គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 12:6-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​ពួក​កាឡាត​បង្គាប់​ឲ្យ​គេ​ចេញ​ពាក្យ​ថា «ស៊ីបូ‌លែត» ហើយ​បើ​គេ​ថា «ឈីបូ‌លែត»វិញ ដោយ​គេ​ធ្វើ​មាត់​ឲ្យ​ចេញ​ខ្យល់​នោះ​មិន​ត្រូវ នោះ​ក៏​ចាប់​គេ​សំឡាប់​ទៅ ត្រង់​ផ្លូវ​ឆ្លង​ទន្លេ​យ័រដាន់​នៅ​វេលា​នោះ មាន​ពួក​អេប្រា‌អិម​ដួល​ស្លាប់ អស់​ចំនួន​៤​ម៉ឺន​២​ពាន់​នាក់

7. ឯ​យែបថា​បាន​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល​អស់​៦​ឆ្នាំ រួច​លោក​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ក្នុង​ក្រុង​១​របស់​ស្រុក​កាឡាត។

8. ក្រោយ​ពី​លោក​មក នោះ​មាន​ឈ្មោះ​អ៊ីបសាន ជា​អ្នក​ក្រុង​បេថ្លេ‌ហិម បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល

9. លោក​មាន​កូន​ប្រុស​៣០ ហើយ​បាន​ឲ្យ​កូន​ស្រី​៣០ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ ក៏​នាំ​យក​កូន​ស្រី​ដទៃ​៣០ មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​វិញ អ៊ីបសាន​នេះ​បាន​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​៧​ឆ្នាំ

10. រួច​ក៏​ស្លាប់​ទៅ គេ​បញ្ចុះ​សព​នៅ​ត្រង់​បេថ្លេ‌ហិម។

11. ក្រោយ​ពី​លោក​នោះ​មក មាន​ឈ្មោះ​អេឡូន ជា​ពួក​សាប់‌យូល៉ូន បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​១០​ឆ្នាំ

12. រួច​អេឡូន​ជា​ពួក​សាប់‌យូល៉ូន ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​អាយ៉ា‌ឡូន ក្នុង​ស្រុក​សាប់‌យូល៉ូន។

13. ក្រោយ​ពី​លោក​មក​មាន​ឈ្មោះ​អាបដូន ជា​កូន​ហ៊ីលេល ក្នុង​ពួក​ពីរ៉ាថូន បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល

14. លោក​មាន​កូន​ប្រុស​៤០​នាក់ ហើយ​មាន​ចៅ​៣០​នាក់ ដែល​សុទ្ធ​តែ​មាន​កូន​លា​១​ម្នាក់​សំរាប់​ជិះ អាបដូន ជា​កូន​ហ៊ីលេល ក្នុង​ពួក​ពីរ៉ាថូន បាន​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​៨​ឆ្នាំ

15. រួច​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​ពីរ៉ាថូន​ក្នុង​ស្រុក​អេប្រា‌អិម ជា​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ា‌លេក។

សូមអានជំពូកពេញលេញ ចៅហ្វាយ 12