3. នោះប្ដីនាងរៀបចំចេញទៅតាម និយាយលួងលោម ដើម្បីនឹងនាំនាងមកវិញ បាននាំទាំងបំរើម្នាក់ និងលា២ទៅជាមួយផង ដល់ហើយនាងក៏នាំប្ដីចូលទៅក្នុងផ្ទះឪពុក កាលឪពុកបានឃើញ នោះក៏ទទួលដោយអំណរ
4. រួចគាត់នៅជាមួយបាន៣ថ្ងៃ ដោយឪពុកក្មេកបានឃាត់សិន ហើយក៏ស៊ីផឹកជាមួយគ្នា ព្រមទាំងដេកនៅទីនោះផង
5. ដល់ថ្ងៃទី៤ គេក៏ក្រោកឡើងពីព្រលឹម តែកាលគាត់ចង់ធ្វើដំណើរចេញទៅ នោះឪពុកនាងឃាត់ថា ចាំបរិភោគចំរើនកំឡាំងសិន រួចសឹមទៅចុះ
6. ដូច្នេះគេក៏អង្គុយស៊ីផឹកជាមួយគ្នា រួចឪពុកនាងនិយាយថា សូមឲ្យសំរេចចិត្តនៅ១យប់នេះសិន ឲ្យបានសប្បាយឡើង
7. អ្នកនោះក្រោកឡើងចង់ទៅ តែឪពុកក្មេកចេះតែបង្ខំ បានជាគាត់ដេកនៅទីនោះ១យប់ទៀត
8. ដល់ថ្ងៃទី៥ គាត់ក្រោកពីព្រលឹម រៀបធ្វើដំណើរទៅ តែឪពុកនាងឃាត់ថា ចូរនៅលំហើយចិត្តសិន ហើយបង្អង់ដល់ថ្ងៃរសៀលបន្តិច នោះគេក៏បរិភោគជាមួយគ្នា
9. រួចកាលគាត់ក្រោកឡើង រៀបធ្វើដំណើរទៅ នាំទាំងប្រពន្ធ និងអ្នកបំរើរបស់គាត់ផង នោះឪពុកក្មេកឃាត់ថា ឥឡូវថ្ងៃរសៀលទាបហើយ ដូច្នេះ សូមឲ្យនៅ១យប់នេះទៀតចុះ មើល ថ្ងៃជិតលិចហើយ ចូរដេកឯណេះចុះ ដើម្បីឲ្យចិត្តឯងបានសប្បាយឡើង រួចដល់ស្អែកសឹមធ្វើដំណើរតាមផ្លូវឯង ត្រឡប់ទៅផ្ទះវិញពីព្រលឹមទៅ។
10. តែគាត់មិនព្រមបង្អង់នៅយប់នោះទៀតទេ ក៏ក្រោកឡើងចេញដំណើរទៅ បានទៅដល់ទន្ទឹមនឹងក្រុងយេប៊ូស (គឺក្រុងយេរូសាឡិម) នាំទាំងសត្វលា២ដែលចងកែប និងនាងជាប្រពន្ធចុងទៅជាមួយផង
11. កាលមកជិតក្រុងយេប៊ូស នោះថ្ងៃទន្ទាបណាស់ហើយ ដូច្នេះអ្នកបំរើគាត់បបួលថា សូមលោកអញ្ជើញបែរចូលទៅក្នុងទីក្រុងរបស់សាសន៍យេប៊ូសនេះស្នាក់នៅសិន
12. តែចៅហ្វាយឆ្លើយថា យើងមិនព្រមបែរចូលទៅក្នុងទីក្រុងរបស់សាសន៍ដទៃ ដែលមិនជាពួកកូនចៅសាសន៍អ៊ីស្រាអែលឡើយ យើងនឹងស្រូតទៅឲ្យដល់គីបៀរវិញ
13. រួចគាត់និយាយនឹងអ្នកបំរើថា ចូរយើងស្រូតទៅឲ្យដល់ទីណាមួយនោះ ដើម្បីនឹងដេកនៅ ទោះបើជានៅគីបៀរ ឬនៅរ៉ាម៉ាក្តី
14. ដូច្នេះ គេដើរបង្ហួសតាមផ្លូវទៅ កាលគេជិតនឹងដល់គីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីនហើយ នោះថ្ងៃលិចទៅ
15. ហើយគេក៏ងាកបែរចូលទៅក្នុងគីបៀ ដើម្បីនឹងដេកនៅទីនោះ គេចូលទៅអង្គុយនៅក្បែរផ្លូវក្នុងទីក្រុងនោះ ដោយព្រោះគ្មានអ្នកណាទទួលឲ្យស្នាក់នៅក្នុងផ្ទះឡើយ។
16. ខណៈនោះ មានបុរសចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅស្រែក្នុងវេលាល្ងាច អ្នកនោះជាមនុស្សស្រុកភ្នំអេប្រាអិម តែគាត់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីនវិញ
17. គាត់ងើបភ្នែកឡើងឃើញអ្នកដំណើរម្នាក់ កំពុងតែអង្គុយនៅក្បែរផ្លូវ ក៏សួរថា តើអ្នកអញ្ជើញទៅណា ហើយមកពីណា
18. គាត់ឆ្លើយឡើងថា យើងខ្ញុំប្របាទធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ដើម្បីនឹងទៅឯស្រុកភ្នំអេប្រាអិមម្ខាង ខ្ញុំប្របាទជាអ្នកស្រុកនោះឯង ហើយបានទៅឯបេថ្លេហិមស្រុកយូដា ឥឡូវនេះទៅឯដំណាក់ព្រះយេហូវ៉ា តែគ្មានអ្នកណាទទួលខ្ញុំប្របាទ ឲ្យចូលក្នុងផ្ទះសោះ
19. ខ្ញុំប្របាទមានចំបើង និងស្មៅសំរាប់លា ហើយមាននំបុ័ង និងស្រាទំពាំងបាយជូរសំរាប់ខ្លួន និងនាងស្រីនេះ ព្រមទាំងអ្នកកំឡោះ ដែលនៅជាមួយនឹងយើងខ្ញុំប្របាទនេះផង យើងខ្ញុំមិនមានខ្វះអ្វីទេ
20. អ្នកនោះឆ្លើយឡើងថា សូមឲ្យអ្នកបានសេចក្ដីសុខសាន្តចុះ តែសូមឲ្យគ្រប់របស់ដែលអ្នកត្រូវការបានជាភារៈលើខ្ញុំវិញ កុំឲ្យតែដេកនៅផ្លូវឡើយ