គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 15:11-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដូច្នេះ មាន​ពួក​យូដា​៣​ពាន់​នាក់ ចុះ​ទៅ​ដល់​ក្រហែង​ថ្ម​អេតាម​នោះ និយាយ​នឹង​សាំសុន​ថា តើ​ឯង​មិន​ដឹង​ថា​ពួក​ភីលីស្ទីន​ជា​ម្ចាស់​លើ​យើង​រាល់​គ្នា​ទេ​ឬ​អី ឯង​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ គាត់​ឆ្លើយ​តប​ថា ខ្ញុំ​គ្រាន់​តែ​បាន​ធ្វើ​ដល់​គេ ដូច​ជា​គេ​បាន​ធ្វើ​ខ្ញុំ​ហើយ​ទេ

12. នោះ​គេ​ប្រាប់​គាត់​ថា យើង​ចុះ​មក​នេះ ដើម្បី​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​ពួក​ភីលីស្ទីន សាំសុន​ឆ្លើយ​ថា ដូច្នេះ ចូរ​ស្បថ​នឹង​ខ្ញុំ​ថា ខ្លួន​អ្នក​រាល់​គ្នា​មិន​សំឡាប់​ខ្ញុំ​ទេ

13. គេ​ក៏​ទទួល​ព្រម​ថា អើ យើង​គ្រាន់​តែ​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​គេ​ប៉ុណ្ណោះ ឯ​ខ្លួន​យើង​មិន​សំឡាប់​ឯង​ជា​ប្រាកដ គេ​ក៏​យក​ខ្សែ​ថ្មី​២​មក​ចង​គាត់ នាំ​ឡើង​ចេញ​ពី​ថ្មដា​នោះ​ទៅ។

14. គ្រា​ដល់​លេហ៊ី​ហើយ កាល​ពួក​ភីលីស្ទីន​បាន​ឃើញ​គាត់ នោះ​ក៏​នាំ​គ្នា​ស្រែក​ឡើង រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ឯ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់ ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង​វិញ របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់

15. លុះ​គាត់​ឃើញ​ឆ្អឹង​ថ្គាម​ស្រស់​១​របស់​សត្វ​លា នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក វាយ​សំឡាប់​មនុស្ស​១​ពាន់​នាក់

16. រួច​សាំសុន​ថ្លែង​វាចា​ថា ដោយ‌សារ​ថ្គាម​លា អញ​វាយ​សំឡាប់​មនុស្ស​បាន​អស់​១​ពាន់​នាក់ ដោយ‌សារ​ថ្គាម​នោះ​មាន​គំនរ​មនុស្ស​គរ​លើ​គ្នា

17. កាល​គាត់​បាន​ថ្លែង​រួច​ហើយ ក៏​បោះ​ឆ្អឹង​ថ្គាម​នោះ​ពី​ដៃ​ចេញ​ទៅ គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា រ៉ាម៉ាត-លេហ៊ី

18. ខណៈ​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​បាន​ប្រទាន​ឲ្យ​ដៃ​អ្នក​បំរើ​ទ្រង់ មាន​ជ័យ‌ជំនះ​យ៉ាង​ធំ​នេះ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ស្លាប់ ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក ដែល​មិន​កាត់​ស្បែក​នេះ​វិញ​ឬ​អី

19. នោះ​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​មាន​ទី​ខូង​ដែល​នៅ​ត្រង់​លេហ៊ី រួច​មាន​ទឹក​ចេញ​មក កាល​គាត់​ផឹក​ទឹក​ហើយ នោះ​ក៏​មាន​វិញ្ញាណ​ឡើង​វិញ ព្រម​ទាំង​មាន​កំឡាំង​ឡើង​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា អេន-ហាកូរេ ក្បាល​ទឹក​នោះ​មាន​នៅ​ត្រង់​លេហ៊ី ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមអានជំពូកពេញលេញ ចៅហ្វាយ 15