គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 8:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​អស់​ទាំង​សេចក្ដី​បង្គាប់ ដែល​អញ​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​ឲ្យ​ឯង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ចំរើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ចូល​ទៅ ទទួល​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង

2. ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ពី​អស់​ទាំង​ការ ដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​នាំ​ឯង​នៅ​ក្នុង​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បង‌ល​ឯង​ឲ្យ​ដឹង​ជា​សេចក្ដី​ណា ដែល​នៅ​ក្នុង​ចិត្ត​ឯង គឺ​បើ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់​ឬ​ទេ

3. ទ្រង់​ក៏​បាន​បន្ទាប​ចិត្ត​ឯង​មែន ព្រម​ទាំង​ឲ្យ​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​ឯង​ដោយ​នំ​ម៉ាន៉ា ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​ស្គាល់​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​មក​ដែរ

4. សំលៀក‌បំពាក់​ឯង​មិន​បាន​សឹក​នៅ​លើក​ខ្លួន​សោះ ហើយ​ជើង​ឯង​ក៏​មិន​បាន​ពុរពង​នៅ​រវាង​៤០​ឆ្នាំ​នេះ​ផង

5. ក៏​ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​វាយ‌ផ្ចាល​កូន​របស់​ខ្លួន។

6. ដូច្នេះ​ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដើម្បី​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កោត‌ខ្លាច​ដល់​ទ្រង់​ផង។

7. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក ហើយ​នឹង​ក្បាល​ទឹក ហូរ​ចេញ​នៅ​ក្នុង​ច្រក ហើយ​ក្នុង​ភ្នំ​ផង

8. ជា​ស្រុក​ដែល​មាន​ស្រូវ‌សាលី និង​ស្រូវ​ឱក​ក៏​មាន​ទំពាំង‌បាយ‌ជូរ មាន​ល្វា និង​ទទឹម ហើយ​មាន​ដើម​អូលីវ និង​ទឹក​ឃ្មុំ​ផង

9. ជា​ស្រុក​ដែល​ឯង​នឹង​បរិភោគ​អាហារ មិន​មែន​ដោយ​រិត‌ត្បិត​ទេ ឯង​នឹង​មិន​ខ្វះ‌ខាត​អ្វី​នៅ​ស្រុក​នោះ​ឡើយ ឯ​ថ្ម​នៅ​ស្រុក​នោះ​សុទ្ធ​តែ​ជា​ដែក ហើយ​នៅ​ក្នុង​ភ្នំ​នោះ​នឹង​ជីក​រក​បាន​ទង់‌ដែង

សូមអានជំពូកពេញលេញ ចោទិយ‌កថា 8