គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 32:33-49 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមាន​ផង

34. នេះ​តើ​មិន​មែន​ដាក់​ទុក​នឹង​អញ​ព្រម​ទាំង​បិទ​ត្រា នៅ​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​អញ​ទេ​ឬ​អី

35. គឺ​សេចក្ដី​សង‌សឹក និង​សេចក្ដី​សង​គុណ នោះ​ស្រេច​នៅ​អញក្នុង​កាល​ដែល​ជើង​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ នោះ​ជិត​មក​ដល់ ហើយ​ការ​ដែល​ត្រូវ​មក​លើ​គេ​ក៏​មក​ជា​ឆាប់​ផង

36. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​សេចក្ដី​ឲ្យ​រាស្ត្រ​ទ្រង់​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បំរើ​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ទត​ឃើញ​ថា កំឡាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង

37. នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ព្រះ​របស់​គេ គឺ​ជា​ថ្មដា​នោះ ដែល​គេ​បាន​យក​ជា​ទី​ពឹង តើ​នៅ​ឯ​ណា

38. ជា​ព្រះ​ដែល​បាន​ទទួល​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​គេ ព្រម​ទាំង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នៃ​ដង្វាយ​ច្រួច​របស់​គេ ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​ឯង​ចុះ ហើយ​ការ‌ពារ​ឯង​ទៅ

39. ដូច្នេះ​ចូរ​ឯង​ដឹង​ថា គឺ​អញ​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​អញ​ឡើយ អញ​ជា​អ្នក​សំឡាប់ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​រស់ អញ​ជា​អ្នក​វាយ​ឲ្យ​មាន​របួស ហើយ​ជា​អ្នក​មើល​ឲ្យ​ជា​ផង គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ

40. ដ្បិត​អញ​លើក​ដៃ​អញ​ទៅ​ឯ​ស្ថាន‌សួគ៌ ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ថា

41. បើ‌សិន​ជា​អញ​សំលៀង​ដាវ​របស់​អញ​ដ៏​ភ្លឺ‌ផ្លេកៗ ហើយ​ដៃ​អញ​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌​វេលា​ណា នោះ​អញ​នឹង​សង‌សឹក​ចំពោះ​ពួក​អ្នក​ដែល​ត​តាំង​នឹង​អញ ហើយ​នឹង​សង​ដល់​ពួក​អ្នក ដែល​ស្អប់​អញ​ជា​មិន​ខាន

42. អញ​នឹង​ធ្វើ​ឲ្យ​ព្រួញ​អញ​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​អញ​ត្របាក់​ស៊ី​សាច់​ផង គឺ​ដោយ​ឈាម​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់​ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពី​ដើម​នៃ​ការ​សង‌សឹក ដល់​ពួក​ខ្មាំង​សត្រូវ​ជា​រហូត​ទៅ

43. ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​សរសើរ​ដល់​រាស្ត្រ​ទ្រង់​ចុះ ដ្បិត​ទ្រង់​នឹង​សង‌សឹក​ចំពោះ​ឈាម​ពួក​បាវ​បំរើ​ទ្រង់ គឺ​នឹង​សង​ដល់​ពួក​អ្នក​ដែល​តតាំង​នឹង​ទ្រង់ ហើយ​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​ស្រុក​ទ្រង់ ព្រម​ទាំង​រាស្ត្រ​ទ្រង់​ផង។

44. ម៉ូសេ ព្រម​ទាំង​យ៉ូស្វេ ជា​កូន​នុន ក៏​មក​ប្រាប់​អស់​ទាំង​ពាក្យ​របស់​ទំនុក​នេះ ដល់​បណ្តា‌ជន​ទាំង​អស់​គ្នា ឲ្យ​បាន​ស្តាប់

45. កាល​ម៉ូសេ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ស្រេច​ហើយ

46. នោះ​លោក​ក៏​មាន​ប្រសាសន៍​ថា ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​អស់​ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ ដើម្បី​នឹង​បង្គាប់​ដល់​កូន​ចៅ​ឯង​រាល់​គ្នា ឲ្យ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ដែរ គឺ​ជា​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ

47. នេះ​មិន​មែន​ជា​សេចក្ដី​ឥត​ប្រយោជន៍​ដល់​ឯង​រាល់​គ្នា​ទេ គឺ​ជា​ជីវិត​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយ‌សារ​សេចក្ដី​នេះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ជីវិត​ជា​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា នឹង​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ចាប់​យក​នោះ។

48. នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ដល់​ម៉ូសេ​ថា

49. ចូរ​ឡើង​តាម​ភ្នំ​អាបារីម​នេះ ទៅ​ដល់​កំពូល​ភ្នំ​នេបូរ ដែល​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​យេរីខូរ ហើយ​មើល​ទៅ​ឯ​ស្រុក​កាណាន ដែល​អញ​ឲ្យ ទុក​ជា​កេរ‌អាករ ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 32