គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 20:15-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. នៅ​ថ្ងៃ​នោះ គេ​រាប់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ ឃើញ​មាន​២​ម៉ឺន​៦​ពាន់​នាក់​ដែល​កាន់​ដាវ ក្រៅ​ពី​ពួក​គីបៀរ​៧០០​នាក់ ដែល​ជា​មនុស្ស​ជ្រើស‌រើស​គ្រប់​គ្នា

16. ក្នុង​ពួក​គេ​ទាំង​នោះ មាន​មនុស្ស​ជ្រើស‌រើស​៧០០​នាក់ ដែល​ប្រើ​ការ​ខាង​ដៃ​ឆ្វេង​គ្រប់​គ្នា​អាច​បាញ់​ដោយ​ក្រួស ត្រូវ​ដល់​សក់​១​សរសៃ​បាន​ឥត​ខុស​ឡើយ។

17. ឯ​ពួក​អ៊ីស្រា‌អែល ដែល​ក្រៅ​ពី​ពួក​បេន‌យ៉ា‌មីន​នោះ​មាន​៤​សែន​នាក់​ដែល​កាន់​ដាវ សុទ្ធ​តែ​ជា​មនុស្ស​ស្ទាត់​ចំបាំង

18. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ក្រោក​ឡើង ដើរ​ទៅ​ឯ​បេត-អែល ដើម្បី​នឹង​ទូល​សួរ​ដល់​ព្រះ​ថា ក្នុង​ពួក​យើង​ខ្ញុំ​រាល់​គ្នា តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​មុន​គេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ​ចុះ។

19. ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ​ទ័ព​ទាស់​នឹង​គីបៀរ

20. គេ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​បេន‌យ៉ា‌មីន ក៏​ដំរៀប​ទ័ព​ទាស់​នឹង​គេ​នៅ​មុខ​ទី​ក្រុង

21. ឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​ក៏​ចេញ​ពី​គីបៀរ មក​បំផ្លាញ​ពួក​អ៊ីស្រា‌អែល អស់​២​ម៉ឺន​២​ពាន់​នាក់ ឲ្យ​ស្លាប់​ចង្គ្រាង​នៅ​លើ​ដី​ក្នុង​ថ្ងៃ​នោះ​ឯង

22. តែ​បណ្តា‌ទ័ព​ខាង​ពួក​អ៊ីស្រា‌អែល គេ​តាំង​ចិត្ត​ឡើង​ទៅ​ដំរៀប​ទ័ព​ម្តង​ទៀត​នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន

23. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ឡើង​ទៅ​យំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច ទាំង​ទូល​សួរ​ទ្រង់​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​ជា​បង​ប្អូន​ទូល‌បង្គំ​ម្តង​ទៀត​ឬ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ច្បាំង​នឹង​គេ​ចុះ។

24. ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ចូល​ទៅ​ជិត​ទី​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​នៅ​ថ្ងៃ​ទី​២

25. ហើយ​នៅ​ថ្ងៃ​នោះ​ឯង ពួក​បេន‌យ៉ា‌មីន បាន​ចេញ​ពី​គីបៀរ​មក​ត​តាំង​គ្នា គេ​បំផ្លាញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អស់​ចំនួន​១​ម៉ឺន​៨​ពាន់​នាក់ ឲ្យ​នៅ​ចង្គ្រាង​លើ​ដី ពួក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​កាន់​ដាវ

26. នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​បណ្តា​ទ័ព​ទាំង​អស់ ក៏​ឡើង​ទៅ​ឯ​បេត-អែល អង្គុយ​យំ​នៅ​ទី​នោះ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​ក្នុង​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច គេ​ក៏​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ

27. រួច​គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា (ដ្បិត​ក្នុង​គ្រា​នោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ក៏​នៅ​ទី​នោះ

សូមអានជំពូកពេញលេញ ចៅហ្វាយ 20