ប្រពន្ធ​ចុង​របស់​ខ្ញុំ ហើយ​នាង​បាន​ស្លាប់​ទៅ

6. ដូច្នោះ​ហើយ ខ្ញុំ​បាន​យក​ខ្មោច​នាង​មក កាត់​ជា​កំណាត់ៗ​ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក ដែល​ជា​មរដក​របស់​សាសន៍​អ៊ីស្រា‌អែល ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​ដ៏​អាស‌អាភាស ហើយ​លាមក​របស់​គេ​ក្នុង​ពួក​អ៊ីស្រា‌អែល​យើង​នេះ

7. ដូច្នេះ​អ្នក​រាល់​គ្នា​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​អើយ សូម​បញ្ចេញ​គំនិត​របស់​អ្នក​រាល់​គ្នា​មក ហើយ​សំរេច​សេចក្ដី​ចុះ។

8. គ្រា​នោះ មនុស្ស​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ព្រម​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់ ដោយ​ពាក្យ​ថា ក្នុង​ពួក​យើង​គ្មាន​អ្នក​ណា​មួយ នឹង​ត្រឡប់​ទៅ​ទី​លំនៅ​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្លួន​វិញ​ឡើយ

9. គឺ​យើង​នឹង​ធ្វើ​ដល់​ពួក​គីបៀរ​យ៉ាង​ដូច្នេះ យើង​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ ដោយ​ចាប់​ឆ្នោត

10. យើង​នឹង​យក​១០​នាក់​ក្នុង​១០០ ហើយ​១០០​នាក់​ក្នុង​១​ពាន់ និង​១​ពាន់​នាក់​ក្នុង​១​ម៉ឺន ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ទៅ​រក​ស្បៀង​អាហារ​សំរាប់​យើង ប្រយោជន៍​ឲ្យ​យើង​ទៅ​ធ្វើ​ដល់​ពួក​គីបៀរ របស់​ពួក​បេន‌យ៉ា‌មីន តាម​អំពើ​ដ៏​លាមក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​ក្នុង​ពួក​អ៊ីស្រា‌អែល​យើង​នេះ

11. ដូច្នេះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​មូល​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់ ទាស់​នឹង​ទី​ក្រុង​នោះ។

12. ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ចាត់​សារ​ឲ្យ​ទៅ​គ្រប់​ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន​សួរ​ថា តើ​អំពើ​អាក្រក់​យ៉ាង​ណា​នេះ ដែល​បាន​កើត​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា

13. ដូច្នេះ ចូរ​ប្រគល់​ពួក​មនុស្ស​គំរក់​នោះ ដែល​នៅ​ក្រុង​គីបៀរ​មក ឲ្យ​យើង​រាល់​គ្នា​បាន​សំឡាប់​គេ​ចោល​ទៅ ដើម្បី​នឹង​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​អ៊ីស្រា‌អែល​ចេញ តែ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន មិន​ព្រម​ស្តាប់​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​គេ​ទេ

14. ហើយ​ក៏​ចេញ​ពី​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន ទៅ​មូល​គ្នា​ត្រង់​គីបៀរ ដើម្បី​នឹង​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

15. នៅ​ថ្ងៃ​នោះ គេ​រាប់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ ឃើញ​មាន​២​ម៉ឺន​៦​ពាន់​នាក់​ដែល​កាន់​ដាវ ក្រៅ​ពី​ពួក​គីបៀរ​៧០០​នាក់ ដែល​ជា​មនុស្ស​ជ្រើស‌រើស​គ្រប់​គ្នា

16. ក្នុង​ពួក​គេ​ទាំង​នោះ មាន​មនុស្ស​ជ្រើស‌រើស​៧០០​នាក់ ដែល​ប្រើ​ការ​ខាង​ដៃ​ឆ្វេង​គ្រប់​គ្នា​អាច​បាញ់​ដោយ​ក្រួស ត្រូវ​ដល់​សក់​១​សរសៃ​បាន​ឥត​ខុស​ឡើយ។

17. ឯ​ពួក​អ៊ីស្រា‌អែល ដែល​ក្រៅ​ពី​ពួក​បេន‌យ៉ា‌មីន​នោះ​មាន​៤​សែន​នាក់​ដែល​កាន់​ដាវ សុទ្ធ​តែ​ជា​មនុស្ស​ស្ទាត់​ចំបាំង

18. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ក្រោក​ឡើង ដើរ​ទៅ​ឯ​បេត-អែល ដើម្បី​នឹង​ទូល​សួរ​ដល់​ព្រះ​ថា ក្នុង​ពួក​យើង​ខ្ញុំ​រាល់​គ្នា តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​មុន​គេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ​ចុះ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 20