គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 32:8-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. កាល​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ចែក​មរដក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ទ្រង់​បាន​បំបែក​ពួក​កូន​ចៅ​អ័ដាម​ចេញ​ពី​គ្នា នោះ​ទ្រង់​បាន​ដាក់​ព្រំ​ប្រទល់ ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​អស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

9. ដ្បិត​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យ៉ាកុប​ជា​ចំណែក​មរដក​ទ្រង់

10. ទ្រង់​ឃើញ​លោក​នៅ​តំបន់​ស្ងាត់ ហើយ​នៅ​ទី​រហោ‌ស្ថាន​ជា​ទី​មាន​សុទ្ធ​តែ​សូរ‌សព្ទ​គឹក‌កង នោះ​ទ្រង់​បាន​ព័ទ្ធ​លោក​ជុំវិញ ហើយ​បាន​ថែ‌ទាំ ព្រម​ទាំង​រក្សា​លោក ទុក​ដូច​ជា​ប្រស្រី​ព្រះ‌នេត្រ​របស់​ទ្រង់

11. ឧបមា​ដូច​ជា​សត្វ​ឥន្ទ្រី ដែល​ដាស់‌តឿន​កូន​នៅ​សំបុក ក៏​ហើរ​សំរឹង​ពី​លើ រួច​ត្រដាង​ស្លាប​ទទួល​កូន ទ្រ​នៅ​លើ​ចំអេង​ឡើង

12. ព្រះ‌យេហូវ៉ា​តែ​១​ព្រះ‌អង្គ ទ្រង់​បាន​នាំ​លោក ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​ជា​មួយ​ឡើយ

13. ទ្រង់​បាន​បញ្ជិះ​លោក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី លោក​បាន​បរិភោគ​ផល​ចំរើន​ពី​ស្រែ​ចំការ ហើយ​ទ្រង់​បាន​ឲ្យ​លោក​ជញ្ជក់​ទឹក​ឃ្មុំ​ពី​ថ្មដា និង​ប្រេង​ពី​ថ្ម​ដ៏​រឹង

14. ក៏​បាន​ឲ្យ​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម និង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល​ផង ហើយ​លោក​បាន​ផឹក​ឈាម​ទំពាំង‌បាយ‌ជូរ​ដ៏​សុទ្ធ

15. តែ​យេស៊ូរុនបាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង​វិញ គេ​បាន​ចំរើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ​ហើយ ក៏​ធាត់​រលីក នោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន​មក ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន

16. គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ​ដោយ‌សារ​ព្រះ​ដទៃ ក៏​បាន​ចាក់‌រុក​ឲ្យ​ទ្រង់​ខ្ញាល់ ដោយ‌សារ​ការ​គួរ​ស្អប់​ខ្ពើម

17. គេ​បាន​ថ្វាយ​យញ្ញ‌បូជា ដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ​សោះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​ពួក​អយ្យកោ​ឯង​មិន​បាន​កោត‌ខ្លាច​ឡើយ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 32