គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 18:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ រីឯ​ពូជ​អំបូរ​ដាន់​នៅ​វេលា​នោះ គេ​រក​ស្រុក​តាំង​ជា​ទី​លំនៅ ទុក​ជា​កេរ‌អាករ​របស់​គេ ដ្បិត​តាំង​ពី​ដើម​រៀង​មក គេ​មិន​ទាន់​បាន​ទទួល​កេរ‌អាករ​របស់​គេ ក្នុង​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​នៅ​ឡើយ​ទេ

2. ដូច្នេះ ពួក​កូន​ចៅ​ដាន់​ក៏​រើស​ពួក​គេ​៥​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែស‌ថោល ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ដោយ​ពាក្យ​ថា ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​ទៅ គេ​ក៏​ចូល​មក​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម​ដល់​ផ្ទះ​មីកា ហើយ​ដេក​នៅ​ទី​នោះ​អស់​១​យប់

3. តែ​គ្រា​ដែល​មក​ជិត​ដល់​ផ្ទះ​មីកា​ហើយ នោះ​គេ​ឮ ហើយ​ក៏​ស្គាល់​សំឡេង​របស់​មនុស្ស​កំឡោះ ជា​ពួក​លេវី​នោះ រួច​ក៏​ចូល​ទៅ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​នាំ​អ្នក​មក​នេះ អ្នក​ធ្វើ​ជា​អ្វី​នៅ​ទី​នេះ ហើយ​មាន​អ្វី​នៅ​ឯ​ណេះ

4. គាត់​ឆ្លើយ​ថា មីកា​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​នេះ​មួយៗ គាត់​បាន​ជួល​ខ្ញុំ ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​គាត់

5. នោះ​គេ​ប្រាប់​ដល់​គាត់​ថា ដូច្នេះ​សូម​ឲ្យ​អ្នក​ទូល​សួរ​ព្រះ​មើល ដើម្បី​ឲ្យ​យើង​រាល់​គ្នា​ដឹង ជា​ផ្លូវ​ដែល​យើង​ទៅ​នេះ​នឹង​បាន​កើត​ការ​ឬ​ទេ

6. សង្ឃ​នោះ​ឆ្លើយ​តប​ថា សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ ដែល​អ្នក​រាល់​គ្នា​ទៅ​នោះ​ហើយ។

7. នោះ​ពួក​៥​នាក់​នាំ​គ្នា​ចេញ​ទៅ ក៏​បាន​ទៅ​ដល់​ក្រុង​ឡាអ៊ីស នៅ​ស្រុក​នោះ​គេ​ឃើញ​មាន​ពួក​មនុស្ស ដែល​នៅ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​រម្យ‌ទម ហើយ​សុខ‌សាន្ត ដ្បិត​នៅ​ស្រុក​នោះ គ្មាន​អ្នក​ណា​មាន​អំណាច នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស ក្នុង​ការ​អ្វី​ឡើយ គេ​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ឥត​ប្រកប​នឹង​អ្នក​ណា​មួយ​ផង

8. រួច​ពួក​ទាំង​៥​នាក់​ក៏​ត្រឡប់​ទៅ​ឯ​បង​ប្អូន​គេ ដែល​នៅ​សូរ៉ាស់ និង​អែស‌ថោល​វិញ បង​ប្អូន​គេ​ក៏​សួរ​ថា យ៉ាង​ម៉េច​ទៅ

9. គេ​ប្រាប់​ថា ចូរ​រៀប‌ចំ​ឡើង លើក​គ្នា​ទៅ​ច្បាំង​នឹង​គេ​ទៅ ដ្បិត​យើង​បាន​ឃើញ​ស្រុក​គេ​ល្អ​ណាស់ តើ​នៅ​ព្រងើយ​ដូច្នេះ​ធ្វើ​អី កុំ​ឲ្យ​ខ្ជិល​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​នោះ​ឡើយ

10. កាល​ណា​ចូល​ទៅ​ដល់ នោះ​នឹង​ឃើញ​ពួក​មនុស្ស ដែល​នៅ​ដោយ​សុខ‌សាន្ត ស្រុក​នោះ​ក៏​ធំ​ទូលាយ​ដែរ ដ្បិត​ព្រះ​បាន​ប្រគល់​ស្រុក​នោះ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ គឺ​ជា​កន្លែង​មិន​ចេះ​ខ្វះ​អ្វី ដែល​នៅ​ផែនដី​នេះ។

11. គ្រា​នោះ មាន​មនុស្ស​៦០០​នាក់​ពី​វង្ស​ដាន់ ដែល​នៅ​ត្រង់​សូរ៉ាស់ និង​អែស‌ថោល គេ​លើ​គ្នា​ចេញ​ទៅ​ទាំង​មាន​គ្រឿង​សឹក

12. ក៏​ឡើង​ទៅ​បោះ​ទ័ព នៅ​ត្រង់​គារយ៉ាត់-យារីម​ក្នុង​ស្រុក​យូដា ហេតុ​នោះ​បាន​ជា​គេ​ឲ្យ​ឈ្មោះ​ទី​នោះ​ថា ម៉ាហានេ-ដាន់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទី​នោះ​នៅ​ខាង​ក្រោយ​គារយ៉ាត់-យារីម

13. ពី​ទី​នោះ​គេ​ចូល​ទៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ហើយ​ក៏​មក​ដល់​ផ្ទះ​មីកា។

14. ឯ​ពួក​៥​នាក់ ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​ឡាអ៊ីស គេ​ក៏​ផ្តើម​និយាយ​ទៅ​បង​ប្អូន​គេ​ថា តើ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផ្ទះ​នេះ​មាន​អេផូឌ និង​រូប​ព្រះ ព្រម​ទាំង​រូប​ឆ្លាក់ និង​រូប​សិត​ផង​ឬ​ទេ ដូច្នេះ​ពិចារណា​មើល តើ​ត្រូវ​ធ្វើ​ដូច​ម្តេច

15. គេ​ក៏​បែរ​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​កំឡោះ​ជា​ពួក​លេវី​នេះ គឺ​ក្នុង​ផ្ទះ​របស់​មីកា ហើយ​ក៏​សាក‌សួរ​ពី​សេចក្ដី​សុខ​ទុក្ខ

សូមអានជំពូកពេញលេញ ចៅហ្វាយ 18