គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 18:12-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ក៏​ឡើង​ទៅ​បោះ​ទ័ព នៅ​ត្រង់​គារយ៉ាត់-យារីម​ក្នុង​ស្រុក​យូដា ហេតុ​នោះ​បាន​ជា​គេ​ឲ្យ​ឈ្មោះ​ទី​នោះ​ថា ម៉ាហានេ-ដាន់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទី​នោះ​នៅ​ខាង​ក្រោយ​គារយ៉ាត់-យារីម

13. ពី​ទី​នោះ​គេ​ចូល​ទៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ហើយ​ក៏​មក​ដល់​ផ្ទះ​មីកា។

14. ឯ​ពួក​៥​នាក់ ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​ឡាអ៊ីស គេ​ក៏​ផ្តើម​និយាយ​ទៅ​បង​ប្អូន​គេ​ថា តើ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផ្ទះ​នេះ​មាន​អេផូឌ និង​រូប​ព្រះ ព្រម​ទាំង​រូប​ឆ្លាក់ និង​រូប​សិត​ផង​ឬ​ទេ ដូច្នេះ​ពិចារណា​មើល តើ​ត្រូវ​ធ្វើ​ដូច​ម្តេច

15. គេ​ក៏​បែរ​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​កំឡោះ​ជា​ពួក​លេវី​នេះ គឺ​ក្នុង​ផ្ទះ​របស់​មីកា ហើយ​ក៏​សាក‌សួរ​ពី​សេចក្ដី​សុខ​ទុក្ខ

16. ឯ​ពួក​កូន​ចៅ​ដាន់​ទាំង​៦០០​នាក់​ដែល​មាន​គ្រឿង​សឹក គេ​ឈរ​ចាំ​នៅ​ឰដ៏​មាត់​ទ្វារ

17. ពួក​៥​នាក់​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក ក៏​ឡើង​ចូល​ទៅ​ក្នុង​ផ្ទះ យក​ទាំង​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​រូប​ព្រះ និង​រូប​សិត​ផង ឯ​សង្ឃ​នោះ​គាត់​ឈរ​នៅ​មាត់​ទ្វារ​ជា​មួយ​នឹង​មនុស្ស​៦០០​នាក់ ដែល​មាន​គ្រឿង​សឹក

18. កាល​អ្នក​ទាំង​៥​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា យក​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​រូប​ព្រះ និង​រូប​សិត​ដូច្នោះ នោះ​គាត់​សួរ​ថា អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដូច្នេះ

19. តែ​គេ​ប្រាប់​គាត់​ថា ចូរ​នៅ​ឲ្យ​ស្ងៀម​ទៅ ហើយ​យក​ដៃ​ខ្ទប់​មាត់​ចុះ សូម​ទៅ​ជា​មួយ​នឹង​យើង​ធ្វើ​ជា​ឪពុក ហើយ​ជា​សង្ឃ​ដល់​យើង​វិញ ដែល​អ្នក​ធ្វើ​ជា​សង្ឃ​ដល់​ពួក​គ្រួ​មនុស្ស​តែ​ម្នាក់​នេះ នោះ​តើ​វិសេស​ជាង​ធ្វើ​ជា​សង្ឃ​ដល់​ពូជ​អំបូរ​១ គឺ​ដល់​វង្ស​១​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រា‌អែល​ឬ​អី

20. សង្ឃ​នោះ​មាន​ចិត្ត​អំណរ​ឡើង រួច​ក៏​យក​អេផូឌ និង​រូប​ព្រះ ព្រម​ទាំង​រូប​ឆ្លាក់​ផង ទៅ​ជា​មួយ​នឹង​គេ​ទៅ។

21. ដូច្នេះ គេ​បែរ​ចេញ​ទៅ ហើយ​គេ​ឲ្យ​កូន​ក្មេង និង​ហ្វូង​សត្វ ហើយ​នឹង​អីវ៉ាន់​ទាំង​ប៉ុន្មាន​ដើរ​ខាង​មុខ

22. កាល​បាន​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​មីកា​ហើយ នោះ​ពួក​អ្នក​នៅ​ផ្ទះ​ជិត​ខាង​មីកា ក៏​ប្រជុំ​គ្នា​ដេញ​តាម​ពួក​កូន​ចៅ​ដាន់​ឲ្យ​ទាន់

23. គេ​ស្រែក​ហៅ​ពួក​កូន​ចៅ​ដាន់ ឯ​អ្នក​ទាំង​នោះ​ក៏​ងាក​បែរ​មក​សួរ​មីកា​ថា ឯង​មាន​ហេតុ​អ្វី​បាន​ជា​ប្រមូល​គ្នា​ច្រើន​ដល់​ម៉្លេះ

24. គាត់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​បាន​នាំ​យក​ព្រះ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​សង្ឃ​របស់​ខ្ញុំ​មក តើ​ខ្ញុំ​នៅ​មាន​អ្វី​ទៀត ចុះ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​សួរ​ខ្ញុំ​ថា តើ​ឯង​មាន​ហេតុ​អ្វី​ដូច្នេះ

25. នោះ​ពួក​កូន​ចៅ​ដាន់​ឆ្លើយ​តប​ថា កុំ​ឲ្យ​មាន​ឮ​សំឡេង​ឯង​មក​ក្នុង​ពួក​យើង​ឡើយ ក្រែង​លោ​មាន​ពួក​អ្នក​មួម៉ៅ ស្ទុះ​ទៅ​លើ​ឯង​រាល់​គ្នា បំផ្លាញ​ជីវិត​ឯង​ទៅ ព្រម​ទាំង​ជីវិត​នៃ​ពួក​គ្រួ​ឯង​ផង

សូមអានជំពូកពេញលេញ ចៅហ្វាយ 18