គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 5:17-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ។

18. កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។

19. កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។

20. កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ឯង​ឡើយ។

21. កុំ​ឲ្យ​លោភ ចង់​បាន​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង ក៏​កុំ​ឲ្យ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ឯង ឬ​ចំការ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ឡើយ។

22. សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ចេញ​ពី​កណ្តាល​ភ្លើង ពី​ពពក និង​ពី​ងងឹត​សូន្យ‌សុង នៅ​លើ​ភ្នំ មក​ពួក​ជំនុំ​នៃ​ឯង​រាល់​គ្នា ដោយ​សំឡេង​យ៉ាង​ខ្លាំ ហើយ​មិន​បាន​បន្ថែម​អ្វី​ទៀត​សោះ រួច​ទ្រង់​ក៏​កត់​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​២​ផ្ទាំង ប្រទាន​មក​អញ

23. កាល​ឯង​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្តាល​ងងឹត​នោះ ក្នុង​វេលា​ដែល​ភ្នំ​កំពុង​តែ​ឆេះ នោះ​ឯង​រាល់​គ្នា​បាន​មក​ឯ​អញ គឺ​ពួក​មេ​នៃ​ពូជ​អំបូរ​ឯង និង​ពួក​ចាស់‌ទុំ​ផង

24. ដោយ​ពាក្យ​ថា មើល ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់ ហើយ​ឲ្យ​បាន​ស្គាល់​តេជា‌នុភាព​នៃ​ទ្រង់ យើង​ខ្ញុំ​ក៏​បាន​ឮ​ព្រះ‌សៀង​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​មក នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​មនុស្ស ហើយ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ

25. ដូច្នេះ តើ​ហេតុ​ដូច​ម្តេច បាន​ជា​យើង​រាល់​គ្នា​ត្រូវ​ស្លាប់​ឥឡូវ​នេះ ដ្បិត​ភ្លើង​ធំ​នេះ និង​ឆេះ​បន្សុស​យើង​រាល់​គ្នា​អស់​រលីង​ទៅ បើ‌សិន​ជា​យើង​ខ្ញុំ​ឮ​ព្រះ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទៀត នោះ​យើង​រាល់​គ្នា​នឹង​ស្លាប់​ហើយ

26. ដ្បិត​តើ​មាន​អ្នក​ឯ​ណា​ក្នុង​បណ្តា​អស់​ទាំង​មនុស្ស ដែល​ឮ​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​យើង​ខ្ញុំ​បាន​ឮ​នេះ ហើយ​បាន​រស់​នៅ​ដូច្នេះ

27. សូម​ឲ្យ​លោក​ចូល​ទៅ​ជិត​ស្តាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក រួច​សូម​លោក​ប្រាប់​មក​យើង​ខ្ញុំ ពី​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក នោះ​យើង​ខ្ញុំ​នឹង​ស្តាប់ ហើយ​ប្រព្រឹត្ត​តាម​ផង។

28. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​របស់​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​ឯង​បាន​និយាយ​មក​អញ​នោះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា អញ​បាន​ឮ​ពាក្យ​របស់​បណ្តា‌ជន​ទាំង​នេះ ដែល​គេ​និយាយ​មក​ឯង​ដែរ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​និយាយ​នោះ​ក៏​ស្រួល​ហើយ

29. ឱ​បើ‌សិន​ជា​គេ​មាន​ចិត្ត​យ៉ាង​នោះ​ជា​ដរាប​ទៅ​អេះ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​របស់​អញ​ប្រយោជន៍​ឲ្យ​គេ និង​ពួក​កូន​ចៅ​គេ បាន​សប្បាយ​នៅ​ជា​រៀង‌រាប​ដរាប​ទៅ

30. ចូរ​ទៅ​ប្រាប់​គេ ឲ្យ​ត្រឡប់​ទៅ​ឯ​ត្រសាល​របស់​គេ​ចុះ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 5