គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 16:14-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. នាង​ក៏​បោះ​ស្នៀត​ភ្ជាប់​នឹង​ផ្សំ​ថែម​ទៀត រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ នោះ​គាត់​ភ្ញាក់​ពី​ដេក​ឡើង រដោះ​ស្នៀត​ចេញ​ពី​កី ជាប់​ទាំង​អំបោះ​អន្ទង​ទៅ​ផង។

15. នោះ​នាង​និយាយ​នឹង​គាត់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា បង​ស្រឡាញ់​ដល់​ខ្ញុំ​បាន បើ​ចិត្ត​បង​ទីទៃ​ពី​គ្នា​ដូច្នេះ បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​៣​ដង​នេះ​ហើយ ឥត​ប្រាប់​ពី​ដំណើរ​ដែល​បង​មាន​កំឡាំង​ខ្លាំង​ទាំង​ម៉្លេះ​ពី​ណា​មក​សោះ

16. រួច​មក ដោយ​នាង​ចេះ​តែ​រំអុក​បង្ខំ​រាល់​តែ​ថ្ងៃ ដោយ​ពាក្យ​សំដី​នាង បាន​ជា​គាត់​មាន​ចិត្ត​ព្រួយ​សឹង​តែ​នឹង​ស្លាប់

17. ហើយ​ក៏​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​នាង​ថា មិន​ដែល​មាន​កាំបិត​កោរ​សក់​ក្បាល​អញ​ឡើយ ដ្បិត​អញ​ជា​ពួក​ន៉ាសារីត​ដល់​ព្រះ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក បើ​កោរ​សក់​អញ​ហើយ នោះ​កំឡាំង​នឹង​ថយ​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត។

18. កាល​ដេលីឡា​ឃើញ​ថា គាត់​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដូច្នោះ នោះ​នាង​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​មក ដោយ​ពាក្យ​ថា សូម​ឡើង​មក​តែ​ម្តង​នេះ​ទៀត​ចុះ ដ្បិត​វា​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​ខ្ញុំ​ហើយ ដូច្នេះ​ពួក​មេ​ក៏​ឡើង​មក​ឯ​នាង ព្រម​ទាំង​យក​ប្រាក់​នោះ​មក​ផង

19. ខណៈ​នោះ​នាង​បាន​ផ្តេក​គាត់​ឲ្យ​លក់​នៅ​លើ​ភ្លៅ រួច​នាង​ហៅ​ម្នាក់​មក​ឲ្យ​កោរ​កំរង​ទាំង​៧​ពី​លើ​ក្បាល​គាត់​ចេញ នោះ​នាង​ចាប់​តាំង​ធ្វើ​ទុក្ខ​ដល់​គាត់ ហើយ​កំឡាំង​ក៏​ថយ​ចេញ​ពី​គាត់​ទៅ

20. រួច​នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ គាត់​ក៏​ភ្ញាក់​ពី​ដេក​ឡើង នឹក​ថា អញ​នឹង​ចេញ​ទៅ​រលាស់​ខ្លួន ដូច​ជា​សព្វ​១​ដង តែ​គាត់​មិន​ដឹង ជា​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ខ្លួន​ទេ

21. លំដាប់​នោះ​ពួក​ភីលីស្ទីន​ក៏​មក​ចាប់​គាត់ ចាក់​ឲ្យ​ខ្វាក់​ភ្នែក រួច​នាំ​ចុះ​ទៅ​ឯ​ក្រុង​កាសា ដល់​ហើយ​ក៏​យក​ច្រវាក់​លង្ហិន​មក​ដាក់​គាត់ រួច​គាត់​ត្រូវ​បង្វិល​ត្បាល់‌កិន​នៅ​ក្នុង​គុក

22. ប៉ុន្តែ ក្រោយ​ដែល​គេ​បាន​កោរ នោះ​សក់​ក៏​ចាប់​តាំង​លាស់​ឡើង​វិញ។

23. គ្រា​នោះ ពួក​មេ​សាសន៍​ភីលីស្ទីន ក៏​ប្រមូល​គ្នា​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ឱឡារិក​ដល់​ដាកុន ជា​ព្រះ​នៃ​គេ ហើយ​នាំ​គ្នា​សប្បាយ​ឡើង ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​សាំសុន​ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ

24. កាល​ពួក​បណ្តា‌ជន​បាន​ឃើញ​គាត់ នោះ​គេ​សរសើរដល់​ព្រះ​របស់​គេ​ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បាន​បំផ្លាញ​ស្រុក​យើង ព្រម​ទាំង​សំឡាប់​ពួក​យើង​ជា​ច្រើន​ផង​នោះ

25. កាល​ចិត្ត​គេ​បាន​អរ​សប្បាយ​ឡើង​ហើយ នោះ​គេ​ប្រាប់​ថា ចូរ​នាំ​សាំសុន​មក​ឡក​ត្លុក​ឲ្យ​យើង​មើល​លេង គេ​ក៏​ហៅ​សាំសុន​ចេញ​ពី​ក្នុង​គុក​មក ហើយ​គាត់​ក៏​ឡក​ត្លុក​នៅ​មុខ​គេ គេ​ដាក់​គាត់​នៅ​ជា​កណ្តាល​នៃ​សសរ​រោង

26. នោះ​សាំសុន​សូម​ដល់​ក្មេង ដែល​ដឹក​ដៃ​គាត់​ថា សូម​បើក​ឲ្យ​ខ្ញុំ​ពាល់​សសរ​ដែល​ទ្រ​រោង​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្អែក​ទៅ​លើ​បន្តិច

27. រីឯ​រោង​នោះ​មាន​ពេញ​ណែន ដោយ​មនុស្ស ទាំង​ប្រុស​ទាំង​ស្រី ពួក​មេ​សាសន៍​ភីលីស្ទីន​ទាំង​អស់ ក៏​ប្រជុំ​គ្នា​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ប្រហែល​ជា​៣​ពាន់​នាក់​ទៀត​នៅ​មើល​សាំសុន ពី​លើ​ដំបូល កំពុង​ដែល​គាត់​ឡក​ត្លុក

28. គ្រា​នោះ​សាំសុន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ឲ្យ​ទូល‌បង្គំ​តែ​ម្តង​ណេះ​ចុះ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង‌សឹក ដល់​ពួក​សាសន៍​ភីលីស្ទីន ដោយ​ព្រោះ​ភ្នែក​ទូល‌បង្គំ​ទាំង​២​តែ​ម្តង

សូមអានជំពូកពេញលេញ ចៅហ្វាយ 16