គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 31:6-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដូច្នេះ​ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្ដី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ។

7. ម៉ូសេ​ក៏​ហៅ​យ៉ូស្វេ​មក ប្រាប់​នៅ​ចំពោះ​មុខ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​មាន​កំឡាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ត្រូវ​ឲ្យ​ឯង​ទៅ​ជា​មួយ​នឹង​បណ្តា‌ជន​ទាំង​នេះ ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​ដល់​គេ ហើយ​ត្រូវ​ឲ្យ​គេ​បាន​ស្រុក​នោះ ទុក​ជា​មរដក

8. គឺ​ព្រះ‌យេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ។

9. ម៉ូសេ​ក៏​កត់​ក្រឹត្យ‌វិន័យ​នេះ ប្រគល់​ឲ្យ​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ហើយ​ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ផង

10. រួច​លោក​បង្គាប់​ទៅ​គេ​ថា លុះ​ដល់​ផុត​រាល់​តែ​៧​ឆ្នាំ គឺ​ក្នុង​ពេល​កំណត់​នៅ​ឆ្នាំ​ដែល​ដោះ​លែង នៅ​វេលា​បុណ្យ​បារាំ

11. កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​លេច​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស​ហើយ នោះ​ត្រូវ​ឲ្យ​មើល​ក្រឹត្យ‌វិន័យ​នេះ នៅ​ចំពោះ​មុខ​គេ ឲ្យ​បាន​ស្តាប់​ទាំង​អស់​គ្នា

12. ត្រូវ​ឲ្យ​ប្រមូល​បណ្តា‌ជន​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​នឹង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក ដើម្បី​ឲ្យ​គេ​ស្តាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត្ន និង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 31