គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 9:13-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ទៀត​ថា អញ​បាន​រំពឹង​មើល​ឃើញ​ថា សាសន៍​នេះ​គេ​មាន​ក្បាល​រឹង​ទាំង​អស់​គ្នា

14. ឈប់​សិន ចាំ​អញ​នឹង​បំផ្លាញ​គេ​ចេញ ព្រម​ទាំង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ទៅ រួច​អញ​នឹង​យក​ឯង បង្កើត​ឡើង​ជា​សាសន៍​១​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​គេ​ទៅ​ទៀត

15. ដូច្នេះ​អញ​បាន​វិល​ចុះ​ពី​ភ្នំ​មក មាន​បន្ទះ​ថ្ម​ទាំង​២​នៃ​សេចក្ដី​សញ្ញា កាន់​នៅ​ដៃ​ទាំង​សង​ខាង​ផង ឯ​ភ្នំ​ក៏​មាន​សុទ្ធ​តែ​ភ្លើង​ឆេះ​នៅ

16. អញ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ហើយ ដោយ​បាន​សិត​ធ្វើ​រូប​កូន​គោ​១ ឯង​បាន​ប្រញាប់​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឯង​ណាស់

17. នោះ​អញ​បាន​ចាប់​យក​ថ្ម​ទាំង​២​ផ្ទាំង បោះ​ពី​ដៃ​អញ​បំបែក​ចោល​ទៅ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា។

18. រួច​អញ​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជាន់​មុន ឥត​មាន​បរិភោគ ឬ​ផឹក​ទឹក​សោះ​ឡើយ ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង

19. ដ្បិត​អញ​បាន​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃោរ‌ឃៅ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​នោះ​ណាស់ ហើយ​នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​អញ

20. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អើរ៉ុន​ជា​ខ្លាំង ដល់​ទៅ​ចង់​បំផ្លាញ​លោក​ដែរ តែ​អញ​បាន​សូម​អង្វរ​ឲ្យ​លោក នៅ​វេលា​នោះ​ឯង

21. រួច​អញ​បាន​យក​រូប​កូន​គោ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​ឯង​នោះ ទៅ​ដុត​នឹង​ភ្លើង រួច​ផែ​ហើយ​កិន​កំទេច ទាល់​តែ​ម៉ដ្ត​ដូច​ធូលី​ទៅ ក៏​បាច‌សាច​ធូលី​នោះ ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ​មក។

22. កាល​នៅ​ត្រង់​តាបេរ៉ា ត្រង់​ម៉ាសា ហើយ​ត្រង់​គីប្រុត-ហាតាវ៉ា នោះ​ឯង​រាល់​គ្នា​ក៏​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ក្រោធ​ទៀត

23. ហើយ​កាល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឯង ពី​កាដេស-បារនា ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ឡើង​ទៅ​ចាប់​យក​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​ចុះ នោះ​ក៏​បាន​បះ‌បោរ និង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទៀត ឯង​រាល់​គ្នា​មិន​បាន​ជឿ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ

24. គឺ​ចេះ​តែ​មាន​ចិត្ត​រឹង‌ចចេស​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច តាំង​តែ​ពី​ថ្ងៃ​ដែល​អញ​ទើប​នឹង​ស្គាល់​ឯង​រាល់​គ្នា​មក។

25. យ៉ាង​នោះ អញ​បាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​អស់​៤០​ថ្ងៃ​៤០​យប់ នោះ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​បំផ្លាញ​ឯង​រាល់​គ្នា

26. ហើយ​អញ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បំផ្លាញ​បណ្តា‌ជន​នេះ​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​ដោយ​ឫទ្ធិ‌បារមី​ទ្រង់ ហើយ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​នោះ​ឡើយ

27. សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ជា​អ្នក​បំរើ​ទ្រង់​វិញ សូម​កុំ​ទត​ចំពោះ​សេចក្ដី​រឹង‌រូស​របស់​សាសន៍​នេះ ឬ​កិរិយា​អាក្រក់ ឬ​អំពើ​បាប​របស់​គេ​ឡើយ

28. ក្រែង​មនុស្ស​នៅ​ស្រុក​ដែល​ទ្រង់​បាន​នាំ​យើង​រាល់​គ្នា​ចេញ​មក​នោះ គេ​ដំនៀល​ថា ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​នឹង​ឲ្យ​ដល់​គេ​បាន ហើយ​ដោយ​ព្រោះ​ទ្រង់​ស្អប់​គេ​បាន​ជា​ទ្រង់​នាំ​គេ​ចេញ​ទៅ​សំឡាប់ នៅ​ទី​រហោ‌ស្ថាន​វិញ

29. ប៉ុន្តែ​គេ​ជា​រាស្ត្រ ហើយ​ជា​មរដក​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​មក ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ពាហុ​លើក​សំរេច​ហើយ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 9