គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 6:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​សេចក្ដី​បង្គាប់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បង្គាប់​មក​ឲ្យ​បង្រៀន​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក

2. ប្រយោជន៍​ឲ្យ​ឯង​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់ និង​បញ្ញត្ត​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នេះ នៅ​អស់​១​ជីវិត​របស់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ហើយ​ឲ្យ​ឯង​បាន​អាយុ​ជា​យូរ‌អង្វែង​ត​ទៅ

3. ដូច្នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់ ហើយ​ប្រយ័ត្ន និង​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ចំរើន​គ្នា​ជា​ច្រើន​ឡើង​យ៉ាង​សន្ធឹក នៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ​ហើយ​នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​សន្យា​នឹង​ឯង​ហើយ។

4. ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ‌យេហូវ៉ា​តែ​១​អង្គ​ទ្រង់

5. ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង

6. សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ

7. ត្រូវ​ឲ្យ​ប្រិត‌ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង

8. ត្រូវ​ចង​សេចក្ដី​ទាំង​នេះ​ជាប់​នៅ​ដៃ​ឯង ទុក​ជា​ទី​សំគាល់ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង​ផង

9. ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារ​ផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង។

10. កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុបជា​ពួក​អយ្យកោ​ឯង​ថា នឹង​ប្រទាន​ដល់​ឯង គឺ​ជា​ទី​ក្រុង​ធំ​ហើយ​ល្អ ដែល​ឯង​មិន​បាន​សង់

11. ព្រម​ទាំង​ផ្ទះ​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ ដែល​ឯង​មិន​បាន​ប្រមូល​ទុក និង​ស្រះ​ជីក​ស្រាប់ ដែល​ឯង​មិន​បាន​ជីក ហើយ​ទាំង​ចំការ​ទំពាំង‌បាយ‌ជូរ និង​ដើម​អូលីវ ដែល​ឯង​មិន​បាន​ដាំ រួច​ឯង​បាន​បរិភោគ​ឆ្អែត

12. នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក

សូមអានជំពូកពេញលេញ ចោទិយ‌កថា 6