គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 19:10-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. តែ​គាត់​មិន​ព្រម​បង្អង់​នៅ​យប់​នោះ​ទៀត​ទេ ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ បាន​ទៅ​ដល់​ទន្ទឹម​នឹង​ក្រុង​យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡិម) នាំ​ទាំង​សត្វ​លា​២​ដែល​ចង​កែប និង​នាង​ជា​ប្រពន្ធ​ចុង​ទៅ​ជា​មួយ​ផង

11. កាល​មក​ជិត​ក្រុង​យេប៊ូស នោះ​ថ្ងៃ​ទន្ទាប​ណាស់​ហើយ ដូច្នេះ​អ្នក​បំរើ​គាត់​បបួល​ថា សូម​លោក​អញ្ជើញ​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​យេប៊ូស​នេះ​ស្នាក់​នៅ​សិន

12. តែ​ចៅ‌ហ្វាយ​ឆ្លើយ​ថា យើង​មិន​ព្រម​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​ដទៃ ដែល​មិន​ជា​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ឡើយ យើង​នឹង​ស្រូត​ទៅ​ឲ្យ​ដល់​គីបៀរ​វិញ

13. រួច​គាត់​និយាយ​នឹង​អ្នក​បំរើ​ថា ចូរ​យើង​ស្រូត​ទៅ​ឲ្យ​ដល់​ទី​ណា​មួយ​នោះ ដើម្បី​នឹង​ដេក​នៅ ទោះ​បើ​ជា​នៅ​គីបៀរ ឬ​នៅ​រ៉ាម៉ា​ក្តី

14. ដូច្នេះ គេ​ដើរ​បង្ហួស​តាម​ផ្លូវ​ទៅ កាល​គេ​ជិត​នឹង​ដល់​គីបៀរ ជា​ទី​ក្រុង​របស់​ពួក​បេន‌យ៉ា‌មីន​ហើយ នោះ​ថ្ងៃ​លិច​ទៅ

15. ហើយ​គេ​ក៏​ងាក​បែរ​ចូល​ទៅ​ក្នុង​គីបៀ ដើម្បី​នឹង​ដេក​នៅ​ទី​នោះ គេ​ចូល​ទៅ​អង្គុយ​នៅ​ក្បែរ​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទទួល​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឡើយ។

16. ខណៈ​នោះ មាន​បុរស​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ស្រែ​ក្នុង​វេលា​ល្ងាច អ្នក​នោះ​ជា​មនុស្ស​ស្រុក​ភ្នំ​អេប្រា‌អិម តែ​គាត់​នៅ​ក្រុង​គីបៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេន‌យ៉ា‌មីន​វិញ

17. គាត់​ងើប​ភ្នែក​ឡើង​ឃើញ​អ្នក​ដំណើរ​ម្នាក់ កំពុង​តែ​អង្គុយ​នៅ​ក្បែរ​ផ្លូវ ក៏​សួរ​ថា តើ​អ្នក​អញ្ជើញ​ទៅ​ណា ហើយ​មក​ពី​ណា

18. គាត់​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ដើម្បី​នឹង​ទៅ​ឯ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង ខ្ញុំ​ប្របាទ​ជា​អ្នក​ស្រុក​នោះ​ឯង ហើយ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា ឥឡូវ​នេះ​ទៅ​ឯ​ដំណាក់​ព្រះ‌យេហូវ៉ា តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំ​ប្របាទ ឲ្យ​ចូល​ក្នុង​ផ្ទះ​សោះ

19. ខ្ញុំ​ប្របាទ​មាន​ចំបើង និង​ស្មៅ​សំរាប់​លា ហើយ​មាន​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​ខ្លួន និង​នាង​ស្រី​នេះ ព្រម​ទាំង​អ្នក​កំឡោះ ដែល​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ​ផង យើង​ខ្ញុំ​មិន​មាន​ខ្វះ​អ្វី​ទេ

20. អ្នក​នោះ​ឆ្លើយ​ឡើង​ថា សូម​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ​សាន្ត​ចុះ តែ​សូម​ឲ្យ​គ្រប់​របស់​ដែល​អ្នក​ត្រូវ​ការ​បាន​ជា​ភារៈ​លើ​ខ្ញុំ​វិញ កុំ​ឲ្យ​តែ​ដេក​នៅ​ផ្លូវ​ឡើយ

21. ដូច្នេះ អ្នក​នោះ​ក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ ដាក់​ស្មៅ​ឲ្យ​លា​ស៊ី រួច​គេ​ក៏​លាង​ជើង ហើយ​បរិភោគ​ជា​មួយ​គ្នា​ទៅ។

22. រីឯ​កាល​គេ​កំពុង​តែ​តាំង​ចិត្ត ឲ្យ​អរ​សប្បាយ​ឡើង នោះ​មើល មាន​ពួក​មនុស្ស​ទុរជន​ខ្លះ​នៅ​ទី​នោះ គេ​មក​ព័ទ្ធ​ផ្ទះ គោះ​ទ្វារ​ហៅ​តា​ជា​ម្ចាស់​ផ្ទះ​នោះ​ថា ចូរ​នាំ​មនុស្ស​ដែល​បាន​មក​ក្នុង​ផ្ទះ​តា​ចេញ​មក​ឥឡូវ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​វា

សូមអានជំពូកពេញលេញ ចៅហ្វាយ 19