គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 16:9-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. រីឯ​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​មាន​មនុស្ស​បង្កប់​ខ្លួន​ចាំ ខណៈ​នោះ​នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​អ្នក​ហើយ តែ​គាត់​បណ្តាច់​វល្លិ​ទាំង​នោះ​ចេញ ដូច​ជា​សរសៃ​ចចូត ដែល​ត្រូវ​ដាច់​ដោយ​ប៉ះ​នឹង​ភ្លើង ដូច្នេះ គ្មាន​អ្នក​ណា​ដឹង ជា​គាត់​មាន​កំឡាំង​ប៉ុណ្ណា​ទេ។

10. នោះ​ដេលីឡា​និយាយ​នឹង​សាំសុន​ថា មើល បង​បាន​បញ្ឆោត​ខ្ញុំ ដោយ​ពោល​សុទ្ធ​តែ​ពាក្យ​ភរ‌ភូត​វិញ ម្តង​នេះ​សូម​ប្រាប់​ដល់​ខ្ញុំ តើ​នឹង​យក​អ្វី​មក​ចង​បង​ឲ្យ​ជាប់​បាន

11. គាត់​ឆ្លើយ​ថា បើ​គ្រាន់​តែ​ចង​អញ ដោយ​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​ការ​សោះ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ

12. ដូច្នេះ ដេលីឡា​ក៏​យក​ពួរ​ថ្មី​ទៅ​ចង​រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ ឯ​ពួក​អ្នក​ដែល​បង្កប់​ខ្លួន ក៏​នៅ​ចាំ​ឰដ៏​បន្ទប់​ខាង​ក្នុង គាត់​បណ្តាច់​ពួរ​នោះ​ចេញ​ពី​ដៃ​ទៅ គណនា​ដូច​ជា​អំបោះ​១​សរសៃ​សុទ្ធ។

13. ដេលីឡា​និយាយ​នឹង​សាំសុន​ថា តាំង​ពី​ដើម​ដល់​ឥឡូវ​នេះ បង​នៅ​តែ​បញ្ឆោត​ខ្ញុំ ដោយ​និយាយ​ភូត‌ភរ​ដដែល ចូរ​ប្រាប់​មក​ខ្ញុំ តើ​ត្រូវ​យក​អ្វី​ចង​បង​ឲ្យ​ជាប់​បាន គាត់​ឆ្លើយ​ថា ឲ្យ​ឯង​គ្រាន់​តែ​ក្រង​សក់​ក្បាល​អញ​ទាំង​៧​កំរង​ជាប់​ជា​១​នឹង​អំបោះ​អន្ទង​ទៅ

14. នាង​ក៏​បោះ​ស្នៀត​ភ្ជាប់​នឹង​ផ្សំ​ថែម​ទៀត រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ នោះ​គាត់​ភ្ញាក់​ពី​ដេក​ឡើង រដោះ​ស្នៀត​ចេញ​ពី​កី ជាប់​ទាំង​អំបោះ​អន្ទង​ទៅ​ផង។

សូមអានជំពូកពេញលេញ ចៅហ្វាយ 16