គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 16:13-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ដេលីឡា​និយាយ​នឹង​សាំសុន​ថា តាំង​ពី​ដើម​ដល់​ឥឡូវ​នេះ បង​នៅ​តែ​បញ្ឆោត​ខ្ញុំ ដោយ​និយាយ​ភូត‌ភរ​ដដែល ចូរ​ប្រាប់​មក​ខ្ញុំ តើ​ត្រូវ​យក​អ្វី​ចង​បង​ឲ្យ​ជាប់​បាន គាត់​ឆ្លើយ​ថា ឲ្យ​ឯង​គ្រាន់​តែ​ក្រង​សក់​ក្បាល​អញ​ទាំង​៧​កំរង​ជាប់​ជា​១​នឹង​អំបោះ​អន្ទង​ទៅ

14. នាង​ក៏​បោះ​ស្នៀត​ភ្ជាប់​នឹង​ផ្សំ​ថែម​ទៀត រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ នោះ​គាត់​ភ្ញាក់​ពី​ដេក​ឡើង រដោះ​ស្នៀត​ចេញ​ពី​កី ជាប់​ទាំង​អំបោះ​អន្ទង​ទៅ​ផង។

15. នោះ​នាង​និយាយ​នឹង​គាត់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា បង​ស្រឡាញ់​ដល់​ខ្ញុំ​បាន បើ​ចិត្ត​បង​ទីទៃ​ពី​គ្នា​ដូច្នេះ បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​៣​ដង​នេះ​ហើយ ឥត​ប្រាប់​ពី​ដំណើរ​ដែល​បង​មាន​កំឡាំង​ខ្លាំង​ទាំង​ម៉្លេះ​ពី​ណា​មក​សោះ

16. រួច​មក ដោយ​នាង​ចេះ​តែ​រំអុក​បង្ខំ​រាល់​តែ​ថ្ងៃ ដោយ​ពាក្យ​សំដី​នាង បាន​ជា​គាត់​មាន​ចិត្ត​ព្រួយ​សឹង​តែ​នឹង​ស្លាប់

17. ហើយ​ក៏​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​នាង​ថា មិន​ដែល​មាន​កាំបិត​កោរ​សក់​ក្បាល​អញ​ឡើយ ដ្បិត​អញ​ជា​ពួក​ន៉ាសារីត​ដល់​ព្រះ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក បើ​កោរ​សក់​អញ​ហើយ នោះ​កំឡាំង​នឹង​ថយ​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត។

18. កាល​ដេលីឡា​ឃើញ​ថា គាត់​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដូច្នោះ នោះ​នាង​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​មក ដោយ​ពាក្យ​ថា សូម​ឡើង​មក​តែ​ម្តង​នេះ​ទៀត​ចុះ ដ្បិត​វា​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​ខ្ញុំ​ហើយ ដូច្នេះ​ពួក​មេ​ក៏​ឡើង​មក​ឯ​នាង ព្រម​ទាំង​យក​ប្រាក់​នោះ​មក​ផង

19. ខណៈ​នោះ​នាង​បាន​ផ្តេក​គាត់​ឲ្យ​លក់​នៅ​លើ​ភ្លៅ រួច​នាង​ហៅ​ម្នាក់​មក​ឲ្យ​កោរ​កំរង​ទាំង​៧​ពី​លើ​ក្បាល​គាត់​ចេញ នោះ​នាង​ចាប់​តាំង​ធ្វើ​ទុក្ខ​ដល់​គាត់ ហើយ​កំឡាំង​ក៏​ថយ​ចេញ​ពី​គាត់​ទៅ

20. រួច​នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ គាត់​ក៏​ភ្ញាក់​ពី​ដេក​ឡើង នឹក​ថា អញ​នឹង​ចេញ​ទៅ​រលាស់​ខ្លួន ដូច​ជា​សព្វ​១​ដង តែ​គាត់​មិន​ដឹង ជា​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ខ្លួន​ទេ

សូមអានជំពូកពេញលេញ ចៅហ្វាយ 16