គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 1:18-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ពួក​យូដា​ក៏​ចាប់​យក​ក្រុង​កាសា ព្រម​ទាំង​ដែន​ស្រុក និង​អាស‌កា‌ឡូន ព្រម​ទាំង​ដែន​ស្រុក ហើយ​នឹង​អេក្រុន ព្រម​ទាំង​ដែន​ស្រុក​ដែរ

19. ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ពួក​យូដា បាន​ជា​គេ​ឈ្នះ​ស្រុក​ភ្នំ​បាន តែ​គេ​ពុំ​អាច​នឹង​បណ្តេញ​ពួក​អ្នក​ដែល​នៅ​វាល​ច្រក​ភ្នំ​ចេញ​បាន​ទេ ពី​ព្រោះ​ពួក​នោះ​មាន​សុទ្ធ​តែ​រទេះ​ដែក

20. គេ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ដល់​កាលែប ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក នោះ​គាត់​បណ្តេញ​ពួក​កូន​អ័ណាក់​ទាំង​៣​នាក់​ចេញ

21. រីឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ទេ សាសន៍​នោះ​បាន​នៅ​ជា​មួយ​នឹង​កូន​ចៅ​បេន‌យ៉ា‌មីន នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

22. ឯ​ពួក​វង្ស​យ៉ូសែប គេ​ឡើង​ទៅ ទាស់​នឹង​បេត-អែល ហើយ​ព្រះ‌យេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​គេ

23. គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​បេត-អែល​នោះ (រីឯ​ទី​ក្រុង​នោះ ពី​ដើម​ហៅ​ថា លូស)

24. ពួក​ឈ្លប​នោះ​គេ​បាន​ឃើញ​មនុស្ស​ម្នាក់​ចេញ​ពី​ទី​ក្រុង​មក ហើយ​ក៏​សួរ​ថា សូម​អ្នក​បង្ហាញ​ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង នោះ​យើង​នឹង​អាណិត​មេត្តា​ដល់​អ្នក

25. អ្នក​នោះ​ក៏​បង្ហាញ​ផ្លូវ​ដល់​គេ រួច​គេ​កាប់​សំឡាប់​ពួក​ក្រុង​នោះ​ដោយ​មុខ​ដាវ តែ​គេ​លែង​អ្នក​នោះ ព្រម​ទាំង​គ្រួសារ​គាត់ ឲ្យ​ទៅ​វិញ

26. អ្នក​នោះ​ក៏​ទៅ​សង់​ទី​ក្រុង​១​នៅ​ត្រង់​ស្រុក​សាសន៍​ហេត រួច​ដាក់​ឈ្មោះ​ថា ក្រុង​លូស ឈ្មោះ​នោះ​ក៏​នៅ​ជាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

27. ឯ​ពួក​ម៉ាន៉ាសេ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​បេត-សៀន និង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​ត្អាណាក និង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​ដោរ និង​តំបន់​ដែល​នៅ​ជុំវិញ ពួក​ក្រុង​យីបលាម និង​តំបន់​នៅ​ជុំវិញ ឬ​ពួក​ក្រុង​មេគី‌ដោ និង​តំបន់​នៅ​ជុំវិញ​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​បាន​តាំង​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ

28. តែ​លុះ​កាល​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​កំឡាំង​ឡើង នោះ​គេ​ក៏​ចាប់​ពួក​សាសន៍​កាណាន​ឲ្យ​ធ្វើ​ការ​បំរើ​គេ ឥត​បាន​បណ្តេញ​ទាំង​អស់​ទេ។

29. ឯ​ពួក​អេប្រា‌អិម គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ដែរ គឺ​ពួក​កាណាន​នោះ​បាន​នៅ​កេស៊ើរ ជា​កណ្តាល​ពួក​គេ​វិញ។

30. ឯ​ពួក​សាប់‌យូល៉ូន គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​ក្រុង​គីត្រុន ឬ​ពួក​អ្នក​ក្រុង​ណាហា‌ឡាល​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​នៅ​ជា​កណ្តាល​ពួក​គេ ហើយ​ក៏​ទទួល​ព្រម​ធ្វើ​ការ​បំរើ​គេ។

31. ឯ​ពួក​អេស៊ើរ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​អាកូរ ស៊ីដូន អាស់‌ឡាប់ អាក់‌ស៊ីប ហេលបា អាផែក ឬ​រេហុប​ចេញ​ទេ

32. គឺ​ពួក​អេស៊ើរ​នៅ​ជា​កណ្តាល​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ​វិញ ពី​ព្រោះ​គេ​មិន​បាន​បណ្តេញ​សាសន៍​នោះ​ចេញ​ទេ។

33. ឯ​ពួក​ណែប‌ថាលី គេ​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សេមែស ឬ​ពួក​ក្រុង​បេត-អា‌ណាត​ចេញ​ដែរ គឺ​គេ​នៅ​ជា​កណ្តាល​ពួក​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ​វិញ ប៉ុន្តែ ពួក​អ្នក​នៅ​ក្រុង​បេត-សេមែស និង​បេត-អាណាត​បាន​ទទួល​ព្រម​ធ្វើ​ការ​បំរើ​ដល់​គេ។

34. ឯ​ពួក​កូន​ចៅ​ដាន់ នោះ​ពួក​សាសន៍​អាម៉ូរី​បាន​បង្ខំ​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ភ្នំ មិន​ព្រម​ឲ្យ​គេ​ចុះ​មក​នៅ​វាល​ច្រក​ភ្នំ​ឡើយ

35. ឯ​ពួក​សាសន៍​អាម៉ូរី​នោះ បាន​តាំង​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​ភ្នំ​ហេរេស នៅ​ក្រុង​អាយ៉ា‌ឡូន និង​ក្រុង​ស្អាល‌ប៊ីម ប៉ុន្តែ កាល​ដៃ​ពួក​វង្ស​យ៉ូសែប​បាន​ឈ្នះ នោះ​ក៏​បង្ក្រាប​គេ​ឲ្យ​ទទួល​ព្រម​ធ្វើ​ការ​បំរើ​វិញ

36. ឯ​ព្រំ​ស្រុក​របស់​សាសន៍​អាម៉ូរី នោះ​ចាប់​តាំង​ពី​ច្រក​ភ្នំ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​អាក្រា‌ប៊ីម គឺ​ពី​ថ្មដា​ឡើង​ទៅ​លើ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 1