គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 4:14-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​អញ ឲ្យ​បង្រៀន​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ដល់​ឯង ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក ដែល​ឯង​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក​នោះ។

15. ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន ដ្បិត​ឯង​មិន​បាន​ឃើញ​រូប​អង្គ​បែប​យ៉ាង​ណា នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ឯង ពី​កណ្តាល​ភ្លើង​នៅ​ភ្នំ​ហោរែប​នោះ​ទេ

16. ក្រែង​ឯង​រាល់​គ្នា​បង្ខូច​ខ្លួន ដោយ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​ជា​អង្គ​ណា​១​ផង ទោះ​ជា​ប្រុស ឬ​ស្រី​ក្តី

17. ឬ​ជា​រូប​សត្វ​ណា​ដែល​នៅ​លើ​ផែនដី ឬ​ជា​រូប​សត្វ​ណា​ដែល​ហើរ​នៅ​លើ​អាកាស

18. ឬ​រូប​សត្វ​ណា​ដែល​លូន​វា​នៅ​ដី ឬ​រូប​ត្រី​ណា​ដែល​នៅ​ក្នុង​ទឹក​ក្តី

19. ហើយ​ក្រែង​ឯង​រាល់​គ្នា​ងើប​ភ្នែក មើល​ទៅ​លើ​មេឃ​វេលា​ណា​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​របស់​ដែល​មាន​ជា​បរិបូរ​នៅ​លើ​មេឃ នោះ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ប្រទាញ​ចេញ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ឲ្យ​គ្រប់​ទាំង​សាសន៍ នៅ​ក្រោម​ផ្ទៃ​មេឃ​វិញ

20. តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​យក​ឯង ចេញ​ពី​គុក​រំលាយ​ដែក​នៅ​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​ដ៏​ជា​មរដក​ទ្រង់ ដូច​ជា​សព្វ​ថ្ងៃ​នេះ។

21. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ ដោយ​ព្រោះ​ឯង​រាល់​គ្នា​ដែរ ហើយ​ទ្រង់​ស្បថ​មិន​ឲ្យ​អញ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ល្អ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក​របស់​ឯង​នោះ​ទេ

22. គឺ​អញ​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ អញ​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ឡើយ តែ​ឯង​រាល់​គ្នា​នឹង​ឆ្លង​ទៅ ទទួល​យក​ស្រុក​ល្អ​នោះ​វិញ

23. ដូច្នេះ​ចូរ​ប្រយ័ត្ន​ខ្លួន​ចុះ ក្រែង​ភ្លេច​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​ឯង រួច​ងាក​បែរ​ទៅ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​យ៉ាង​ណា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ

24. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ភ្លើង​ឆេះ​បន្សុស គឺ​ជា​ព្រះ​ប្រចណ្ឌ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 4