គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 10:4-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. លោក​មាន​កូន​ប្រុស​៣០​នាក់ ដែល​មាន​កូន​លា​១​ម្នាក់​សំរាប់​ជិះ គេ​ក៏​មាន​ទី​ក្រុង​៣០​ដែល​ហៅ​ថា ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក្រុង​ទាំង​នោះ​នៅ​ស្រុក​កាឡាត

5. ឯ​យ៉ាអ៊ារ​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​កាម៉ូន។

6. គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល ហើយ​នឹង​ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​របស់​សាសន៍​ស៊ីរី សាសន៍​ស៊ីដូន សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន និង​សាសន៍​ភីលីស្ទីន​ផង គេ​បោះ‌បង់​ព្រះ‌យេហូវ៉ា​ចោល ក៏​លែង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ទៅ

7. នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា ក៏​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​លក់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន និង​ពួក​កូន​ចៅ​អាំម៉ូន

8. ពួក​ទាំង​នោះ​ក៏​ធ្វើ​ទុក្ខ ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​របស់​ពួក​សាសន៍​អាម៉ូរី គឺ​ជា​ស្រុក​កាឡាត ចាប់​តាំង​ពី​ឆ្នាំ​នោះ រហូត​ដល់​អស់​១៨​ឆ្នាំ​ត​ទៅ​មុខ

9. រួច​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ច្បាំង​នឹង​ពួក​យូដា ពួក​បេន‌យ៉ា‌មីន និង​ពួក​វង្ស​អេប្រា‌អិម​ថែម​ទៀត បាន​ជា​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។

10. គ្រា​នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​យើង​ខ្ញុំ​បាន​លះ​ចោល​ព្រះ​នៃ​យើង​ខ្ញុំ ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល​វិញ

11. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ទៅ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា តើ​អញ​មិន​បាន​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​ពួក​សាសន៍​អេស៊ីព្ទ សាសន៍​អាម៉ូរី និង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នឹង​សាសន៍​ភីលីស្ទីន​ទេ​ឬ​អី

12. មួយ​ទៀត ពួក​សាសន៍​ស៊ីដូន សាសន៍​អាម៉ា‌លេក និង​ពួក​ម៉ាអូន បាន​ធ្វើ​ទុក្ខ​ដល់​ឯង​រាល់​គ្នា​ដែរ តែ​កាល​ឯង​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​អញ នោះ​អញ​បាន​ជួយ​សង្គ្រោះ​ឯង ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ទៅ

សូមអានជំពូកពេញលេញ ចៅហ្វាយ 10