គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 10:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​ពី​អ័ប៊ី‌ម៉្មា‌ឡិច នោះ​មាន​ថូឡា ជា​កូន​ពូវ៉ា ដែល​ជា​កូន​ដូដូរ ក្នុង​ពួក​អ៊ីសាខារ បាន​តាំង​ឡើង​ជួយ​សង្គ្រោះ​ដល់​ពួក​អ៊ីស្រា‌អែល លោក​នៅ​ត្រង់​សាមារ ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម

2. ក៏​បាន​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល​អស់​២៣​ឆ្នាំ រួច​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​សាមារ​នោះ។

3. ក្រោយ​ពី​នោះ​មក​មាន​យ៉ាអ៊ារ ជា​ពួក​កាឡាត បាន​តាំង​ឡើង លោក​បាន​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល អស់​២២​ឆ្នាំ

4. លោក​មាន​កូន​ប្រុស​៣០​នាក់ ដែល​មាន​កូន​លា​១​ម្នាក់​សំរាប់​ជិះ គេ​ក៏​មាន​ទី​ក្រុង​៣០​ដែល​ហៅ​ថា ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក្រុង​ទាំង​នោះ​នៅ​ស្រុក​កាឡាត

5. ឯ​យ៉ាអ៊ារ​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​កាម៉ូន។

6. គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល ហើយ​នឹង​ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​របស់​សាសន៍​ស៊ីរី សាសន៍​ស៊ីដូន សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន និង​សាសន៍​ភីលីស្ទីន​ផង គេ​បោះ‌បង់​ព្រះ‌យេហូវ៉ា​ចោល ក៏​លែង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ទៅ

7. នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា ក៏​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​លក់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន និង​ពួក​កូន​ចៅ​អាំម៉ូន

8. ពួក​ទាំង​នោះ​ក៏​ធ្វើ​ទុក្ខ ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​របស់​ពួក​សាសន៍​អាម៉ូរី គឺ​ជា​ស្រុក​កាឡាត ចាប់​តាំង​ពី​ឆ្នាំ​នោះ រហូត​ដល់​អស់​១៨​ឆ្នាំ​ត​ទៅ​មុខ

សូមអានជំពូកពេញលេញ ចៅហ្វាយ 10