គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 16:24-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. កាល​ពួក​បណ្តា‌ជន​បាន​ឃើញ​គាត់ នោះ​គេ​សរសើរដល់​ព្រះ​របស់​គេ​ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បាន​បំផ្លាញ​ស្រុក​យើង ព្រម​ទាំង​សំឡាប់​ពួក​យើង​ជា​ច្រើន​ផង​នោះ

25. កាល​ចិត្ត​គេ​បាន​អរ​សប្បាយ​ឡើង​ហើយ នោះ​គេ​ប្រាប់​ថា ចូរ​នាំ​សាំសុន​មក​ឡក​ត្លុក​ឲ្យ​យើង​មើល​លេង គេ​ក៏​ហៅ​សាំសុន​ចេញ​ពី​ក្នុង​គុក​មក ហើយ​គាត់​ក៏​ឡក​ត្លុក​នៅ​មុខ​គេ គេ​ដាក់​គាត់​នៅ​ជា​កណ្តាល​នៃ​សសរ​រោង

26. នោះ​សាំសុន​សូម​ដល់​ក្មេង ដែល​ដឹក​ដៃ​គាត់​ថា សូម​បើក​ឲ្យ​ខ្ញុំ​ពាល់​សសរ​ដែល​ទ្រ​រោង​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្អែក​ទៅ​លើ​បន្តិច

27. រីឯ​រោង​នោះ​មាន​ពេញ​ណែន ដោយ​មនុស្ស ទាំង​ប្រុស​ទាំង​ស្រី ពួក​មេ​សាសន៍​ភីលីស្ទីន​ទាំង​អស់ ក៏​ប្រជុំ​គ្នា​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ប្រហែល​ជា​៣​ពាន់​នាក់​ទៀត​នៅ​មើល​សាំសុន ពី​លើ​ដំបូល កំពុង​ដែល​គាត់​ឡក​ត្លុក

28. គ្រា​នោះ​សាំសុន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ឲ្យ​ទូល‌បង្គំ​តែ​ម្តង​ណេះ​ចុះ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង‌សឹក ដល់​ពួក​សាសន៍​ភីលីស្ទីន ដោយ​ព្រោះ​ភ្នែក​ទូល‌បង្គំ​ទាំង​២​តែ​ម្តង

29. នោះ​សាំសុន​ក៏​ចាប់​សសរ​ទាំង​២ ដែល​ទ្រ​នៅ​ជា​កណ្តាល​រោង​នោះ ដោយ​ដៃ​ស្តាំ​ម្ខាង ហើយ​ដោយ​ដៃ​ឆ្វេង​ម្ខាង

30. រួច​គាត់​ថា សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​នឹង​ពួក​ភីលីស្ទីន​ចុះ នោះ​គាត់​ប្រឹង​រួប​យោល​ខ្លួន​ពេញ​កំឡាំង ហើយ​រោង​នោះ​បាន​រលំ​មក​លើ​ពួក​មេ ព្រម​ទាំង​បណ្តា‌ជន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទី​នោះ​ផង ដូច្នេះ ពួក​មនុស្ស​ដែល​គាត់​ធ្វើ​ឲ្យ​ស្លាប់​ក្នុង​កាល​ដែល​គាត់​ស្លាប់​ទៅ នោះ​មាន​ច្រើន​ជាង​ពួក​អ្នក ដែល​គាត់​បាន​សំឡាប់​ពី​កាល​នៅ​រស់​ទៅ​ទៀត

31. ឯ​បង​ប្អូន និង​ពួក​គ្រួ​ឪពុក​គាត់​ទាំង​អស់ គេ​ចុះ​ទៅ​សែង​ខ្មោច​គាត់​ឡើង​មក ក៏​បញ្ចុះ​នៅ​ក្នុង​ទី​កប់​ខ្មោច​របស់​ម៉ាណូអា ជា​ឪពុក នៅ​ជា​កណ្តាល​សូហារ និង​អែស‌ថោល គាត់​បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​២០​ឆ្នាំ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 16