គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 16:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លំដាប់​នោះ​សាំសុន​ទៅ​ឯ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ឃើញ​ស្រី​សំផឹង​ម្នាក់ ហើយ​ក៏​ចូល​ទៅ​ឯ​នាង

2. មាន​គេ​ប្រាប់​ដល់​ពួក​ក្រុង​កាសា​ថា សាំសុន​បាន​មក​ហើយ គេ​ក៏​ព័ទ្ធ​ទី​ជុំវិញ លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង​រហូត​ទាល់​ភ្លឺ គេ​នៅ​សំងំ​ពេញ​១​យប់​នោះ ដោយ​សន្យា​គ្នា​ថា ដល់​ភ្លឺ​ឡើង​យើង​នឹង​សំឡាប់​វា​ចេញ

3. តែ​សាំសុន​គាត់​ដេក ទាល់​តែ​ដល់​ពាក់​កណ្តាល​អធ្រាត្រ រួច​ក្រោក​ឡើង ចាប់​យក​សន្លឹក​ទ្វារ​ទី​ក្រុង កន្ត្រាក់​ទាញ​បង្គោល​ទាំង​២ ព្រម​ទាំង​រនុក លី​ទាំង​អស់​ទៅ​លើ​កំពូល​ភ្នំ ដែល​នៅ​មុខ​ហេប្រុន​ទៅ។

4. ក្រោយ​មក​ទៀត គាត់​មាន​ស្រឡាញ់​ស្ត្រី​ម្នាក់​នៅ​ច្រក​ភ្នំ​សូរេក នាង​នោះ​ឈ្មោះ​ដេលីឡា

5. ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​ទៅ​បបួល​នាង​ថា ចូរ​លួង‌លោម​វា​មើល ដែល​វា​មាន​កំឡាំង​ខ្លាំង​ម៉្លេះ​ពី​ណា​មក ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ឈ្នះ​វា ដើម្បី​នឹង​ចាប់​ចង​បង្ក្រាប​វា​ទៅ​បាន នោះ​យើង​គ្រប់​គ្នា​នឹង​ឲ្យ​ប្រាក់​១១០០​ម្នាក់​ដល់​នាង

6. រួច​ដេលីឡា​ក៏​ល្បួង​សាំសុន​ថា សូម​ប្រាប់​ខ្ញុំ​ដែល​អ្នក​មាន​កំឡាំង​ជា​ខ្លាំង​ម៉្លេះ​ពី​ណា​មក តើ​យក​អ្វី​នឹង​ចង​បង្ក្រាប​អ្នក​បាន

7. នោះ​សាំសុន​ឆ្លើយ​តប​ថា បើ​គេ​យក​វល្លិ​ស្រស់​៧​ដើម ដែល​មិន​បាន​ហាល​ឲ្យ​ស្ងួត មក​ចង​អញ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ

8. ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលីស្ទីន ក៏​យក​វល្លិ​ស្រស់​៧​ដើម ដែល​មិន​បាន​ហាល​ឲ្យ​ស្ងួត​មក​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ចង​គាត់

9. រីឯ​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​មាន​មនុស្ស​បង្កប់​ខ្លួន​ចាំ ខណៈ​នោះ​នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​អ្នក​ហើយ តែ​គាត់​បណ្តាច់​វល្លិ​ទាំង​នោះ​ចេញ ដូច​ជា​សរសៃ​ចចូត ដែល​ត្រូវ​ដាច់​ដោយ​ប៉ះ​នឹង​ភ្លើង ដូច្នេះ គ្មាន​អ្នក​ណា​ដឹង ជា​គាត់​មាន​កំឡាំង​ប៉ុណ្ណា​ទេ។

10. នោះ​ដេលីឡា​និយាយ​នឹង​សាំសុន​ថា មើល បង​បាន​បញ្ឆោត​ខ្ញុំ ដោយ​ពោល​សុទ្ធ​តែ​ពាក្យ​ភរ‌ភូត​វិញ ម្តង​នេះ​សូម​ប្រាប់​ដល់​ខ្ញុំ តើ​នឹង​យក​អ្វី​មក​ចង​បង​ឲ្យ​ជាប់​បាន

11. គាត់​ឆ្លើយ​ថា បើ​គ្រាន់​តែ​ចង​អញ ដោយ​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​ការ​សោះ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ

12. ដូច្នេះ ដេលីឡា​ក៏​យក​ពួរ​ថ្មី​ទៅ​ចង​រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ ឯ​ពួក​អ្នក​ដែល​បង្កប់​ខ្លួន ក៏​នៅ​ចាំ​ឰដ៏​បន្ទប់​ខាង​ក្នុង គាត់​បណ្តាច់​ពួរ​នោះ​ចេញ​ពី​ដៃ​ទៅ គណនា​ដូច​ជា​អំបោះ​១​សរសៃ​សុទ្ធ។

13. ដេលីឡា​និយាយ​នឹង​សាំសុន​ថា តាំង​ពី​ដើម​ដល់​ឥឡូវ​នេះ បង​នៅ​តែ​បញ្ឆោត​ខ្ញុំ ដោយ​និយាយ​ភូត‌ភរ​ដដែល ចូរ​ប្រាប់​មក​ខ្ញុំ តើ​ត្រូវ​យក​អ្វី​ចង​បង​ឲ្យ​ជាប់​បាន គាត់​ឆ្លើយ​ថា ឲ្យ​ឯង​គ្រាន់​តែ​ក្រង​សក់​ក្បាល​អញ​ទាំង​៧​កំរង​ជាប់​ជា​១​នឹង​អំបោះ​អន្ទង​ទៅ

14. នាង​ក៏​បោះ​ស្នៀត​ភ្ជាប់​នឹង​ផ្សំ​ថែម​ទៀត រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ នោះ​គាត់​ភ្ញាក់​ពី​ដេក​ឡើង រដោះ​ស្នៀត​ចេញ​ពី​កី ជាប់​ទាំង​អំបោះ​អន្ទង​ទៅ​ផង។

15. នោះ​នាង​និយាយ​នឹង​គាត់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា បង​ស្រឡាញ់​ដល់​ខ្ញុំ​បាន បើ​ចិត្ត​បង​ទីទៃ​ពី​គ្នា​ដូច្នេះ បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​៣​ដង​នេះ​ហើយ ឥត​ប្រាប់​ពី​ដំណើរ​ដែល​បង​មាន​កំឡាំង​ខ្លាំង​ទាំង​ម៉្លេះ​ពី​ណា​មក​សោះ

សូមអានជំពូកពេញលេញ ចៅហ្វាយ 16