គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 18:21-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ដូច្នេះ គេ​បែរ​ចេញ​ទៅ ហើយ​គេ​ឲ្យ​កូន​ក្មេង និង​ហ្វូង​សត្វ ហើយ​នឹង​អីវ៉ាន់​ទាំង​ប៉ុន្មាន​ដើរ​ខាង​មុខ

22. កាល​បាន​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​មីកា​ហើយ នោះ​ពួក​អ្នក​នៅ​ផ្ទះ​ជិត​ខាង​មីកា ក៏​ប្រជុំ​គ្នា​ដេញ​តាម​ពួក​កូន​ចៅ​ដាន់​ឲ្យ​ទាន់

23. គេ​ស្រែក​ហៅ​ពួក​កូន​ចៅ​ដាន់ ឯ​អ្នក​ទាំង​នោះ​ក៏​ងាក​បែរ​មក​សួរ​មីកា​ថា ឯង​មាន​ហេតុ​អ្វី​បាន​ជា​ប្រមូល​គ្នា​ច្រើន​ដល់​ម៉្លេះ

24. គាត់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​បាន​នាំ​យក​ព្រះ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​សង្ឃ​របស់​ខ្ញុំ​មក តើ​ខ្ញុំ​នៅ​មាន​អ្វី​ទៀត ចុះ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​សួរ​ខ្ញុំ​ថា តើ​ឯង​មាន​ហេតុ​អ្វី​ដូច្នេះ

25. នោះ​ពួក​កូន​ចៅ​ដាន់​ឆ្លើយ​តប​ថា កុំ​ឲ្យ​មាន​ឮ​សំឡេង​ឯង​មក​ក្នុង​ពួក​យើង​ឡើយ ក្រែង​លោ​មាន​ពួក​អ្នក​មួម៉ៅ ស្ទុះ​ទៅ​លើ​ឯង​រាល់​គ្នា បំផ្លាញ​ជីវិត​ឯង​ទៅ ព្រម​ទាំង​ជីវិត​នៃ​ពួក​គ្រួ​ឯង​ផង

26. រួច​ពួក​កូន​ចៅ​ដាន់​ក៏​ទៅ​តាម​ផ្លូវ​គេ​ទៅ ឯ​មីកា​កាល​ឃើញ​ថា​គេ​មាន​កំឡាំង​ជាង​ខ្លួន នោះ​គាត់​ក៏​វិល​ត្រឡប់​មក​ផ្ទះ​វិញ។

27. ពួក​អ្នក​ទាំង​នោះ​គេ​នាំ​យក​របស់​ដែល​មីកា​បាន​ធ្វើ និង​សង្ឃ​របស់​គាត់ ទៅ​ដល់​ក្រុង​ឡាអ៊ីស​ជា​ទី​ដែល​មាន​មនុស្ស​រម្យ‌ទម ហើយ​សុខ​សាន្ត​នៅ រួច​គេ​សំឡាប់​ពួក​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ព្រម​ទាំង​យក​ភ្លើង​ឆួល​ដុត​ទី​ក្រុង​ផង

28. ឥត​មាន​អ្នក​ណា​មក​ជួយ​គេ​ឡើយ ពី​ព្រោះ​ទី​នោះ​នៅ​ឃ្លាត​ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​ពួក​នោះ​មិន​ប្រកប​គ្នា​នឹង​អ្នក​ណា​ផង ក្រុង​នោះ​នៅ​ក្នុង​វាល​ច្រក​ភ្នំ ដែល​នៅ​ជិត​បេត-រេហុប រួច​ហើយ​ពួក​កូន​ចៅ​ដាន់​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ ទុក​ជា​ទី​លំនៅ​របស់​គេ

29. ក៏​ដាក់​ឈ្មោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​អយ្យកោ​គេ ដែល​អ៊ីស្រា‌អែល​បាន​បង្កើត តែ​កាល​ពី​ដើម ក្រុង​នោះ​ឈ្មោះ​ឡាអ៊ីស​វិញ

30. ពួក​កូន​ចៅ​ដាន់​ក៏​តាំង​រូប​ឆ្លាក់​នោះ​សំរាប់​ខ្លួន​គេ ហើយ​យ៉ូណា‌ថាន ជា​កូន​គើសំម ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ ព្រម​ទាំង​កូន​ចៅ​គាត់​ធ្វើ​ជា​សង្ឃ​ដល់​ពូជ​អំបូរ​ដាន់​ត​ទៅ ដរាប​ដល់​ថ្ងៃ​ដែល​ពួក​ស្រុក​នោះ​ត្រូវ​គេ​និរទេស​ទៅ

31. គេ​បាន​តាំង​រូប​ឆ្លាក់​ដែល​មីកា​ធ្វើ​នោះ ទុក​សំរាប់​ពួក​គេ អស់​១​អំឡុង​ដែល​ដំណាក់​នៃ​ព្រះ​នៅ​ត្រង់​ស៊ីឡូរ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 18