គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 32:20-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​គេច​មុខ​ចេញ​ពី​គេ អញ​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​ដំណ​មនុស្ស​វៀច​ពេក​ណាស់ ជា​កូន​ចៅ​ដែល​មិន​មាន​សេចក្ដី​ស្មោះ‌ត្រង់​សោះ

21. គេ​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ប្រចណ្ឌ ដោយ‌សារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​ចាក់‌រុក​អញ​ឲ្យ​ខឹង ដោយ‌សារ​របស់​ឥត​ប្រយោជន៍​របស់​គេ ដូច្នេះ​អញ​នឹង​បណ្តាល​ឲ្យ​គេ​មាន​សេចក្ដី​ប្រចណ្ឌ​ដែរ ដោយ‌សារ​ពួក​មនុស្ស​ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នឹង​ចាក់‌រុក​ឲ្យ​គេ​ខឹង ដោយ‌សារ​សាសន៍​១​ដែល​ឥត​ប្រាជ្ញា

22. ដ្បិត​ភ្លើង​នៃ​សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ហើយ ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទី​ជ្រៅ​បំផុត ព្រម​ទាំង​ចំរើន​ឡើង​ឆេះ​បន្សុស​ផែនដី ហើយ​បង្កាត់​ភ្លើង​នៅ​បាត​ភ្នំ​ទាំង​ប៉ុន្មាន​ផង

23. អញ​នឹង​បង្គរ​សេចក្ដី​អាក្រក់​ទៅ​លើ​គេ អញ​នឹង​បាញ់​ព្រួញ​អញ​អស់​រលីង​ទៅ​លើ​គេ

24. គេ​ឆេះ​ត្រូវ​រីងរៃ​ទៅ​ដោយ​ឃ្លាន ហើយ​រោយ‌រៀវ​ទៅ​ដោយ​អំណាច​ក្តៅ និង​សេចក្ដី​ហិន‌វិនាស​ដ៏​ជូរ‌ចត់ ហើយ​អញ​នឹង​ចាត់​សត្វ​ព្រៃ​ទៅ​ខាំ​គេ ព្រម​ទាំង​សត្វ​លូន​វារ​នៅ​ដី​ឲ្យ​ទៅ​ចឹក​ផង

25. ឯ​ខាង​ក្រៅ នោះ​ដាវ​នឹង​បង្អត់ ហើយ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច ដល់​ទាំង​មនុស្ស​កំឡោះ និង​ស្រី​ក្រមុំ ហើយ​ទាំង​កូន​ដែល​នៅ​បៅ​ដោះ និង​មនុស្ស​សក់​ស្កូវ​ផង

26. អញ​បាន​ប្រាប់​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ អញ​នឹង​បំបាត់​សេចក្ដី​នឹក​ចាំ​ពី​គេ ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ

27. តែ​អញ​ខ្លាច​ការ​បង្អុច‌បង្អាល​របស់​ពួក​ខ្មាំង​សត្រូវ​គេ ក្រែង​ពួក​ទាស់​ទទឹង​ទាំង​នោះ បាន​មើល‌ងាយ​ហើយ​ក្រែង​គេ​ថា ដៃ​យើង​បាន​ឈ្នះ​ទេ មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ការ​ទាំង​នេះ​ឡើយ

28. ដ្បិត​គេ​ជា​សាសន៍​ដែល​ឥត​មាន​សេចក្ដី​ដំបូន្មាន គេ​គ្មាន​យោបល់​នៅ​ក្នុង​ខ្លួន​សោះ។

29. ឱ​បើ​គេ​មាន​ប្រាជ្ញា ហើយ​បាន​យល់​សេចក្ដី​នេះ ឱ​បើ​គេ​នឹង​ពិចារណា​ពី​ចុង​បំផុត​របស់​គេ​ទៅ​អេះ

30. ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​តែ​ម្នាក់​ដេញ​ដល់​១​ពាន់​នាក់ ឬ​២​នាក់​ធ្វើ​ឲ្យ​១​ម៉ឺន​នាក់​រត់​ទៅ​បាន លើក​តែ​ព្រះ​ដ៏​ជា​ថ្មដា​របស់​ពួក​នោះ​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ​ទៅ​ប៉ុណ្ណោះ

31. ដ្បិត​ថ្មដា​របស់​គេ មិន​ដូច​ជា​ថ្មដា​របស់​យើង​នោះ​ទេ គឺ​ជា​ពួក​ខ្មាំង​សត្រូវ​នឹង​យើង ដែល​ធ្វើ​បន្ទាល់​ថា​ដូច្នោះ​ផង

32. ដ្បិត​គល់​របស់​គេ គឺ​ជា​គល់​របស់​ក្រុង​សូដុំម ហើយ​ក៏​មក​ពី​ចំការ​របស់​ក្រុង​កូម៉ូរ៉ា ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ផ្លែ​មាន​រស​ពុល ចង្កោម​គេ​ក៏​ជូរ​ចត់​ដែរ

33. ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមាន​ផង

34. នេះ​តើ​មិន​មែន​ដាក់​ទុក​នឹង​អញ​ព្រម​ទាំង​បិទ​ត្រា នៅ​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​អញ​ទេ​ឬ​អី

35. គឺ​សេចក្ដី​សង‌សឹក និង​សេចក្ដី​សង​គុណ នោះ​ស្រេច​នៅ​អញក្នុង​កាល​ដែល​ជើង​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ នោះ​ជិត​មក​ដល់ ហើយ​ការ​ដែល​ត្រូវ​មក​លើ​គេ​ក៏​មក​ជា​ឆាប់​ផង

36. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​សេចក្ដី​ឲ្យ​រាស្ត្រ​ទ្រង់​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បំរើ​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ទត​ឃើញ​ថា កំឡាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង

37. នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ព្រះ​របស់​គេ គឺ​ជា​ថ្មដា​នោះ ដែល​គេ​បាន​យក​ជា​ទី​ពឹង តើ​នៅ​ឯ​ណា

38. ជា​ព្រះ​ដែល​បាន​ទទួល​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​គេ ព្រម​ទាំង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នៃ​ដង្វាយ​ច្រួច​របស់​គេ ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​ឯង​ចុះ ហើយ​ការ‌ពារ​ឯង​ទៅ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 32