គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 7:11-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដូច្នេះ​ត្រូវ​ឲ្យ​ឯង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ចុះ។

12. បើ‌សិន​ណា ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​ទាំង​នេះ ព្រម​ទាំង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ចំពោះ​ឯង ជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​នៃ​ឯង

13. ទ្រង់​នឹង​ស្រឡាញ់​ឯង ព្រម​ទាំង​ប្រទាន​ពរ ហើយ​ចំរើន​ឲ្យ​ឯង​មាន​គ្នា​ច្រើន​ឡើង ទ្រង់​ក៏​នឹង​ប្រទាន​ពរ​ដល់​ផល​ដែល​កើត​ពី​ពោះ​ឯង​មក និង​ផល​ពី​ដី​ឯង​ផង គឺ​ជា​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ​ហើយ​នឹង​ប្រេង ព្រម​ទាំង​ផល​ចំរើន​ពី​ហ្វូង​គោ និង​កូន​ពី​ហ្វូង​ចៀម​របស់​ឯង នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា ទ្រង់​នឹង​ឲ្យ​ដល់​ឯង

14. ឯង​នឹង​បាន​ពរ​លើស​ជាង​អស់​ទាំង​សាសន៍​ឯ​ទៀត នៅ​ក្នុង​ពួក​ឯង​នឹង​គ្មាន​ប្រុស ឬ​ស្រី សត្វ​ឈ្មោល ឬ​ញី​ណា នៅ​ជា​អារ​ទេ

15. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ដក​អស់​ទាំង​ជំងឺ​ពី​ឯង​ចេញ ហើយ​ទ្រង់​មិន​ឲ្យ​ឯង​កើត​មាន​ជំងឺ ដ៏​អាក្រក់​ណា​មួយ របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​ស្គាល់​ហើយ​នោះ​ទេ គឺ​នឹង​ដាក់​ជំងឺ​ទាំង​នោះ​ទៅ​លើ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្អប់​ឯង​វិញ

16. ហើយ​ឯង​នឹង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​មក​ឯង បាន​រោយ‌រៀវ​ទៅ ភ្នែក​ឯង​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ​ដែរ ដ្បិត​នោះ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង​វិញ។

17. បើ‌សិន​ជា​ឯង​នឹក​ក្នុង​ចិត្ត​ថា សាសន៍​ទាំង​នេះ​គេ​មាន​គ្នា​ច្រើន​ជាង​អញ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ចាប់​យក​ស្រុក​របស់​គេ​បាន

18. នោះ​កុំ​ឲ្យ​ខ្លាច​ឡើយ ចូរ​នឹក​តែ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន ហើយ​ដល់​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ប៉ុណ្ណោះ​ចុះ

19. គឺ​ពី​ការ​ល្បង‌ល​យ៉ាង​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ និង​ទី​សំគាល់ ហើយ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន និង​ពី​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​នឹង​ព្រះ‌ពាហុ​លើក​សំរេច ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​ប្រើ ដើម្បី​នឹង​នាំ​ឯង​ចេញ​មក​នោះ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ធ្វើ​ដល់​គ្រប់​អស់​ទាំង​សាសន៍ ដែល​ឯង​ខ្លាច​នោះ​ដែរ

20. មួយ​ទៀត ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ចាត់​ឪម៉ាល់ទៅ​កណ្តាល​គេ ទាល់​តែ​ពួក​គេ​ដែល​សល់​នៅ​ហើយ​ពួន​នឹង​ឯង បាន​វិនាស​ចេញ​អស់​ទៅ

21. មិន​ត្រូវ​ឲ្យ​ឯង​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ទ្រង់​គង់​កណ្តាល​ពួក​ឯង​ហើយ

22. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តេញ​សាសន៍​ទាំង​នោះ ចេញ​ពី​មុខ​ឯង​បន្តិច​ម្តងៗ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បំផ្លាញ​គេ​ទាំង​អស់ ដោយ​រហ័ស​ពេក​ឡើយ ក្រែង​សត្វ​ព្រៃ​ចំរើន​ឡើង​ដល់​ឯង​វិញ

23. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​គេ​មក​ឯង ហើយ​នឹង​កំចាត់‌កំចាយ​គេ ដោយ​សេចក្ដី​បាក់​ភ្លូក​យ៉ាង​សំបើម ទាល់​តែ​គេ​វិនាស​បាត់​អស់​ទៅ

24. ហើយ​ទ្រង់​នឹង​ប្រគល់​ពួក​ស្តេច​គេ​មក ក្នុង​កណ្តាប់​ដៃ​ឯង​ដែរ នោះ​ឯង​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​គេ​រលាយ​បាត់​ពី​ក្រោម​មេឃ​ចេញ នឹង​គ្មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ ដរាប​ដល់​ឯង​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ

25. ត្រូវ​ឲ្យ​ឯង​ដុត​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​ចេញ មិន​ត្រូវ​ឲ្យ​ស្តាយ​ប្រាក់​ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​សំរាប់​ខ្លួន​ដែរ ក្រែង​លោ​ឯង​ជាប់​អន្ទាក់​យ៉ាង​នោះ ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

26. មិន​ត្រូវ​ឲ្យ​ឯង​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម មក​ក្នុង​ផ្ទះ​ឯង​ឡើយ ក្រែង​ឯង​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស ដូច​របស់​ទាំង​នោះ​ដែរ ត្រូវ​ឲ្យ​ឯង​ស្អប់​អស់​ពី​ចិត្ត ហើយ​ខ្ពើម​របស់​យ៉ាង​នោះ​ឲ្យ​អស់​ពី​ចិត្ត​ដែរ ដ្បិត​ជា​របស់​ត្រូវ​វិនាស​ទៅ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 7