គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 7:3-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ក៏​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​នឹង​គេ ឬ​ឲ្យ​កូន​ស្រី​ឯង​ទៅ​កូន​ប្រុស​គេ ហើយ​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​ឯង​នោះ​ដែរ

4. ដ្បិត​គេ​នឹង​បង្វែរ​កូន​ឯង​ពី​អញ​ចេញ ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ យ៉ាង​នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​កាត់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ហើយ​ទ្រង់​នឹង​បំផ្លាញ​ឯង​ចេញ​ជា​ឆាប់

5. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព ហើយ​បំផ្លាញ​អ្នក‌តា ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នៅ​ក្នុង​ភ្លើង​ទៅ

6. ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​យក​ឯង ឲ្យ​បាន​ជា​របស់​ផង​ទ្រង់ លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ផែនដី​ផង។

7. ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ឬ​រើស​ឯង ដោយ​ព្រោះ​ឯង​មាន​គ្នា​ច្រើន​ជាង​សាសន៍​ឯ​ទៀត​នោះ​ទេ ដ្បិត​ឯង​រាល់​គ្នា​ជា​សាសន៍​តិច​ជាង​សាសន៍​ទាំង​អស់

8. គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយ​ព្រោះ​ទ្រង់​ចង់​កាន់​តាម​សេចក្ដី​សម្បថ​ដែល​ទ្រង់​បាន​ស្បថ និង​ពួក​អយ្យកោ​ឯង បាន​ជា​ទ្រង់​នាំ​ឯង​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​បាន​លោះ​ឯង​ពី​ផ្ទះ​ពួក​បាវ​បំរើ គឺ​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក

9. ដូច្នេះ​ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ពិត​ជា​ព្រះ​ហើយ គឺ​ជា​ព្រះ​ស្មោះ‌ត្រង់ ដែល​ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា ហើយ​នឹង​សេចក្ដី​សប្បុរស​ដរាប​ដល់​ទាំង​ពាន់​ដំណ របស់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ហើយ​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់

10. ហើយ​ទ្រង់​ក៏​សង​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​នៅ​ប្រទល់​មុខ​គេ ដើម្បី​នឹង​បំផ្លាញ​គេ​ចេញ ទ្រង់​មិន​បង្អង់​ដល់​អ្នក​ណា​ដែល​ស្អប់​ទ្រង់​ឡើយ គឺ​ទ្រង់​នឹង​សង​គេ​នៅ​ប្រទល់​មុខ​វិញ

11. ដូច្នេះ​ត្រូវ​ឲ្យ​ឯង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ចុះ។

12. បើ‌សិន​ណា ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​ទាំង​នេះ ព្រម​ទាំង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ចំពោះ​ឯង ជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​នៃ​ឯង

13. ទ្រង់​នឹង​ស្រឡាញ់​ឯង ព្រម​ទាំង​ប្រទាន​ពរ ហើយ​ចំរើន​ឲ្យ​ឯង​មាន​គ្នា​ច្រើន​ឡើង ទ្រង់​ក៏​នឹង​ប្រទាន​ពរ​ដល់​ផល​ដែល​កើត​ពី​ពោះ​ឯង​មក និង​ផល​ពី​ដី​ឯង​ផង គឺ​ជា​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ​ហើយ​នឹង​ប្រេង ព្រម​ទាំង​ផល​ចំរើន​ពី​ហ្វូង​គោ និង​កូន​ពី​ហ្វូង​ចៀម​របស់​ឯង នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា ទ្រង់​នឹង​ឲ្យ​ដល់​ឯង

14. ឯង​នឹង​បាន​ពរ​លើស​ជាង​អស់​ទាំង​សាសន៍​ឯ​ទៀត នៅ​ក្នុង​ពួក​ឯង​នឹង​គ្មាន​ប្រុស ឬ​ស្រី សត្វ​ឈ្មោល ឬ​ញី​ណា នៅ​ជា​អារ​ទេ

15. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ដក​អស់​ទាំង​ជំងឺ​ពី​ឯង​ចេញ ហើយ​ទ្រង់​មិន​ឲ្យ​ឯង​កើត​មាន​ជំងឺ ដ៏​អាក្រក់​ណា​មួយ របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​ស្គាល់​ហើយ​នោះ​ទេ គឺ​នឹង​ដាក់​ជំងឺ​ទាំង​នោះ​ទៅ​លើ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្អប់​ឯង​វិញ

16. ហើយ​ឯង​នឹង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​មក​ឯង បាន​រោយ‌រៀវ​ទៅ ភ្នែក​ឯង​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ​ដែរ ដ្បិត​នោះ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង​វិញ។

17. បើ‌សិន​ជា​ឯង​នឹក​ក្នុង​ចិត្ត​ថា សាសន៍​ទាំង​នេះ​គេ​មាន​គ្នា​ច្រើន​ជាង​អញ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ចាប់​យក​ស្រុក​របស់​គេ​បាន

18. នោះ​កុំ​ឲ្យ​ខ្លាច​ឡើយ ចូរ​នឹក​តែ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន ហើយ​ដល់​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ប៉ុណ្ណោះ​ចុះ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 7