គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 9:5-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង ឬ​ដោយ​ព្រោះ​ចិត្ត​ឯង​ទៀង​ត្រង់ ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​គេ​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​វិញ​ទេ​តើ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង គឺ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​នឹង​យ៉ាកុប។

6. ដូច្នេះ ចូរ​ដឹង​ថា ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ស្រុក​ដ៏​ល្អ​នេះ​មក​ឲ្យ​ឯង​បាន​ចាប់​យក នោះ​មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង​ទេ ដ្បិត​ឯង​ជា​សាសន៍​មាន​ក្បាល​រឹង​វិញ។

7. ចូរ​នឹក​ចាំ កុំ​ឲ្យ​ភ្លេច​ឡើយ ថា​ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង មាន​សេចក្ដី​ក្រោធ នៅ​ត្រង់​ទី​រហោ‌ស្ថាន ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ដរាប

8. នៅ​ត្រង់​ភ្នំ​ហោរែប​ក៏​ដែរ ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​ចេញ​ផង

9. ក្នុង​គ្រា​ដែល​អញ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​នឹង​ទទួល​បន្ទះ​ថ្ម ជា​បន្ទះ​មាន​កត់​ចុះ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​ឯង​រាល់​គ្នា នោះ​អញ​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់ ឥត​មាន​បរិភោគ​អាហារ ឬ​ផឹក​ទឹក​សោះ

10. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង ដែល​សរសេរ​ដោយ​អង្គុលី​ព្រះ‌ហស្ត​នៃ​ទ្រង់​នៅ​ថ្ម​ទាំង​២​នោះ​មាន​កត់​ចុះ​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ នា​ថ្ងៃ​ដែល​ប្រជុំ​គ្នា​នោះ

11. លុះ​ដល់​ផុត​៤០​ថ្ងៃ​៤០​យប់​នោះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ​ដល់​អញ គឺ​ជា​បន្ទះ​នៃ​សេចក្ដី​សញ្ញា

12. រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​អញ​ថា ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​ពួក​ជន​ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ក៏​បាន​សិត​ធ្វើ​រូប​ព្រះ​សំរាប់​គេ​ហើយ

13. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ទៀត​ថា អញ​បាន​រំពឹង​មើល​ឃើញ​ថា សាសន៍​នេះ​គេ​មាន​ក្បាល​រឹង​ទាំង​អស់​គ្នា

14. ឈប់​សិន ចាំ​អញ​នឹង​បំផ្លាញ​គេ​ចេញ ព្រម​ទាំង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ទៅ រួច​អញ​នឹង​យក​ឯង បង្កើត​ឡើង​ជា​សាសន៍​១​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​គេ​ទៅ​ទៀត

15. ដូច្នេះ​អញ​បាន​វិល​ចុះ​ពី​ភ្នំ​មក មាន​បន្ទះ​ថ្ម​ទាំង​២​នៃ​សេចក្ដី​សញ្ញា កាន់​នៅ​ដៃ​ទាំង​សង​ខាង​ផង ឯ​ភ្នំ​ក៏​មាន​សុទ្ធ​តែ​ភ្លើង​ឆេះ​នៅ

16. អញ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ហើយ ដោយ​បាន​សិត​ធ្វើ​រូប​កូន​គោ​១ ឯង​បាន​ប្រញាប់​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឯង​ណាស់

17. នោះ​អញ​បាន​ចាប់​យក​ថ្ម​ទាំង​២​ផ្ទាំង បោះ​ពី​ដៃ​អញ​បំបែក​ចោល​ទៅ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា។

18. រួច​អញ​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជាន់​មុន ឥត​មាន​បរិភោគ ឬ​ផឹក​ទឹក​សោះ​ឡើយ ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង

19. ដ្បិត​អញ​បាន​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃោរ‌ឃៅ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​នោះ​ណាស់ ហើយ​នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​អញ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 9