គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 8:5-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ក៏​ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​វាយ‌ផ្ចាល​កូន​របស់​ខ្លួន។

6. ដូច្នេះ​ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដើម្បី​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កោត‌ខ្លាច​ដល់​ទ្រង់​ផង។

7. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក ហើយ​នឹង​ក្បាល​ទឹក ហូរ​ចេញ​នៅ​ក្នុង​ច្រក ហើយ​ក្នុង​ភ្នំ​ផង

8. ជា​ស្រុក​ដែល​មាន​ស្រូវ‌សាលី និង​ស្រូវ​ឱក​ក៏​មាន​ទំពាំង‌បាយ‌ជូរ មាន​ល្វា និង​ទទឹម ហើយ​មាន​ដើម​អូលីវ និង​ទឹក​ឃ្មុំ​ផង

9. ជា​ស្រុក​ដែល​ឯង​នឹង​បរិភោគ​អាហារ មិន​មែន​ដោយ​រិត‌ត្បិត​ទេ ឯង​នឹង​មិន​ខ្វះ‌ខាត​អ្វី​នៅ​ស្រុក​នោះ​ឡើយ ឯ​ថ្ម​នៅ​ស្រុក​នោះ​សុទ្ធ​តែ​ជា​ដែក ហើយ​នៅ​ក្នុង​ភ្នំ​នោះ​នឹង​ជីក​រក​បាន​ទង់‌ដែង

10. ឯង​នឹង​បរិភោគ​ទាល់​តែ​ឆ្អែត ហើយ​នឹង​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​ព្រោះ​ស្រុក​ដ៏​ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក។

11. ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដោយ​មិន​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់​ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ

12. ហើយ​កាល​ណា​ឯង​បាន​បរិភោគ​ឆ្អែត បាន​សង់​ផ្ទះ​យ៉ាង​ល្អ

13. បាន​ហ្វូង​គោ ហ្វូង​ចៀម​ចំរើន​ជា​ច្រើន​ឡើង បាន​ប្រាក់​មាស​សំបូរ​ឡើង ហើយ​គ្រប់​ទាំង​របស់​ឯង ក៏​បាន​បរិបូរ​ផង

14. នោះ​ក្រែង​ចិត្ត​ឯង​បាន​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​រួច​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក

15. ហើយ​បាន​នាំ​ឯង ដើរ​កាត់​ទី​រហោ‌ស្ថាន​សំបើម​គួរ​ស្ញែង‌ខ្លាច ដែល​មាន​ពស់​ភ្លើង និង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​យ៉ាង​រឹង​ឲ្យ​ឯង

16. ក៏​បាន​ចិញ្ចឹម​ឯង នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាន៉ា​ដែល​ពួក​អយ្យកោ​ឯង​មិន​ដែល​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បង‌ល​ឯង ប្រយោជន៍​នឹង​ប្រោស​ឲ្យ​ឯង​បាន​សេចក្ដី​ល្អ​ដល់​ចុង​បំផុត

17. ហើយ​ក្រែង​ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​ដោយ​ឥទ្ធិ‌ឫទ្ធិ ហើយ​នឹង​កំឡាំង​ដៃ​នៃ​អញ​ទេ ដែល​អញ​បាន​ទ្រព្យ​សម្បត្តិទាំង​នេះ

18. ត្រូវ​ឲ្យ​នឹក​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ប្រទាន​ឲ្យ​ឯង​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

19. តែ​បើ​ឯង​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​មែន ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដ៏ទៃ ទាំង​គោរព​ប្រតិ‌បត្តិ ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នោះ​វិញ នោះ​អញ​ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា នឹង​ត្រូវ​វិនាស​ទៅ​អស់​រលីង

សូមអានជំពូកពេញលេញ ចោទិយ‌កថា 8