គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 4:37-48 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​ពួក​អយ្យកោ​ឯង បាន​ជា​ទ្រង់​រើស​យក​ពូជ​គេ​តៗ​មក ព្រម​ទាំង​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នៅ​ចំពោះ​ទ្រង់ ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ធំ​របស់​ទ្រង់

38. ដើម្បី​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដែល​ធំ ហើយ​ពូកែ​ជាង​ឯង ពី​មុខ​ឯង​ចេញ ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ ប្រយោជន៍​នឹង​ឲ្យ​ស្រុក​គេ ទុក​ជា​មរដក​ដល់​ឯង ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

39. ដូច្នេះ ចូរ​ដឹង​នៅ​ថ្ងៃ​នេះ ហើយ​កំណត់​ទុក​ក្នុង​ចិត្ត​ចុះ​ថា ព្រះ‌យេហូវ៉ា ទ្រង់​ជា​ព្រះ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី​នេះ​ផង គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ

40. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ហើយ​ឲ្យ​បាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឲ្យ​ឯង​បាន​នៅ​ជា​ដរាប។

41. នៅ​គ្រា​នោះ ម៉ូសេ​ក៏​ញែក​ទី​ក្រុង​៣​នៅ​ត្រើយ​ទន្លេ​យ័រដាន់ ទិស​ខាង​កើត

42. សំរាប់​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​អ្នក​ជិត​ខាង​ខ្លួន មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ហើយ​ដែល​មិន​បាន​ស្អប់​អ្នក​នោះ​ពី​កាល​មុន បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ហើយ​ឲ្យ​បាន​រស់​នៅ​ដោយ​រត់​ទៅ​ជ្រក​កោន​នៅ​ទី​ក្រុង​ណា​មួយ​នោះ

43. ទី​ក្រុង​ទាំង​នោះ គឺ​ក្រុង​បេស៊ើរ​១ ដែល​នៅ​ទី​រហោ‌ស្ថាន នា​ស្រុក​វាល សំរាប់​ពួក​រូបេន និង​ទី​ក្រុង​រ៉ាម៉ូត​១ នៅ​ស្រុក​កាឡាត សំរាប់​ពួក​កាឌ់ ហើយ​ទី​ក្រុង​កូឡាន​១ នៅ​ស្រុក​បាសាន សំរាប់​ពួក​ម៉ាន៉ាសេ។

44. នេះ​គឺ​ជា​ក្រឹត្យ‌វិន័យ ដែល​ម៉ូសេ​បាន​ដាក់​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

45. ហើយ​នេះ​ជា​សេចក្ដី​បន្ទាល់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​បាន​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក្នុង​កាល​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

46. គឺ​នៅ​ខាង‌អាយ​ទន្លេ​យ័រដាន់ ត្រង់​ច្រក​ភ្នំ ទល់​មុខ​នឹង​បេត-ពេអរ ក្នុង​ស្រុក​របស់​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​ម៉ូសេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ ពី​កាល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

47. គេ​ក៏​ចាប់​យក​ស្រុក​របស់​ស្តេច​នោះ និង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន គឺ​ជា​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២ ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់ ទិស​ខាង​កើត​ទុក​ជា​របស់​ផង​គេ

48. ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ស៊ីអូន (គឺ​ជា​ភ្នំ​ហ៊ើម៉ូន)

សូមអានជំពូកពេញលេញ ចោទិយ‌កថា 4