គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 33:1-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ពរ​ដែល​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មុន​ដែល​លោក​ស្លាប់

2. គឺ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បាន​ក្រោក​ពី​ភ្នំ​សៀរ​មក​ឯ​គេ ទ្រង់​បាន​ភ្លឺ​មក​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​ក៏​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន​មក​ឯ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ នោះ​មាន​ភ្លើង​ដ៏​ជា​ក្រឹត្យ‌វិន័យ​សំរាប់​គេ

3. តែ​ទ្រង់​ក៏​ស្រឡាញ់​ដល់​រាស្ត្រ​ទ្រង់​ដែរ ពួក​បរិសុទ្ធ​របស់​ទ្រង់ សុទ្ធ​តែ​នៅ​ជាប់​ក្នុង​ព្រះ‌ហស្ត​ទ្រង់ គេ​បាន​អង្គុយ​នៅ​ទៀប​ព្រះ‌បាទ ហើយ​ទទួល​ព្រះ‌បន្ទូល​នៃ​ទ្រង់

4. ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​យើង​រាល់​គ្នា គឺ​ជា​មរដក សំរាប់​ពួក​ជំនុំ​នៃ​យ៉ាកុប

5. លោក​ជា​ស្តេច​នៅ​ក្នុង​ពួក​យេស៊ូរុន ក្នុង​កាល​ដែល​ពួក​មេ​លើ​រាស្ត្រ​បាន​ប្រមូល​គ្នា ព្រម​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង។

6. សូម​ឲ្យ​រូបេន​រស់​នៅ កុំ​ឲ្យ​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​ពួក​គេ​មាន​គ្នា​តិច​ដែរ។

7. ឯ​ពួក​យូដា នោះ​បាន​ពរ​ដូច្នេះ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ​របស់​យូដា ហើយ​នាំ​គេ​ចូល​ទៅ​ឯ​សាសន៍​ខ្លួន សូម​ឲ្យ​ដៃ​គេ​បាន​ល្មម​នឹង​ខ្លួន ហើយ​សូម​ទ្រង់​ជួយ​ទាស់​ចំពោះ​ពួក​ត​តាំង​នឹង​គេ​ផង។

8. ម៉ូសេ​ក៏​និយាយ​ពី​ពួក​លេវី​ថា ឯ​ធូមីម និង​យូរីម​របស់​ទ្រង់ នោះ​នៅ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ល្បង‌ល​នៅ​ត្រង់​ម៉ាសា ហើយ​ទ្រង់​បាន​ត​នឹង​គេ​ត្រង់​ទឹក​មេរីបា

9. គេ​បាន​និយាយ​ពី​ឪពុក​ម្តាយ​គេ​ថា ខ្ញុំ​មិន​បាន​ឃើញ​គាត់​ទេ គេ​ក៏​មិន​បាន​ទទួល​ស្គាល់​ពួក​បង​ប្អូន ឬ​ស្គាល់​ដល់​កូន​ខ្លួន​បង្កើត​ដែរ ដ្បិត​គេ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ព្រម​ទាំង​រក្សា​សេចក្ដី​សញ្ញា​របស់​ទ្រង់​ផង

10. គេ​នឹង​បង្រៀន​យ៉ាកុប ពី​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ហើយ​បង្ហាត់​អ៊ីស្រា‌អែល តាម​ក្រឹត្យ‌វិន័យ​ទ្រង់ គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​ដង្វាយ​ដែល​ដុត​ទាំង​មូល​នៅ​លើ​អាសនា​ទ្រង់​ដែរ

11. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ពរ​ដល់​អំណាច​គេ ហើយ​ទទួល​ការ​ដែល​ដៃ​គេ​ធ្វើ សូម​បំបាក់​ចង្កេះ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្អប់​គេ​ដែរ ដើម្បី​កុំ​ឲ្យ​បាន​ក្រោក​ឡើង​វិញ​រួច​ឡើយ។

12. ឯ​ចំណែក​ពួក​បេន‌យ៉ា‌មីន នោះ​ក៏​ថា អ្នក​ស្ងួនភ្ងា​ផង​ព្រះ‌យេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ‌សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ‌អង្សា​ទាំង​២​របស់​ទ្រង់។

13. ឯ​ពួក​យ៉ូសែប នោះ​ក៏​ថា ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​របស់​ថ្លៃ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម ហើយ​ពី​ទី​ជំរៅ​នៅ​ខាង​ក្រោម​ផង

14. និង​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ថ្ងៃ ហើយ​ផល​ថ្លៃ​វិសេស ដែល​កើត​ដោយ‌សារ​ខែ

15. ជា​របស់​ថ្លៃ​វិសេស​នៅ​ភ្នំ​ចាស់​បុរាណ និង​ផល​ថ្លៃ​វិសេស​នៅ​ភ្នំ​តូច​ដ៏​នៅ​អស់​កល្ប‌ជានិច្ច

16. និង​ផល​ថ្ងៃ​វិសេស ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​នឹង​ព្រះ‌គុណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​គុម្ព​បន្លា

17. ឯ​កូន​គោ​របស់​គេ​ដែល​កើត​ជា​ដំបូង នោះ​មាន​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​នៃ​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែនដី​បំផុត គឺ​ជា​ពួក​អេប្រា‌អិម​ទាំង​សល់‌សែន ហើយ​នឹង​ពួក​ម៉ាន៉ាសេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ។

18. ឯ​ពួក​សាប់‌យូល៉ូន នោះ​ក៏​ថា ឱ​សាប់‌យូល៉ូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ ហើយ​អ៊ីសាខារ​អើយ ចូរ​អរ​សប្បាយ​នៅ​ក្នុង​ត្រសាល​ឯង​ចុះ

19. គេ​នឹង​ហៅ​អស់​ទាំង​ពួក​ជន​ឲ្យ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​សុចរិតនៅ​ទី​នោះ ដ្បិត​គេ​នឹង​ជញ្ជក់​ផល​បរិបូរ​ពី​សមុទ្រ និង​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​ពី​ខ្សាច់។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 33