ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

កំណើត​របស់​សាំសុន

1. លំដាប់​នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​អស់​រវាង​៤០​ឆ្នាំ។

2. គ្រា​នោះ​មាន​មនុស្ស​ម្នាក់​នៅ​ត្រង់​សូរ៉ាស់ ក្នុង​ពួក​គ្រួ​ដាន់ ឈ្មោះ​ម៉ាណូអា ប្រពន្ធ​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ

3. នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ប្រពន្ធ​គាត់​ឃើញ ហើយ​ប្រាប់​ថា មើល​ឥឡូវ​នេះ ឯង​ជា​ស្ត្រី​អារ​គ្មាន​កូន តែ​ឯង​នឹង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​វិញ

4. ដូច្នេះ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ដែរ

5. ដ្បិត​មើល​ឯង​នឹង​មាន​ទំងន់ បង្កើត​បាន​កូន​ប្រុស តែ​មិន​ត្រូវ​យក​កាំបិត​កោរ​សក់​វា​ឡើយ ពី​ព្រោះ​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ន៉ាសារីត ថ្វាយ​ព្រះ​តាំង​ពី​ផ្ទៃ​ម្តាយ​មក វា​នឹង​ចាប់​តាំង​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន

6. ដូច្នេះ នាង​ក៏​ទៅ​ប្រាប់​ដល់​ប្ដី​ថា មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​បាន​មក​ឯ​ខ្ញុំ អ្នក​នោះ​មាន​ភាព​មើល​ទៅ​ដូច​ជា​ទេវតា​នៃ​ព្រះ គួរ​ឲ្យ​ស្ញែង​ខ្លាច តែ​ខ្ញុំ​មិន​បាន​សួរ​ដែល​លោក​មក​ពី​ណា​ទេ លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ដល់​ខ្ញុំ​ដែរ

7. តែ​បាន​ប្រាប់​ខ្ញុំ​ថា មើល ឯង​នឹង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ ឥឡូវ​នេះ កុំ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ផង ដ្បិត​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ន៉ាសារីត ថ្វាយ​ព្រះ​តាំង​ពី​ក្នុង​ផ្ទៃ​មក ដរាប​ដល់​ថ្ងៃ​ស្លាប់។

8. ដូច្នេះ ម៉ាណូអា​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​អ្នក​សំណប់​របស់​ព្រះ ដែល​ទ្រង់​បាន​ចាត់​មក​ឯ​យើង​ខ្ញុំ​នោះ បាន​មក​ម្តង​ទៀត ដើម្បី​នឹង​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ពី​ការ ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​ត្រូវ​កើត​មក​នោះ

9. ព្រះ​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ម៉ាណូអា ទេវតា​នៃ​ព្រះ​ក៏​មក​ឯ​នាង​ម្តង​ទៀត ក្នុង​កាល​ដែល​នាង​កំពុង​អង្គុយ​នៅ​ចំការ តែ​ម៉ាណូអា​ជា​ប្ដី មិន​បាន​នៅ​ជា​មួយ​នឹង​នាង​ទេ

10. នោះ​នាង​ក៏​រត់​ទៅ​ជា​ប្រញាប់​ប្រាប់​ប្ដី​ថា មើល អ្នក​ដែល​បាន​មក​ឯ​ខ្ញុំ​ពី​ថ្ងៃ​មុន បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ទៀត​ហើយ

11. ដូច្នេះ ម៉ាណូអា​ក៏​ក្រោក​ឡើង​ដើរ​តាម​ប្រពន្ធ​ទៅ​ឯ​អ្នក​នោះ​សួរ​ថា តើ​លោក​ឬ​អី ដែល​បាន​និយាយ​នឹង​នាង​នេះ ទេវតា​ឆ្លើយ​ថា អើ​មែន​ហើយ

12. ម៉ាណូអា​សួរ​ថា ដូច្នេះ​កាល​ណា​ពាក្យ​លោក​បាន​សំរេច​ហើយ នោះ​តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​របៀប​យ៉ាង​ណា ហើយ​ប្រព្រឹត្ត​ចំពោះ​កូន​នោះ​ជា​យ៉ាង​ដូច​ម្តេច​ទៅ

13. ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆ្លើយ​ថា ត្រូវ​ឲ្យ​នាង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​គ្រប់​សេចក្ដី ដែល​អញ​បាន​ប្រាប់​ហើយ​នោះ

14. គឺ​មិន​ត្រូវ​ឲ្យ​បរិភោគ​អ្វី ដែល​កើត​ពី​ដើម​ទំពាំង‌បាយ‌ជូរ​ឡើយ ក៏​មិន​ត្រូវ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា ឬ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ផង ត្រូវ​ឲ្យ​នាង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ហើយ។

15. គ្រា​នោះ ម៉ាណូអា​ទូល​ទៅ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​សូម​ឃាត់​លោក​បន្តិច ដើម្បី​នឹង​ចាត់‌ចែង​រៀប‌ចំ​កូន​ពពែ​១​ជូន​លោក

16. តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រកែក​ថា ទោះ​បើ​ឯង​ឃាត់​អញ ក៏​អញ​មិន​បរិភោគ​ម្ហូប​របស់​ឯង​ដែរ បើ​ឯង​ចង់​ថ្វាយ​ដង្វាយ​ដុត នោះ​ត្រូវ​តែ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ ឯ​ម៉ាណូអា គាត់​មិន​ដឹង​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទេ

17. ក៏​សួរ​ថា តើ​លោក​មាន​នាម​ដូច​ម្តេច ដើម្បី​កាល​ណា​បាន​សំរេច​ដូច​ជា​ពាក្យ​លោក នោះ​ឲ្យ​យើង​ខ្ញុំ​បាន​លើក​សរសើរ​ដល់​នាម​លោក​ផង

18. តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ថា ហេតុ​អ្វី​បាន​ជា​ឯង​សួរ​រក​ឈ្មោះ​អញ ដ្បិត​ឈ្មោះ​អញ​នេះ​ប្លែក​អស្ចារ្យ

19. ដូច្នេះ ម៉ាណូអា​គាត់​យក​កូន​ពពែ និង​ដង្វាយ​ម្សៅ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​លើ​ថ្ម រួច​ទេវតា​ក៏​ធ្វើ​យ៉ាង​អស្ចារ្យ ក្នុង​ខណៈ​ដែល​ម៉ាណូអា និង​ប្រពន្ធ​កំពុង​មើល

20. គឺ​កាល​អណ្តាត​ភ្លើង​បាន​ឆេះ​ពី​លើ​អាសនា​ឡើង នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ហោះ​ឡើង​ទៅ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​លើ​អាសនា​នោះ​ទៅ ឯ​ម៉ាណូអា និង​ប្រពន្ធ​ក៏​មើល រួច​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​ទាំង​២​នាក់។

21. តាំង​ពី​នោះ​មក​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​ម៉ាណូអា ឬ​ប្រពន្ធ​គាត់​ឃើញ​ទៀត​ឡើយ ដូច្នេះ ម៉ាណូអា​ក៏​ដឹង​ថា ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា

22. រួច​ប្រាប់​ប្រពន្ធ​ថា យើង​នឹង​ស្លាប់​ជា​ប្រាកដ ពី​ព្រោះ​យើង​បាន​ឃើញ​ព្រះ​ហើយ

23. តែ​ប្រពន្ធ​ឆ្លើយ​ថា បើ​សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សំឡាប់​យើង នោះ​ទ្រង់​មិន​បាន​ទទួល​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ​ពី​ដៃ​យើង​ដូច្នេះ​ទេ ក៏​មិន​បាន​ឲ្យ​យើង​ឃើញ​អស់​ទាំង​ការ​នេះ ឬ​ប្រាប់​សេចក្ដី​យ៉ាង​នេះ ឲ្យ​យើង​ដឹង​នៅ​វេលា​នេះ​ដែរ។

24. នាង​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ ឲ្យ​ឈ្មោះ​ថា សាំសុន កូន​នោះ​ក៏​មាន​វ័យ​ធំ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ឲ្យ

25. ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចាប់​តាំង​បណ្តាល​គាត់ នៅ​ត្រង់​ម៉ាហានេ-ដាន់ ដែល​នៅ​កណ្តាល​សូរ៉ាស់ ហើយ​នឹង​អែស‌ថោល។