គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 4:16-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ក្រែង​ឯង​រាល់​គ្នា​បង្ខូច​ខ្លួន ដោយ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​ជា​អង្គ​ណា​១​ផង ទោះ​ជា​ប្រុស ឬ​ស្រី​ក្តី

17. ឬ​ជា​រូប​សត្វ​ណា​ដែល​នៅ​លើ​ផែនដី ឬ​ជា​រូប​សត្វ​ណា​ដែល​ហើរ​នៅ​លើ​អាកាស

18. ឬ​រូប​សត្វ​ណា​ដែល​លូន​វា​នៅ​ដី ឬ​រូប​ត្រី​ណា​ដែល​នៅ​ក្នុង​ទឹក​ក្តី

19. ហើយ​ក្រែង​ឯង​រាល់​គ្នា​ងើប​ភ្នែក មើល​ទៅ​លើ​មេឃ​វេលា​ណា​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​របស់​ដែល​មាន​ជា​បរិបូរ​នៅ​លើ​មេឃ នោះ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ប្រទាញ​ចេញ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ឲ្យ​គ្រប់​ទាំង​សាសន៍ នៅ​ក្រោម​ផ្ទៃ​មេឃ​វិញ

20. តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​យក​ឯង ចេញ​ពី​គុក​រំលាយ​ដែក​នៅ​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​ដ៏​ជា​មរដក​ទ្រង់ ដូច​ជា​សព្វ​ថ្ងៃ​នេះ។

21. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ ដោយ​ព្រោះ​ឯង​រាល់​គ្នា​ដែរ ហើយ​ទ្រង់​ស្បថ​មិន​ឲ្យ​អញ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ល្អ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក​របស់​ឯង​នោះ​ទេ

22. គឺ​អញ​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ អញ​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ឡើយ តែ​ឯង​រាល់​គ្នា​នឹង​ឆ្លង​ទៅ ទទួល​យក​ស្រុក​ល្អ​នោះ​វិញ

23. ដូច្នេះ​ចូរ​ប្រយ័ត្ន​ខ្លួន​ចុះ ក្រែង​ភ្លេច​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​ឯង រួច​ងាក​បែរ​ទៅ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​យ៉ាង​ណា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ

24. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ភ្លើង​ឆេះ​បន្សុស គឺ​ជា​ព្រះ​ប្រចណ្ឌ។

25. កាល​ណា​បាន​នៅ​ស្រុក​នោះ​ជា​យូរ‌អង្វែង ព្រម​ទាំង​បង្កើត​កូន​ចៅ ហើយ​បង្ខូច​ខ្លួន​ទៅ​ជា​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​ណា​មួយ ក៏​ប្រព្រឹត្ត​ការ​អ្វី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង

26. នោះ​អញ​អាង​ដល់​ស្ថាន‌សួគ៌ ហើយ​នឹង​ផែនដី ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា បន្តិច​ទៀត ឯង​រាល់​គ្នា​ត្រូវ​វិនាស​អស់​រលីង ចេញ​ពី​ស្រុក​ដែល​ឯង​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ទទួល​យក​នោះ ជា​មិន​ខាន និង​ធ្វើ​ឲ្យ​នៅ​យូរ‌អង្វែង​ត​ទៅ​ទៀត​មិន​បាន គឺ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ

27. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង​រាល់​គ្នា​ទៅ ឲ្យ​នៅ​គ្រប់​ទាំង​សាសន៍ ឯង​នឹង​នៅ​មាន​តែ​គ្នា​តិច ក្នុង​គ្រប់​ទាំង​នគរ ដែល​ព្រះ‌យេហូវ៉ា និង​នាំ​ឯង​ទៅ​នៅ​នោះ

28. ហើយ​នៅ​ស្រុក​ទាំង​នោះ ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​អាច​នឹង​មើល​ឃើញ​ស្តាប់​ឮ ឬ​ទទួល​អាហារ ឬ​ដឹង​ក្លិន​ឡើយ

29. ប៉ុន្តែ​នៅ​ទី​នោះ​ឯង​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​នឹង​ឃើញ​ទ្រង់ ក្នុង​កាល​ដែល​រក​ទ្រង់​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​ឯង​ផង

30. កាល​ណា​ឯង​កើត​មាន​សេចក្ដី​វេទនា ហើយ​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​កើត​ឡើង​ដល់​ឯង នោះ​នៅ​គ្រា​ចុង​បំផុត ឯង​នឹង​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ហើយ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់

31. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​សេចក្ដី​មេត្តា‌ករុណា ទ្រង់​មិន​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​បំផ្លាញ​ឯង ឬ​ភ្លេច​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ឡើយ។

32. ចូរ​ស៊ើប‌សួរ​រក ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយ​ដែល​មាន​តាំង​ពី​មុន​ឯង​មក គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​នៅ​លើ​ផែនដី ហើយ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ដល់​ជើង​មេឃ​ម្ខាង​ផង តើ​ដែល​មាន​ការ​ដ៏​ធំ​យ៉ាង​នេះ ឬ​ដែល​មាន​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​អី

33. តើ​ដែល​មាន​សាសន៍​ណា​ឮ​ព្រះ‌សៀង​នៃ​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​ឯង​បាន​ឮ ហើយ​បាន​រស់​នៅ​ឬ​ទេ

34. ឬ​តើ​ដែល​មាន​ព្រះ​ណា​ប្រថុយ​ទៅ​យក​សាសន៍​១​សំរាប់​អង្គ​ទ្រង់ ពី​កណ្តាល​សាសន៍​១​ទៀត ដោយ‌សារ​ការ​ល្បង​ទី​សំគាល់ និង​ការ​អស្ចារ្យ ដោយ​ចំបាំង ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ដោយ​ព្រះ‌ពាហុ​លើក​សំរេច ហើយ​ដោយ​ការ​គួរ​ស្ញែង‌ខ្លាច​ជា​ធំ ដូច​ជា​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ ជា​ប្រយោជន៍​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​ឃើញ​ផង​ឬ​ទេ

35. ការ​ទាំង​នោះ​បាន​សំដែង​មក​ឲ្យ​ឯង​ឃើញ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ក្រៅ​ពី​ទ្រង់ នោះ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ

36. ទ្រង់​ធ្វើ​ឲ្យ​ឯង​ឮ​ព្រះ‌សៀង​ទ្រង់​ពី​លើ​មេឃ ដើម្បី​នឹង​បង្រៀន​ឯង ហើយ​លើ​ផែនដី ទ្រង់​បាន​ឲ្យ​ឃើញ​ភ្លើង​ដ៏​ធំ​របស់​ទ្រង់ ឯង​ក៏​បាន​ឮ​ព្រះ‌បន្ទូល​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​នោះ​មក

សូមអានជំពូកពេញលេញ ចោទិយ‌កថា 4